Cambodia

មេដឹកនាំវៀតណាម សរសើរមេដឹកនាំខ្មែរ ក្នុងការបង្កើតច្បាប់ព្រំដែនរវាងកម្ពុជា-វៀតណាម ថាពិតជាមានផលប្រយោជន៍

នាយករដ្ឋមន្ត្រីនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមលោក ង្វៀន សួនហ្វុក បានអបអរសាទរ និងសរសើរនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាដែលបានជុំរុញឲ្យមានសន្ធិសញ្ញានានា ព្រមទាំងច្បាប់ពិធីសា ខណ្ឌសីមា និងបោះបង្គោលព្រំដែន រវាង កម្ពុជា-វៀតណាម ដំណើរការបានដោយជោគជ័យ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ របស់កម្ពុជា បានបញ្ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីខ្លឹមសារកិច្ចសន្ទនាតាមប្រព័ន្ធវីដេអូ រវាងប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន និង លោក ង្វៀន សួនហ្វុក កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ថាលោក ហ៊ុន សែន និងលោក ង្វៀន សួនហ្វុក បានអបអរសាទរចំពោះការផ្តល់សច្ចាប័នលើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩ លើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ ឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ព្រមទាំងទទួលស្គាល់ការបោះបង្គោលព្រំដែនគោក ៨៤% កន្លងមក រវាងកម្ពុជា-វៀតណាមកាលពីឆ្នាំ២០១៩ទៀតផង។

ជាងនេះទៀត លោក ហ៊ុន សែន យល់ព្រមនឹងសំណើរ រដ្ឋាភិបាលវៀតណាម ថានឹងពន្លឿន នីតិវិធីដើម្បីផ្លាស់ប្តូរលិខិតូបករណ៍ លើការផ្តល់សច្ចាប័ននៃការផ្តល់សន្ធិសញ្ញាបំពេញបន្ថែម និងពិធីសារឆ្នាំ២០១៩ ឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ក្នុងនោះនាយករដ្ឋមន្ត្រីវៀតណាម បានបញ្ជាក់ផងដែរថា ការផ្លាស់ប្តូរផែនទីឋានលេខាព្រំដែនរវាងកម្ពុជា-វៀតណាមជាកិច្ចការចំបាច់បំផុត។

យ៉ាងណាក៏ដោយ រដ្ឋាភិបាលរដ្ឋការក្រុងហាណូយ លោក ង្វៀន សួនហ្វុក និងរដ្ឋាភិបាលក្រុងភ្នំពេញលោក ហ៊ុន សែន បានប្តេជ្ញាចិត្តយ៉ាងមោះមុត ដើម្បីដោះស្រាយកំណាត់ព្រំដែន ដែលនៅសេសសល់ចំនួន១៦%ទៀត ដើម្បីប្រែក្លាយព្រំដែនកម្ពុជា-វៀតណាមជាព្រំដែនសន្តិភាព ស្ថេរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

ការអះអាងនេះធ្វើឡើងក្នុងកិច្ចសន្ទនាតាមប្រព័ន្ធវីដេអូ រវាងប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន និង លោក ង្វៀន សួនហ្វុក នាយករដ្ឋមន្ត្រីនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ម្សិលម៉ិញនេះ។

ទាក់ទិននឹងបញ្ហានេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានប្រាប់ The Cambodia Daily នៅថ្ងៃនេះថា លោក ហ៊ុន សែន គួរតែលើកឡើងពីការរំលោភដែនអធិបតេយ្យរបស់វៀតណាមមកលើកម្ពុជាកន្លងមក និងកាឈ្លានពានព្រំដែនកម្ពុជាក្នុងពេលថ្មីៗនេះ។

លោកបានថ្កោលទោសរដ្ឋាភិបាលកម្ពុជាដែលព្រងើយកន្តើយមិនអនុវត្តតាមរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិនានា ក្នុងនោះមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ផងដែរ ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។

ផ្ទុយទៅវិញលោក ហ៊ុន សែន បានធ្វើច្បាប់ឲ្យបរទេសឈ្លានពានមួយនេះរំលោភអធិបតេយ្យកម្ពុជា ជាបន្តបន្ទាប់ រហូតដល់បច្ចុប្បន្ន។

កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ កន្លងទៅ លោក ហ៊ុន សែន បានអួត ថា ក្រោមការបង្កើតខ្សែបន្ទាត់ព្រំដែនថ្មីដោយប្រើផែនទីខ្នាត/២៥.០០០ នេះ កម្ពុជាចំណេញដីពីខាងភាគីវៀតណាមដល់ទៅ ២០០០ ហិកតា ឯណោះ។

លោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្ត្រីវៀតណាម និងលោក ហ៊ុន សែន បានចុះហត្ថលេខា កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ កន្លងទៅ ទទួលស្គាល់បង្គោលព្រំដែនប្រទេសទាំងពីរដែលសម្រេចបានចំនួន ៨៤ ភាគរយ និងនៅសល់១៦ភាគរយទៀតជាចំណុចមិនទាន់ឯកភាពគ្នានៅឡើយ។

ក្រុមអ្នកឃ្លាំមើលសង្គម ព្រមានថាកម្ពុជានឹងត្រូវរលាយបាត់ពីផែនទីពិភពលោកទៅថ្ងៃអនាគតមិនខានឡើយ ត្បិតកម្ពុជាមិនត្រឹមតែរងនូវវិបត្តិខ្សែព្រំដែនមិនរឹងមាំប៉ុណ្ណោះទេ ថែមទាំងប្រឈមនឹងការបាត់ប្រទេសទាំងមូលថែមទៀតផង ព្រោះ លោក ហ៊ុន សែន ប្រឹងលុបដានប្រវត្តិសាស្ត្រព្រំដែន កម្ពុជា-វៀតណាម ដែលខ្លួនបានឃុបឃិតដើម្បីលួចបង្កើតខ្សែបន្ទាត់ព្រំដែនថ្មី ដោយរំលោភបំពានលើខ្លឹមសាររដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។

កម្ពុជា-វៀតណាម មានព្រំដែនគោករួមគ្នាប្រវែង១២៧០គីឡូម៉ែត្រ ដោយភាគីទាំងពីរបានព្រមព្រៀងគ្នាបោះបង្គោលសរុបចំនួន ៣១៤ បង្គោល រួចរាល់ហើយ៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

Football news:

Playing on artificial turf is not football. Koeman before the game with Cornell of the 3rd division
The Premier League voted to introduce two substitutions due to concussions
Klopp on 0:0 with Manchester United: Not a disaster, not ideal. There are a lot of good things in the Liverpool game, but no one cares
Ronald Koeman: I hope Messi's suspension will be reduced. I think there is something to challenge
Arsenal have terminated their contract with Sokratis
Miranchuk will make his debut for Atalanta in the Serie A match against Udinese. He came on as a substitute 9 times
Rummenigge on the Euro: UEFA President thinks it would be wiser to host the tournament in one country