Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

មន្ត្រីអង្គការសហប្រជាជាតិចុះពិនិត្យមើលផ្ទាល់សកម្មភាពទ័ពមួកខៀវកម្ពុជាហ្វឹកហ្វឺនស្ពានបណ្តែតទឹក

Views: 1

ដោយៈយោធិន/កំពង់ស្ពឺៈ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ លោកស្រី អេមី វេសស្ន័ ( Amy Weesner) មន្ត្រីអង្គការសហប្រជាជាតិ អញ្ជើញចុះទៅពិនិត្យមើលដោយផ្ទាល់សកម្មភាពកងកម្លាំងមួកខៀវកម្ពុជា ដែលបាននិងកំពុងធ្វើការហ្វឹកហ្វឺនលើជំនាញបច្ចេកទេសប្រើប្រាស់ស្ពានបណ្តែតទឹកក្រោមការគបង្វឹកយ៉ាងសកម្មពីសំណាក់គ្រូជំនាញចិន បន្ទាប់ពីលោកស្រីបានជួបសម្តែងការគួសម និងពិភាក្សាការងារ ជាមួយ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នៅទីស្តីការមជ្ឈមណ្ឌលជាតិ នៅរាជធានីភ្នំពេញនាថ្ងៃដដែលនេះ។


លោកស្រី បានវាយតម្លៃខ្ពស់និងកោតសរសើរ ចំពោះការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលនិងកងទ័ពកម្ពុជា ក្នុងការរួមចំណែកចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព ជូនមនុស្សជាតិក្នុងសកល។
ជម្រាបជូនដល់មន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិនៅទីតាំងហ្វឹកហ្វឺនជំនាញប្រើប្រាស់ស្ពានបណ្តែតទឹក ឧត្តមសេនីយ៍ទោ លី វណ្ណារ៉ា អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានបញ្ជាក់ដឹងថាៈ វគ្គហ្វឹកហ្វឺននេះដំណើរការប្រព្រត្តឹទៅរយៈពេល២២ថ្ងៃ ដោយសិក្ខាកាមចុះហ្វឹកហាត់ផ្ទាល់នៅលើផ្ទៃទឹកបឹង និងផ្ទៃទឹកទន្លេជាកំហិត។

ដោយឡែកនៅសប្តាហ៍ក្រោយនេះ សិក្ខាកាម នឹងចុះទៅអនុវត្តផ្ទាល់នៅលើផ្ទៃទឹកទន្លេសាបដើម្បីឱ្យមានភាពប្រកត់ច្បាស់នូវចំណេះដឹងនៃការប្រើប្រាស់ស្ពានបណ្តែតទឹកនេះក្នុងស្ថានភាពចរន្តទឹកហូរខ្លាំង។
សូមបញ្ជាក់ថាៈ មធ្យោបាយ សម្ភារៈ រួមមានៈរថយន្ត គ្រឿងចក្រ គ្រឿងបំពាក់ស្ពានបណ្តែតទឹក និងកងកម្លាំងក្នុងកងឯកភាពស្ពានបណ្តែតទឹកស្រមតាមតម្រូវការរបស់អង្គការសហប្រជាតិ ដែលបានស្នើមកកាន់កម្ពុជាគឺបានត្រៀមលក្ខណៈរួចជាស្រេចសំដៅចូលរួមបំពេញបេសកកម្មសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្រ្វិកកណ្តាលនាពេលខាងមុខ។ នេះបើតាមការលើកឡើងពីឧត្តមសេនីយ៍ទោ លី វណ្ណារ៉ា អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព៕/PC

Post navigation