Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

នៅពុំទាន់មានភាពច្បាស់លាស់លើការនាំចេញសត្វស្វាឡើងវិញ ក្រោយមន្ត្រីកម្ពុជារងការចោទប្រកាន់

ក្រុមហ៊ុន​ជួញ​ដូរ​សត្វស្វាមួយ​របស់​អាមេរិក បាន​ឱ្យដឹង​ថា ករណី​ចោទ​ប្រកាន់​ពីបទ​ជួញ​ដូរ​សត្វ​ព្រៃដោយ​ខុស​ច្បាប់​លើមន្ត្រីកម្ពុជា បានបណ្តាលឱ្យមានការពន្យារពេលក្នុង​ការ​នាំចេញ​សត្វ​ស្វាក្ដាម​ ខណៈ​ក្រសួងកសិកម្ម ក៏មិនទាន់មានការបញ្ជាក់ច្បាស់លាស់ណាមួយ​ ថាតើខ្លួនកំពុង​ចាត់​វិធាន​ការបន្ថែម​ទៀ​តលើ​ករណី​នេះ​ ឬយ៉ាង​ណា​នោះ​ទេ ស្រប​​​ពេលដែលអាជីវកម្មមួយនេះហាក់ចាប់​ផ្តើម​ឡើង​វិញ។

តុលាការសហព័ន្ធមួយរបស់អាមេរិក កាលពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំមុន បាន​ចោទ​ប្រកាន់​មន្ត្រីក្រសួង​កសិកម្មកម្ពុជា​ចំនួន ២រូប ក្នុង​នោះមានលោក គ្រី ម៉ះផល និង​លោក កែវ អូម៉ាលីស ពី​បទ​ «រត់​ពន្ធសត្វ​ព្រៃ» បន្ទាប់​ពីពួកគេត្រូវបានរកឃើញថា បានជួយសម្រួលដល់ក្រុមហ៊ុន វ៉ាន់នី បាយអូ រីស៊ើច (Vanny Bio-Research) ដើម្បីនាំចេញសត្វស្វាក្ដាមដែលចាប់បាន​ពីព្រៃ​ ដោយ​បំពាន​ច្បាប់​ជួញ​ដូរអន្តរជាតិ។

ជាមួយគ្នានេះ ប្រធាន​នាយកដ្ឋាន​​សត្វព្រៃ និង​ជីវចម្រុះ ​នៃ​រដ្ឋបាល​ព្រៃឈើ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា លោក គ្រី ម៉ះផល ក៏ត្រូវ​​បាន​ចាប់ខ្លួនក្នុងពេលនោះផងដែរ ​​នៅអាកាសយានដ្ឋានអន្តរជាតិ ចន អេហ្វ កេណ្ណេឌី (John F. Kennedy) ក្នុងរដ្ឋញូវយ៉ក សហរដ្ឋអាមេរិក ប៉ុន្តែរូបលោកត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ដោយស្ថិតនៅ​ក្រោម​ការ​ឃ្លាំមើល​តាម​ប្រព័ន្ធ​ GPS វិញ កាលពីចុងខែធ្នូ កន្លងទៅ។​

យោងតាម​ទិន្នន័យ​ពាណិជ្ជកម្ម​របស់​អាមេរិក បានឱ្យដឹងថា ប្រទេសនេះបាន​នាំ​ចូល​សត្វ​ស្វា​ជាង ១០តោន​ ​តាម​ផ្លូវ​អាកាស​ក្នុង​ខែ​វិច្ឆិកា ឆ្នាំមុន ​ពី​ប្រទេស​កម្ពុជា ឬប្រមាណ ១៦៣តោន​​ ដែល​​មាន​​តម្លៃ ២០៣​លាន​​ដុល្លារ​​ សម្រាប់រយៈពេលពេញមួយ​ឆ្នាំ គិតត្រឹមខែ​វិច្ឆិកា ​ឆ្នាំមុន​នេះ ខណៈកម្ពុជា គឺ​ជាប្រទេស​ផ្គត់​ផ្គង់​សត្វស្វាដ៏ធំបំផុត​របស់​សហរដ្ឋអាមេរិក ដែលប្រើប្រាស់សម្រា​ប់គោលដៅវេជ្ជសាស្ត្រ។

កាល​ពី​ដើម​ខែ​​ធ្នូ​កន្លងទៅ ក្រុមហ៊ុនជួញដូរសត្វស្វាសម្រា​ប់គោលដៅវេជ្ជសាស្ត្រមួយរបស់អាមេរិក ក៏បាន​ឱ្យដឹង​ដែរ​ថា ការផ្គត់ផ្គង់សត្វស្វារបស់ខ្លួន​ពីកម្ពុជាត្រូវ​បាន​បញ្ឈប់ បន្ទាប់ពីសហរដ្ឋអាមេរិកបានចោទ​ប្រកាន់​ក្រុមហ៊ុ​នផ្គ​ត់​ផ្គង់​កម្ពុជា​មួយ​ ពីបទ «ជួញដូរសត្វស្វាព្រៃដោយខុស​ច្បាប់»

ទោះជាយ៉ាងណា ក្រសួង​កសិកម្ម នៅពេលនោះ បានអះអាងថា ការ​នាំ​ចេញ គឺ​មិន​ត្រូវ​បាន​បញ្ឈប់នោះទេ។

ទាក់ទិននឹងករណីនេះ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា មិន​បាន​ឆ្លើយ​តបនឹងសំណួរ​ថា​តើ​ក្រសួងមាន​ការ​រឹត​បន្តឹង ឬ​វិធានការអ្វីបន្ថែមទៀតនោះទេ ខណៈ​ការ​ដឹក​ជញ្ជូនហាក់កំពុង​បន្តធ្វើឡើងវិញ​។

ក្រុមហ៊ុនជួញដូរសត្វស្វាមួយទៀតរបស់អាមេរិក Charles River Laboratories បានឱ្យដឹងតាមរយៈអ៊ីម៉ែលថា ខ្លួនបានជួបប្រទះនឹងការពន្យារពេលក្នុងការដឹកជញ្ជូនសត្វស្វាកម្ពុជា ប៉ុន្តែខ្លួនជឿជាក់ថា ការដឹកជញ្ជូន​ជាសកល​មិន​មាន​ការ​ផ្អាក​នោះទេ។

ក្រុមហ៊ុននេះ​បន្តថា៖ «ខណៈពេលដែលសកម្មភាពនៃការផ្គត់ផ្គង់​សត្វស្វាកម្ពុជា​ស្ថិតក្នុងការប្រែប្រួល ក្រុមហ៊ុននៅតែបន្តធ្វើកិច្ចការងារ ដើម្បីកាត់បន្ថយផលប៉ះពាល់ដែលអាចកើតមានឡើងណាមួយ»។

បុរស​ម្នាក់​ដែល​បាន​លើក​លេខ​​ទូរសព្ទរបស់​លោក James Mansang Lau ដែលជា​ប្រធាន​ក្រុមហ៊ុន វ៉ាន់នី បាយអូ រីស៊ើច ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​​កាលពី​ថ្ងៃ​អង្គារ៕

បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ No Clarity on Monkey Exports Restart after Smuggling Charges