Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ងួន​ ខេន​៖​ខ្មែរក្រហម​បាន​អូសទាញ​និង​តិះដៀល​ថា​យើង​ជា​មនុស្ស​កំសាកញី​ប្រសិនបើ​មិន​ចូលរួម​ជាមួយ​ចលនា​តស៊ូ

Views: 3

ដោយៈ សួត វិចិត្រ​/​ភ្នំពេញ​៖​ខ្ញុំ​ឈ្មោះ ងួន ខេន អាយុ​៦៣​ឆ្នាំមាន​ទីកន្លែង​កំណើត​នៅ​ស្រុក​ស្ទោង ខេត្ដ​កំពង់ធំ​។ បច្ចុប្បន្ន​ខ្ញុំ​រស់នៅ​ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ដ​ឧត្ដរមានជ័យ​។

​នៅ​ជំនាន់​ខ្មែរក្រហម​ខ្ញុំ​ធ្លាប់​ធ្វើជា​កងទ័ព​និង​កងចល័ត​។​ខ្ញុំ​ចូល​បម្រើ​ជា​កងទ័ព​ខ្មែរក្រហម​នៅក្នុង​ឆ្នាំ​១៩៧១ នៅពេលដែល​ប្រជាជន​នៅក្នុង​ឃុំ​របស់ខ្ញុំ​ចាប់ផ្ដើម​ចលាចល ក្រោយ លន់ នល់​ធ្វើ​រដ្ឋប្រហារ ទម្លាក់​សម្ដេចព្រះ ន​រោ​ត្ដម សីហនុ ចេញពី​តំណែង​ព្រះប្រមុខរដ្ឋ​។​

យុវជន​-​យុវនារី​ភាគច្រើន​នៅក្នុង​ឃុំ​របស់ខ្ញុំ​បាន​ចូលរួម​នៅក្នុង​ចលនា​នេះហើយ​មនុស្ស​តិចតួច​បំផុត​ដែល​មិន​ចូលរួម​។​

ងួន ខេន នៅផ្ទះ​របស់គាត់​នៅ​ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​(​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​ខ្មែរក្រហម​បាន​អូសទាញ និង​តិះដៀល​ថា​យើង​ជា​មនុស្ស​កំសាកញី និង​អន់​ជាង​នារី​ទៅទៀត បើកាលណា​មិន​ចូលរួម​ក្នុង​ចលនា​តស៊ូ​របស់ខ្លួន​។​ស្ថានភាព​បែបនេះ​បង្ខំ​ឱ្យ​ខ្ញុំ​និង​យុវជន​ផ្សេងទៀត​ក្នុងភូមិ​នាំគ្នា​ចូលរួម​ទៅក្នុង​ចលនា​ខ្មែរក្រហម​។ ភ្លាមៗ​បន្ទាប់ពី​ចូលទៅក្នុង​ចលនា​នេះ យុវជន​ម្នាក់ៗ​មិន​ទទួលបាន​ការបង្ហាត់បង្រៀន​អំពី​យុទ្ធសាស្ដ្រ​កងទ័ព​និង​សូម្បីតែ​ការហាត់​បាញ់កាំភ្លើង​។ ខ្ញុំ​បាន​តស៊ូ​និង​វាយ​ប្រយុទ្ធ​តទល់​ជាមួយនឹង​ទាហាន លន់ នល់ នៅក្នុង​សមរភូមិ​ខេត្ដ​កំពង់ធំ ក្រោម​ការគ្រប់គ្រង​រប​ស់ ឆន មេបញ្ជាការ តំបន់​៤០៥ អស់​រយៈពេល​ពីរ​ឆ្នាំ​។

​ក្រោយមក​ខ្ញុំ​ត្រូវ​ផ្លាស់​ទៅ​ឈរជើង​នៅ​ខេត្ដ​កំពង់ចាម​បន្ទាប់ពី​យោធា​ខ្មែរក្រហម​ទទួល​ជ័យជម្នះ​ទាំងស្រុង​នៅក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃទី​១៧​ខែមេសា​ឆ្នាំ​១៩៧៥​កម្លាំង​របស់ខ្ញុំ​ត្រូវបាន​ថ្នាក់លើ​រំសាយ​ចេញពី​អង្គភាព​ទ័ព​ហើយ​បញ្ជូន​ទៅធ្វើ​ការងារ​បង្ក​បង្កើន​ផល​ស្រូវ​ដូច​ប្រជាជន​ផ្សេងទៀត​នៅក្នុង​តំបន់​នោះដែរ​។ ការងារ​របស់ខ្ញុំ​មមាញឹក​ខ្លាំងណាស់ ហើយ​ការហូបចុក​មិនមាន​ភាពប្រសើរ​ឡើយ​។

​ចុងភៅ​បាន​បបរ​ដើម​ចេក​និង​គល់​ល្ហុង​ឲ្យ​យើង​ហូប​ដោយ​ក្នុង​ម្នាក់​ទទួលបាន​បបរ​មួយ​ចាន​ក្នុង​មួយពេល​។​គ្មាន​ប្រជា​ជនណាម្នាក់​ហ៊ាន​រអ៊ូរទាំ​និង​ប្រកែក​តវ៉ា​ឡើយ​។​មិ​ត្ដៗ​នៅក្នុង​ក្រុម​បាននាំគ្នា​ទៅ​រើស​ផ្លែ​ត្នោត​ទុំ​មក​ហូប​ប៉ុន្ដែ​ដោយសារ​មិនសូវមាន​ត្នោត​ទុំ​ជ្រុះ​មក​ច្រើន​ទើប​មិ​ត្ដៗ​ទាំងនោះ​ឆ្លាស់គ្នា​ជញ្ជក់​ផ្លែ​ត្នោត​ដែល​រើស​បាន​ម្នាក់​ម្ដងៗ​។

​ភាពអត់ឃ្លាន​បែបនេះ​បាន​បណ្ដាល​ឲ្យ​ប្រជាជន​មួយចំនួន​មាន​សភាព​ស្គមស្គាំង និង​មិនសូវមាន​កម្លាំង​ធ្វើការ​ងារ​ឡើយ​។ ប្រជាជន​ភាគច្រើន​ដួលសន្លប់​ពេល​កំពុងធ្វើការ ហើយ​ត្រូវ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​ជា​បន្ដបន្ទាប់​។ មិន​ត្រឹមតែ​ភាពអត់ឃ្លាន​ប៉ុណ្ណោះ​ទេ ខ្ញុំ​ឃើញ​មានការ​កត់​ប្រ​វ​ត្ដិ​រូប​និង​យក​មនុស្ស​ទៅ​រៀនសូត្រ​ទៀតផង​។​
​ខ្ញុំ​ធ្វើការ​នៅ​ទីនោះ​រហូត​កងទ័ព​វៀតណាម​វាយ​ចូលមក​នៅ​ដើមឆ្នាំ​១៩៧៩ ទើប​ខ្ញុំ​ផ្លាស់​មក​រស់នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​រហូតមកដល់​សព្វថ្ងៃ​៕​សរន​


ងួន ខេន ផ្តល់​បទសម្ភាសន៍​អំពី​រឿងរ៉ាវ​ក្នុង​របប​ខ្មែរក្រហម​ដល់​ក្រុមការងារ​មជ្ឈមណ្ឌល​ស​ន្តិ​ភាព​អន្លង់វែង នៅ​អំឡុងពេល​ចូលរួម​វេទិកា​ប្រវត្តិសាស្ត្រ​គ្រួសារ នៅ​ខែកញ្ញា ឆ្នាំ​២០២២ ។ (​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

Post navigation