ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍រយៈពេល ២១១ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី២៧ ខែវិច្ឆិកា បានកើតឡើងចំនួន ១.៧៣៤លើក បណ្តាលឲ្យស្លាប់មនុស្សចំនួន ៨៧៤នាក់ របួសចំនួន ២.៦៣៩នាក់ ក្នុងនោះរបួសធ្ងន់ ១.៥៩២នាក់។រីឯគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី២៧ ខែវិច្ឆិកាកើតឡើងចំនួនបីលើក ស្លាប់មួយនាក់ របួសប្រាំមួយនាក់ (របួសធ្ងន់ ៥នាក់ និងស្រាល ១នាក់)។ នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា សម្រាប់លទ្ធផលរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក តាមស្មារតីអនុក្រឹត្យលេខ៣៩ រយៈពេល ២១១ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី២៧ ខែវិច្ឆិកា យានយន្តដែលត្រូវបានត្រួតពិនិត្យ និងផាកពិន័យ សរុបចំនួន ២២៥.៩០៨គ្រឿង ក្នុងនោះម៉ូតូមានចំនួន ១៦៦.៨៧៧គ្រឿង និងរថយន្តចំនួន ៥៩.០៣១គ្រឿង។
ប្រភពដដែលបានបញ្ជាក់ថា បទល្មើសភាគច្រើនសម្រាប់ម៉ូតូ និងរថយន្ត គឺអត់ពាក់មួកសុវត្ថិភាព ល្មើសសញ្ញា បត់ជែង លើសចំណុះ ស្រវឹង អត់ផ្លាកលេខ ល្មើសល្បឿន អត់ប័ណ្ណបើកបរ អត់ខ្សែក្រវាត់ គ្មានស្លាកលេខនិងនិយាយទូរស័ព្ទពេលបើកបរ៕

