Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ណែមជូរ ខេត្តបាត់ដំបង ចាប់ផ្តើមមានទីផ្សារឡើងវិញ ក្រោយធូរស្រាល នូវជំងឺកូវីដ-១៩

Views: 7

ដោយៈ ភ្នំខៀវ / បាត់ដំបងៈ ណែមជូរ ជាផលិតពីសាច់ត្រីធម្មជាតិ ក្នុងខេត្តបាត់ដំបង ចាប់ផ្តើមពេញនិយម និងមានហាងឆេងឡើងវិញ ក្រោយធូរស្រាល នូវជំងឺកូវីដ-១៩។

អាជីវករ កញ្ញា សៀង រតនា លក់នៅលើទីតាំង ក្នុងភូមិច្រាបវាល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង បានរៀបរាប់ប្រាប់ឲ្យដឹង នៅថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២២ នេះថាៈ ណែមសាច់ត្រី ដែលកញ្ញាលក់នេះ ចាប់ផ្តើមលក់ដាច់បណ្តើរៗឡើងវិញហើយ បន្ទាប់ពីប្រទេស ជួបវិបត្តិជំងឺកូវីដ-១៩។ បច្ចុប្បន្ន អាហារសម្រន់មួយប្រភេទនេះ នៅតែមានការទទួលទានច្រើន ពីសំណាក់ភ្ញៀវ គ្រប់មជ្ឍដ្ឋាន។

អ្នកលក់ដូរខាងលើ បានបន្តថាៈ ណែមសាច់ត្រី គុណភាពល្អនេះ មានច្រើនខ្នាត រួមមាន ណែមគូទខ្ចៅតូច ធំ និង ទ្រវែង ហើយវេចខ្ចប់ ដោយស្រោបថង់ប្លាស្ទីក និងមួយប្រភេទទៀត ផលិតវេចខ្ចប់ ដោយស្លឹកចេក​រយៈពេល ២ ទៅ​ ៣ ថ្ងៃ ទើបឡើងជូរ មានរសជាតិឆ្ញាញ់។ ដំណាក់កាល ក្រោយរបត់ជំងឺកូវីដ-១៩ នេះ ជាមធ្យម ក្នុងមួយថ្ងៃ កញ្ញា លក់បានចាប់ពី ១០ ទៅ ១៥ ខ្សែ ដោយក្នុងមួយខ្សែ មានចំនួន ១០០ ណែម លក់បានក្នុងតម្លៃពី ១០.០០០ រៀល ទៅ ១៥. ០០០ រៀល។ ចំណែកឯណែមខ្ចប់ ដោយស្លឹកចេក មានទំហំធំបន្តិច លក់បានមួយ ក្នុងតម្លៃពី ១.០០០ ទៅ ១.៥០០ រៀល។

ណែម ធ្វើពីត្រីធម្មជាតិ នេះទៀតសោត អាចទទួលទានបានគ្រប់វ័យ បច្ចុប្បន្ន មានការគាំទ្រ ពីអតិថិជន យ៉ាងច្រើន ទាំងនៅក្នុងខេត្តបាត់ដំបងផ្ទាល់ ពិសេសពីសំណាក់អតិថិជនក្រៅខេត្ត ដែលធ្វើដំណើរទៅមកឆ្លងកាត់។

ណែម សាច់ត្រី ផលិតបែបលក្ខណៈគ្រួសារ របស់ប្រជាពលរដ្ឋ រស់នៅក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង ផ្ចិតផ្ចង់ផលិតប្រកបដោយអនាម័យខ្ពស់ មានគុណភាពល្អ ក្រោយការពិនិត្យ វាយតម្លៃពីមន្ត្រីជំនាញ បានបញ្ជាក់ថា មិនមានលាយសារធាតុគីមីឡើយ៕ V / N

Post navigation