Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

និស្សិត​តាម​សាកល​វិទ្យាល័យ​ក្នុង​រាជធានីភ្នំពេញ​មួយចំនួន​ចងក្រង​ជាក្រុម​ដើម្បី​សម្អាត​បរិស្ថាន

ក្រុមនិស្សិតដែលកំពុងសិក្សានៅតាមសាកលវិទ្យាល័យមួយចំនួនក្នុងរាជធានីភ្នំពេញ បានប្រមូលផ្ដុំចងក្រងគ្នាជាក្រុម ដើម្បីសម្អាតបរិស្ថាននៅតាមទីសាធារណៈ និងបណ្ដុះស្មារតីប្រជាពលរដ្ឋឱ្យ​ស្រ​​ឡាញ់បរិស្ថាន ដោយចេះបែងចែកទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។

ស្ថាបនិកក្រុមនិស្សិតប្លាស្ទិក លោក ហែម សុភេម វ័យ២១ឆ្នាំ កំពុងសិក្សាឆ្នាំទី៣ នៅសាកលវិទ្យាល័យឯកជនមួយក្នុងរាជធានីភ្នំពេញ បានឱ្យដឹងថា លោកចាប់ផ្ដើមបង្កើតក្រុមនិស្សិតប្លាស្ទិកនេះឡើ​ង កាលពីខែមិថុនា ឆ្នាំ​២០២២។ លោកសង្កេតឃើញថា ករណីសំរាមនៅតែជាបញ្ហាប្រឈមមួយក្នុងសង្គមកម្ពុជា ដែលមិនទាន់អាចដោះស្រាយឱ្យបានល្អប្រសើរនៅឡើយទេ។

ដោយមើលឃើញពីបញ្ហានេះ លោកចង់បណ្ដុះស្មារតីពលរដ្ឋឱ្យចេះស្រឡាញ់ និងសម្អាតបរិស្ថានឱ្យ​​បានត្រឹមត្រូវ ជាពិសេសទុកដាក់សំរាមឱ្យបានល្អ ដោយផ្ដើមចេញពីសិស្សានុសិស្ស ទាំងនៅតា​មសាលារដ្ឋ និងឯ​​ក​ជនជាមុន។

លោកបន្តថា៖ «យើងជានិស្សិត ហើយរៀនដល់និស្សិតហើយនៅតែបោះចោល យើងមើលឃើញក​​ន្លែ​​ងហ្នឹង! ទម្រាំតែគ្នាអត់បានរៀនទៀត តើគ្នាគិតម៉េច? ឆ្នាំទី៣ ទី៤ហើយ អ្នកខ្លះញ៉ាំហើយបោះចោល»។

បើតាមលោក ហែម សុភេម ការកៀរគរក្រុមយុវជនជានិស្សិតនេះ គឺធ្វើឡើងតាមរយៈបណ្ដាញ​​ស​​ង្គ​ម ដោយបច្ចុប្បន្ននេះមានសមាជិកជិត១០០នាក់ហើយ ស្ម័គ្រចិត្តចូលរួមនៅ​ក្នុងយុទ្ធនា​​ការ​​នេះ​​​។ លោកបន្តថា សកម្មភាពដែលក្រុមយុវជន​​តែងតែធ្វើ គឺនៅរៀងរាល់ចុងសប្ដាហ៍​​។ ចំពោះទីតាំង​​ដែ​​​ល​​​​​ត្រូវសម្អាតវិញមានដូចជា សួនច្បារមុខព្រះបរមរាជវាំង សួនច្បារមាត់ទន្លេត្រើយខាងកើត និ​ង​​​​​នៅតំបន់បឹងកក់ ជាដើម។

ទំព័រហ្វេសបុកផ្លូវការរបស់ក្រុមនិស្សិតប្លាស្ទិក ដែលមានឈ្មោះថា ‌«និស្សិតប្លាស្ទិក Nisset Pl​a​s​t​i​c» តាមរយៈវីដេអូជិត១នាទីរបស់ខ្លួនដែលផ្សព្វផ្សាយកាលពីថ្ងៃទី១១ ខែវិច្ឆិកា កន្លងទៅ បានប​​ង្ហា​​ញពីសកម្មភាពរបស់យុវជន ហែម សុភេម រើសសំរាមប្លាស្ទិកដែលនៅរាយប៉ាយតាមទីសាធា​​រណៈ មានអ្នកទស្សនាប្រមាណ៣០ ០០០នាក់ និងអ្នកចែករំលែកបន្តជាង ៣០០នាក់។

ដោយឡែក​ គេហទំព័រផ្លូវការ​របស់​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ ហៅ​កាត់​ថា UNDP ប្រចាំ​​កម្ពុ​​ជា​វិញ បង្ហាញថា ​ភ្នំពេញ មានថង់​ប្លាស្ទិក​ប្រហែល១០លាន​ថង់ ​ត្រូវ​បាន​ប្រើប្រាស់ជា​ប្រចាំថ្ងៃ។ ចំណែ​​ក​ឯកាកសំណល់កើតចេញពីប្លាស្ទិកនេះវិញ គេ​រក​ឃើញថា​បានបង្កផល​ប៉ះពាល់​ដល់​បរិស្ថាន ​សេដ្ឋកិ​​ច្ច សុខភាព​របស់​មនុស្ស និងអាចបង្កឱ្យ​កើតជា​ជំងឺមហារីក ដូចជាមានពិការភាព​ពី​កំណើត ជំ​ងឺ​រលាក​ពោះវៀន និង​ជំងឺ​ផ្លូវដង្ហើម​ ជាដើម​។

យុជនឈ្មោះ សំ ធូស៊ីដេ ដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញគីមីវិទ្យា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បញ្ជាក់ថា​ ខ្លួនក៏បានចូលរួមក្នុងការសម្អាតបរិស្ថាននេះជាមួយ «ក្រុមនិស្សិតប្លាស្ទិក» នេះ​​​ដែរ។ លោកបន្តថា ការស្ម័គ្រចិត្តនេះ គឺតាមរយៈការទស្សនាពីដំបូងនូវ​​សកម្មភាព​​របស់​​ក្រុម​​យុវ​​ជននៅ​​លើ​បណ្ដាញសង្គម ដែលពួកគេធ្វើឡើងដើម្បី​​ប្រយុទ្ធប្រឆាំងចំពោះ​​ការទុកដាក់​​សំរាម​​មិ​​ន​​​បានត្រឹមត្រូវ។

ប្រភពដដែលបន្តថា ការចូលរួមសម្អាតបរិស្ថាននេះ គឺលោកចង់បង្ហាញពីភាពជាគំរូល្អមួយក្នុងសង្គ​​​​ម ដើម្បីជំរុញឱ្យប្រជាពលរដ្ឋដទៃទៀតចេះគិតគូរពីបញ្ហាសំរាមដែលនឹងក្លាយជាបន្ទុកដ៏ធំនៅក​ម្ពុ​​ជានាពេលអនាគត ប្រសិនបើនៅតែមិនយល់ថាសំរាមជាផលលំបាកទេ។

លោកបន្តថា៖ «ខ្ញុំចូលរួមជាមួយក្រុមនិស្សិតប្លាស្ទិកនេះ ​ដោយសារតែខ្ញុំស្រឡាញ់បរិស្ថាន។ ខ្ញុំចង់ចូ​​ល​​​រួមសកម្មភាពការងារក្នុងសង្គម​ ចង់ចូលរួមជួយសម្អាត[បរិស្ថាន]អ៊ីចឹងទៅ។ មួយទៀត ខ្ញុំចង់ធ្វើជាគំរូដល់អ្នកដទៃ ឱ្យគេយកគំរូតាម»

ឆ្លើយតបរឿងនេះ ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ លោក គាត រង្សី ចាត់ទុកសកម្មភាពរបស់និសិ្សតប្លាស្ទិកនេះថា គឺជាផ្នែកមួយដ៏សំខាន់ដែលបានសហការជាមួយអាជ្ញាធរ ដើម្បីជួយឱ្យ​​រា​ជ​​​ធានីភ្នំពេញមានបរិស្ថានកាន់តែស្អាត។

បើតាមលោក គាត រង្សី ក្នុងនាមមន្ទីរបរិស្ថានរាជធានីភ្នំពេញ គឺតែងតែគាំទ្ររាល់សកម្មភាពស្ម័គ្រចិ​ត្ត​របស់ប្រ​ជា​ពលរដ្ឋទូទៅ ជាពិសេសយុវជន ដែលចូលរួមធ្វើសកម្ម​​ភាពសម្អាតបរិស្ថាននៅទីតាំងសា​​ធារណៈ នាពេលកន្លងមក។ ស្របពេលមានការលើកទឹកចិត្ត ប្រធានមន្ទីរបរិស្ថាន​​រាជធានី​​ភ្នំ​ពេ​ញរូបនេះ ក៏​ចង់ឃើញក្រុមយុវជនស​ហ​​ការល្អជាមួយអាជ្ញាធរមូលដ្ឋាន តាមរយៈ​​ការជូន​ដំ​​ណឹ​ង​​ជាមុនសិន មុននឹងចាប់ផ្តើមធ្វើស​​ក​ម្ម​​​ភាពទាំងនោះ។

លោកបន្តថា៖ «នេះជាសកម្មភាពគំរូមួយ ជាចំណុចដែលយើងតែងតែផ្ដល់ឱកាស និងសហការជា​និច្ចសម្រាប់យុវជនដែលចូលរួមធ្វើបែបនេះ។ ហើយយើងក៏លើកទឹកចិត្តដែរថា បើមានបងប្អូនណាផ្សេងទៀតចង់ចូលរួមសហការសម្អាតបែបនេះ គឺត្រូវសហការជាមួយមន្ទីរបរិស្ថាន ឬអាជ្ញាធរដែនដី»។

របាយការណ៍របស់រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញថា ចាប់តាំងពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០​​២​១ មា​​ន​​​ក្រុមហ៊ុនចំនួន៣ រួមមាន ក្រុមហ៊ុន Cintri (Cambodia), (Everbrigh china) ក្រុមហ៊ុន 800 SU​P​​E​R​/GAEA និងក្រុមហ៊ុន Mizuda Group CO,ltd ទទួលបន្ទុកក្នុងការប្រមូល និង​​​ដឹកជញ្ជូនសំរាមចេញ។

ជាមួយគ្នានេះដែរ របាយការណ៍ដែលចេញដោយក្រសួងបរិស្ថាន ដែលដាក់ចំណងជើង​​ថា «រួម​​គ្នា​​កាត់​បន្ថយប្លាស្ទិក » កាលពីខែធ្នូ ឆ្នាំ២០១៩ ឱ្យដឹងថា ការចោលសំណល់រឹងនៅទីលានចាក់​សំ​រា​ម មានការកើនឡើង៥ដង ចាប់ពី៣១៨ ០០០តោន កាលពីឆ្នាំ២០០៤ ដល់ ១,៧លានតោនក្នុ​ង​​​​​មួយឆ្នាំ នៅឆ្នាំ២០១៨។

របាយការណ៍ដដែលបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ ថង់ប្លាស្ទិកប្រមាណ១០លានថង់កំពុងប្រើ​​ប្រា​ស់​​នៅក្នុងរាជធានីភ្នំពេញ។ ដោយឡែក ប្រជាពលរដ្ឋកម្ពុជាម្នាក់ដែល​​រស់​​នៅក្នុងទីក្រុងនានារប​​ស់​​ប្រទេសកម្ពុជា ត្រូវគេរកឃើញថាបានប្រើប្រាស់ថង់ប្លាស្ទិក២ ០០០ថង់ក្នុងមួយឆ្នាំ​​។ ជាង​​នេះ​​ទៀ​ត បរិមាណប្លាស្ទិកនេះនឹងកើនឡើងរង្វង់ ៨,៣ពាន់លានតោន កា​ល​ពីឆ្នាំ២០១៥ នឹងបន្តកើន​​ឡើង​ដល់ ១២ពាន់លានតោន នៅឆ្នាំ២០៥០ ប្រសិនបើនិន្នា​​កា​រនៃ​​កា​​​រ​ប្រើ​​ប្រាស់ និងទម្លាប់គ្រប់​​គ្រង​​សំណល់ប្លាស្ទិកដូចបច្ចុប្បន្ននៅតែបន្តបែបនេះទៀត។

យ៉ាងនេះក្ដី សម្រាប់មន្រ្តីជាន់ខ្ពស់ផ្នែកតស៊ូមតិ នៃបណ្ដាញយុវជនកម្ពុជា (CYN) លោក សាន់ ម៉ាឡា យល់ឃើញថា យន្តការរបស់រដ្ឋាភិបាលក្នុងការគ្រប់គ្រងសំរាមក្នុងរាជធានីភ្នំពេញ នៅមិនទា​ន់បានល្អប្រសើរនៅឡើយនោះទេ។ លោកបន្តថា បើឥរិយាបថនៃការទុកដាក់​​សំរាម​​មិន​បាន​​ត្រឹម​​ត្រូវ​​​បែបនេះ ក្រៅពីបង្កផលប៉ះពាល់សុខភាពមនុស្សហើយ វានឹងជះឥទ្ធិពលអាក្រក់ទៅដល់សោភ័ណភាពទីក្រុងទាំងមូលថែមទៀតផង។

លោកបន្តថា៖ «បើយើងនិយាយពីទីក្រុងទាំងមូលឃើញថា បញ្ហាសណ្ដាប់ធ្នាប់អនាម័យសំរាមនេះនៅ​បន្តពាសវាលពាស​កាល។ គេយកចិត្តទុកដាក់តែតំបន់គោលដៅទេសចរណ៍ ទីប្រជុំជនធំ​ៗប៉ុ​​ណ្ណោះ ប៉ុន្តែបើនិយាយពីទីក្រុងទាំងមូល គឺមានការខ្វះចន្លោះខ្លាំង»។

ជាមួយគ្នានេះ លោក សាន់ ម៉ាឡា ក៏ជំរុញឱ្យរដ្ឋាភិបាលគួររៀបចំយុទ្ធសាស្រ្តនៃការគ្រប់គ្រងសំ​​រា​ម​​​ឡើងវិញឱ្យបានហ្មត់ចត់ ជាពិសេសការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ទើបអាចដោះស្រាយប​​ញ្ហា​​​សំរាមនេះបាន។

កាលពីដើមឆ្នាំ២០២១ រដ្ឋាភិបាលធ្វើកំណែទម្រង់គោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភា​​ព» ដោយដាក់បញ្ចូលកិច្ចការថែរក្សាបរិស្ថាន ដើម្បីគ្រប់គ្រងសំរាម ថែរក្សាអនាម័យ បរិស្ថាន និងសុខុមាលភាពប្រជាពលរដ្ឋ នៅក្នុងកម្មវិធីនយោបាយរំកិលដែរ។

តាមរយៈគោលនយោបាយថ្មីនេះ រដ្ឋាភិបាលមានសុទិដ្ឋិនិយមថានឹងជំរុញឱ្យមានការដោះស្រាយបញ្ហាកាកសំ​​ណល់គ្រប់ប្រភេទនៅទូទាំងប្រទេសបានល្អ។ ជាងនេះទៀត ការដាក់ចេញនូវ​​គោល​​ន​​យោ​បាយ​​ដែលជា​​យុ​ទ្ធ​​​​​សាស្រ្តនេះ ដោយរំពឹងថានឹងជួយឱ្យការរស់នៅរបស់ពលរដ្ឋប្រកបដោយផា​​សុ​កភាព មានភាពថ្លៃ​​ថ្នូរ ស៊ីវិល័យ និងមានអនាគតរុងរឿង។ ក៏ប៉ុន្តែក្រុមយុវជនដែលប្រឆាំងកាក​​សំ​ណល់ប្លាស្ទិកនេះ នៅតែសង្កេតឃើញថា ឥរិយាបថនៃការទុកដាក់សំរាមរបស់ពលរដ្ឋ ជាពិសេ​​ស​​ក្នុងទីក្រុងភ្នំពេញ មាន​​​ការ​កែ​​ប្រែយឺតយ៉ាវនៅឡើយ៕