Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

មហាសន្និបាតគណបក្សប្រជាជនកម្ពុជាវាយតម្លៃប្រកបដោយមោទនភាពបំផុតចំពោះសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រ

Views: 1

ដោយ៖តារារិទ្ធ(ភ្នំពេញ)មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជារយៈពេល២ថ្ងៃបានបិទបញ្ចប់ហើយនៅល្ងាចថ្ងៃទី២៩ ខែមករាឆ្នាំ២០២៣ នេះ ដោយបានវាយតម្លៃប្រកបដោយមោទនភាពបំផុតចំពោះសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រដែលគណបក្សសម្រេចបានក្នុងការបម្រើប្រទេសជាតិនិងប្រជាជនរយៈពេល៤៤ ឆ្នាំកន្លងទៅនេះបន្ទាប់ពីបានផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

នៅក្នុងសេចក្តីសម្រេចចិត្ត១១ ចំណុចរបស់មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជាបានបង្ហាញថាមហាសន្និបាតបានវាយតម្លៃប្រកបដោយមោទនភាពបំផុតចំពោះសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រដែលគណបក្សសម្រេចបានក្នុងការបម្រើប្រទេសជាតិនិងប្រជាជនរយៈពេល ៤៤ឆ្នាំកន្លងទៅនេះបន្ទាប់ពីបាន ផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី៧ខែមករាឆ្នាំ១៩៧៩។ លើមូលដ្ឋាននេះបានបង្ហាញច្បាស់អំពីការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រដ៏ធំធេងនៃកម្ពុជាក្នុងដំណើរឈាន ទៅមុខឥតឈប់ឈរលើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យនិងអភិវឌ្ឍន៍ដែលកើតចេញពីការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា,ពីការចូលរួមរបស់ប្រជាជនគ្រប់ មជ្ឈដ្ឋាន គ្រប់ជនជាតិ គ្រប់ជំនឿសាសនា ដោយទឹកចិត្ដស្នេហាជាតិដ៏ជ្រាលជ្រៅ ,ពីការខិតខំរបស់គ្រប់ក្រសួងស្ថាប័នរដ្ឋនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់,ពីការចូលរួមនៃវិស័យ ឯកជន សង្គមស៊ីវិលនិងមជ្ឈដ្ឋានផ្សេងៗទៀត ព្រមទាំងការគាំទ្រនិងជួយឧបត្ថម្ភដ៏ស្មោះសរពីសំណាក់បណ្តាប្រទេសជាមិត្តជិតឆ្ងាយនិងសហគមន៍អន្តរជាតិ។

មហាសន្និបាតកត់សំគាល់ថា៖ដោយឡែកក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ សន្តិភាព ស្ថិរភាពនយោបាយត្រូវបានថែរក្សាយ៉ាងគត់មត់,លទ្ធិប្រជាធិបតេយ្យបានបន្តចាក់ឫស កាន់តែជ្រៅក្នុងសង្គមជាតិ,ការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ដ៏កាចសាហាវត្រូវបានគ្រប់គ្រងដោយជោគជ័យការពារបាននូវអាយុជីវិតប្រជាជនដែលជាសមិទ្ធផលធំជាប្រវត្តិសាស្ត្រ,ដំណើរការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចបានសម្រេចលទ្ធផលថ្មីៗទៀតឯជីវភាពប្រជាជនរក្សាបានលំនឹងនិងត្រូវ បានលើកកម្ពស់ជាលំដាប់ព្រមជាមួយនោះកិត្យានុភាពរបស់កម្ពុជាកាន់តែបានលើកកម្ពស់លើឆាកអន្តរជាតិស្របពេលដែលកម្ពុជាបានបំពេញតួនាទីជាប្រធានប្តូរវេនរបស់អាស៊ានប្រកបដោយជោគជ័យ។

គួរបញ្ជាក់ថាមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សកាន់អំណាចបានដំណើរការនៅថ្ងៃទី២៨និងថ្ងៃទី២៩ខែមករាឆ្នាំ២០២៣នៅវិមាន ៧មករា រាជធានីភ្នំពេញក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ,សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស គណបក្ស, សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស ,សម្តេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធានគណបក្ស, សម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្ស, លោកជំទាវកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សនិងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល ។ តំណាងដែលបានអញ្ជើញចូលរួមមហាសន្និបាតរួមមានសមាជិកសមាជិកានៃគណៈកម្មាធិការ កណ្តាល, មន្ត្រីគណបក្សជាសមាជិក សមាជិកាន រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិ បាល,មន្ត្រីជាន់ខ្ពស់និងតំណាងនៃគណៈកម្មាធិការគណបក្សក្រសួងស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ព្រមទាំងបណ្តាអង្គការមហាជនរបស់គណបក្ស ដែលមានចំនួនសរុប ៣ ៥៥៨ រូប ៕

Post navigation