Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បទវិភាគ៖ ហេតុអ្វីបានជានៅក្នុងសង្គមមួយត្រូវយកចិត្តទុកដាក់អំពីសីលធម៌មនុស្ស?

ច្បាប់ល្បើកថ្មី ដែលជាស្នាដៃរបស់អ្នកនិពន្ធ ​ភិរម្យ​ភាសា​អ៊ូ ហៅ ង៉ុយ បានទូន្មានតាំងពីជាង១០០ឆ្នាំមុន ប៉ុន្តែសារអប់រំទូន្មានផ្នែកសីលធម៌ដែលចងក្រងឡើងជាកំណាព្យកាព្យឃ្លោងទាំងនោះ ត្រូវបានគេមើលឃើញថានៅមានចំណុចជាច្រើនត្រូវទៅនឹងស្ថានភាពសីលធម៌ខ្មែរនាពេលបច្ចុប្បន្ន​​ និងមិនមានការប្រែប្រួលនោះឡើយ បើទោះបីជាច្បាប់នេះចងក្រងឡើងជាច្រើនជំនាន់ទៅហើយក្តី។

ជាក់ស្តែង ឃ្លាមួយចំនួននៃច្បាប់ល្បើកថ្មីនេះដែលបង្ហាញពីស្ថានភាពធ្លាក់ចុះនៃសីលធម៌មនុស្ស បានលើកឡើងថា «ដ្បិតមនុស្សឥឡូវ យកខុសធ្វើត្រូវ យកឆ្កួតធ្វើជា អំពើអាក្រក់ ឡិកឡក់លីលា ព្រហើនពានពារ អាងមាសអាងប្រាក់។ អាងព្រើលអាងប្រាជ្ញ អាងកោងអាងកាច អាងកាប់អាងចាក់  អាងជើងអាងដៃ អាងវាយអាងធាក់ អាងគុកច្រវាក់ អាងម៉ាស៊ីនកាត់ក»

ប្រភពដដែលបន្តថា «អាងសុទ្ធតែខុស កូនអើយចាំចុះ អាងនោះមិនល្អ អ្នកគិតឱ្យល្អិត ដ្បិតស្រុកលោកក្រ ប្រមាណតំណ តទៅមុខទៀត»

ស្រដៀងគ្នាទៅនឹងអ្វីដែលអ្នកភិរម្យភាសាអ៊ូបានប្រៀនប្រដៅពេលនោះ បច្ចុប្បន្ន អំពើអនាចារ ឬអសីលធម៌ជាច្រើនបានកើតឡើងក្នុងសង្គមខ្មែរ ហើយដែលត្រូវបាន​ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក រួមទាំងបណ្ដាញសង្គម ពិសេសហ្វេសប៊ុក យកមកចែករំលែកជាបន្តបន្ទាប់។

ករណីទាំងនោះ រួមមាន ការជេរប្រមាថគ្នា ការប្រើប្រាស់ពាក្យអសុរោះ ការកាប់សម្លាប់គ្នា ឬដេញវាយ កាប់ចាក់គ្នា ដោយភាគច្រើនជាក្រុមយុវជន។ ការសេពគ្រឿងស្រវឹង គ្រឿងញៀន ល្បែងស៊ីសង ការបង្ហោះរូបភាពមិនសមរម្យ ឬរូបភាពអាសអាភាស។ ​ការប្រើប្រាស់អំពើហិង្សាលើស្ត្រី ការថតរូបស្ត្រីបម្រើការងារលើសេវាកម្សាន្ត ទាំងដែលស្ត្រីខ្លះខំប្រឹងយកដៃបាំងមុខមិនចង់ចេញអត្តសញ្ញាណក្តី។ ការបាញ់បោះពីសំណាក់មន្ត្រីរាជការដែលជាកងកម្លាំងទៅលើដៃគូជម្លោះ និងទៅលើស្ត្រី។ ការសេពគ្រឿងស្រវឹង ហើយធ្វើដំណើរលើដងផ្លូវបង្កជាគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកដទៃ។

លើសពីនេះ ក៏មានព័ត៌មានចុះផ្សាយអំពីជនមានលុយ មានអំណាច រំលោភដីធ្លីពលរដ្ឋក្រីក្រ រួមទាំងការរំលោភយកសម្បត្តិធនធានធម្មជាតិរបស់ប្រទេស។  ​

បន្ថែមពីនេះ អំពើរំលោភសេពសន្ថវៈទៅលើកុមារី ឬទៅលើកូនស្រី ពីសំណាក់ឪពុកបង្កើត ឬឪពុកចុង ជីតាបង្កើត ដែលត្រូវបានផ្សព្វផ្សាយជាហូរហែ។ ការជួលមនុស្សដើម្បីសម្លាប់ប្តីរបស់ខ្លួន អំពើផិតក្បត់ប្តី ឬប្រពន្ធ ការនិយាយភូតភរ កហុក បោកបញ្ឆោតអ្នកដទៃ ដើម្បីបានប្រយោជន៍ ឬដើម្បីលក់ផលិតផលរបស់ខ្លួនលក់ដាច់។ ការរាយការណ៍អំពីការទុកអ្នកជំងឺចោល ឬមិនព្យាបាលដោយសារមិនមានថវិកា ​ការប្រើប្រាស់ពាក្យពេជន៍មិនសមរម្យពីសំណាក់គ្រូពេទ្យខ្លះទៅកាន់អ្នកជំងឺ។

លើសពីនេះ កន្លងមកក៏មានចុះផ្សាយពីករណីគ្រូបង្រៀនយកលុយសិស្ស បង្ខំសិស្សទិញចំណីអាហារដែលខ្លួនលក់ ​និងការបង្ខំសិស្សរៀនគួរ ឬរៀនក្រៅម៉ោងរដ្ឋ ជាដើម។

ដោយឡែក ជម្លោះរបស់ព្រះសង្ឃក្នុងទីវត្តអារាមខ្លះ ហើយពេលខ្លះឈានដល់ការជេរប្រមាថ និងមានការប្រើប្រាស់អំពើហិង្សាថែមទៀតផង។ ប្រព័ន្ធផ្សព្វផ្សាយក៏ធ្លាប់បានរាយការណ៍ករណីបន្លំខ្លួនជាព្រះសង្ឃ ដើម្បីនិមន្តបិណ្ឌបាត្រតាមទីសាធារណៈ ហើយក៏មានករណីព្រះសង្ឃ​បន្លំជាគ្រហស្ថចេញទៅសេពគ្រឿងស្រវឹង ឬចូលខារ៉ាអូខេ ជាដើម។

ការនិយាយហែកហួររឿងអាស្រូវក្នុងចង្កោមគ្រួសារដើម្បីបង្ហាញដល់សាធារណជន ការជេរប្រទេចផ្ដាសាគ្នាទៅវិញទៅមកលើបណ្តាញសង្គម ដោយពេលខ្លះគូជម្លោះមិនទាំងដែលស្គាល់គ្នាពីមុនមកផង។

ជាងនេះទៀត ម្តងម្កាល​ ពាក្យជេរប្រមាថ គំរាមកំហែងអ្នកដទៃ ឬពាក្យអសុរោះ រួមទាំងភាសា”អាម៉ឹង អញអើ” ក៏បានកើតចេញពីមាត់របស់អ្នកនយោបាយកំពូលរបស់ជាតិ​ រួមទាំងបញ្ហាមួយចំនួនទៀត។

សីលធម៌ ត្រូវបានគេឱ្យនិយមន័យថា ជាតម្លៃថ្នាក់ខ្ពស់មួយដែលស្ដែងឡើង តាមរយៈអំពើ ឬសកម្មភាពល្អរបស់មនុស្ស ទាំងកាយ វាចា និងចិត្ត។

ដោយសារមើលឃើញពីការធ្លាក់ចុះនៃសីលធម៌ក្នុងសង្គមនេះហើយ បានជាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បាននាំគ្នាធ្វើធម្មយាត្រាចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តពោធិ៍សាត់ នៅដើមខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្នុងគោលបំណង​ចង់ឱ្យរដ្ឋាភិបាល និងពលរដ្ឋគ្រប់រូបនាំគ្នាយកចិត្តទុកដាក់លើកកម្ពស់សីលធម៌ឡើងវិញ។

ថ្លែងក្នុងពេលដឹកនាំធ្វើធម្មយាត្រាចេញពីរាជធានីភ្នំពេញ នៅថ្ងៃទី១ ខែកុម្ភៈ ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នក​ស្រី អ៊ុក ឆាយ៉ាវី មា​ន​ប្រសាសន៍​ថា វិបត្តិសង្គមផ្សេងៗ អំពើហិង្សា ក្មេងទំនើង ការប្រើពាក្យពេចន៍មិនសមរម្យជាដើមនោះ កើតឡើងដោយសារសីលធម៌សង្គមធ្លាក់ចុះ។  ​

​អ្នកស្រីបន្ថែមថា ការរៀបចំហែក្បួនធម្មយាត្រា​ឡើង ក៏ដោយសារសង្កេតឃើញថា នាប៉ុន្មានឆ្នាំចុង​ក្រោយ​នេះ ​សីលធម៌សង្គមធា្លក់ចុះកាន់តែខ្លាំង ហើយសូម្បីតែថ្នាក់ដឹកនាំរដ្ឋាភិបាលកំពូល ក៏បាននិយាយស្ដីអសីលធម៌ ដោយប្រើពាក្យអសុរោះផងដែរ។ ​

អ្នកស្រីមានប្រសាសន៍ថា៖ «អ៊ីចឹងក្នុងនាមសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ យើងចង់ឃើញប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ទាំងអស់ ចេះរួបរួមសាមគ្គី ហើយប្រើភាសាពីរោះពិសាជាមួយគ្នា ដើម្បីជាការមួយដែលធ្វើឱ្យយុវជនបន្តវេន គាត់ធ្វើតាមយើង។ បើយើងជាចាស់ទុំ ប្រើភាសាមិនពីរោះ ធ្វើឱ្យសង្គមជាតិយើងធ្លាក់នៅក្នុងគ្រោះមហន្តរាយ»។

ថ្លែងក្នុងពេលដឹកនាំធ្វើធម្មយាត្រានោះដែរ ទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន មានប្រសាសន៍​នៅមុខរូបសំណាក់លោកយាយពេញ ថាគោលបំណងរៀបចំក្បួនហែធម្មយាត្រានេះ ដើម្បីលើកកម្ពស់សីលធម៌សង្គម និងសុំឱ្យមានសេរីភាពពេញលេញសម្រាប់ពលរដ្ឋគ្រប់រូប។

លើសពីនេះ លោកថា ដើម្បីផ្សាយនូវមេត្តាធម៌ដល់អ្នកនយោបាយ ដោយជំរុញឱ្យអ្នកនយោបាយគ្រប់និន្នាការប្រកាន់យកធម៌អហិង្សា បញ្ចៀសការយកគ្នាជាសត្រូវ បញ្ឈប់ការប្រើពាក្យអសុរោះ ហើយដោះលែងអ្នកជាប់ឃុំពាក់ព័ន្ធរឿងនយោបាយនិងសង្គម ដែលគ្មានកំហុស។

លោកមានប្រសាសន៍ថា៖ ​«​ក៏ដូចជាការផ្សព្វផ្សាយនូវមេត្តាចិត្តដល់ជនរួមជាតិ ឱ្យគិតអំពីសីលធម៌សង្គមជាធំ ចៀសវាងយើងប្រើពាក្យអសុរោះ ហិង្សា វាយតប់ គប់ដុំថ្ម វាយបំពង់ទីប អីជាហូរហែហ្នឹង ត្រូវសុំបញ្ចប់! ក៏ដូចជាអ្នកដែលមានធនធាន មានទ្រព្យសម្បត្តិ រំលោភបំពានដីធ្លី បងប្អូនប្រជាពលរដ្ឋដែលទន់ខ្សោយ យើងត្រូវគិតឡើងវិញ អំពីអលោភៈ លោភលន់អីហ្នឹង ត្រូវតែបញ្ចប់ទៅ កុំឱ្យមានកើតនៅក្នុងសង្គមខ្មែរបន្តទៀត»។

ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោកបណ្ឌិត ប៉ា ចន្ទរឿន ដែលជាអ្នកតាមដានអំពីបញ្ហាសីលធម៌សង្គម មើលឃើញថា តាមពិតទៅ សីលធម៌ក្នុងសង្គមខ្មែរមិនបានធ្លាក់ចុះទៅណានោះទេ ដ្បិតសីលធម៌សង្គមខ្មែរនៅកម្រិតទាប ឬថានៅឋានបាដាលរួចទៅហើយ។

តាមរយៈសារដែលលោកផ្ញើមកវីអូឌី មានអត្ថន័យថា ពីមុនមក លោកចេះតែយល់ថា សីលធម៌ខ្មែរធ្លាក់ចុះ ប៉ុន្តែឆ្លងកាត់តាមការពិនិត្យទិដ្ឋភាពជាច្រើននៅក្នុងសង្គម ការក្រឡេកមើលប្រវត្តិសាស្ត្រ និងការអានកំណាព្យក្រមង៉ុយ ឡើងវិញរួចមក លោក ប៉ា ចន្ទរឿន សន្និដ្ឋានថា សីលធម៌ខ្មែរមិនបានធ្លាក់ចុះទៅណានោះទេ ព្រោះវាស្ថិតនៅកម្រិតទាបស្រាប់ទៅហើយ។

លោកបន្តទៀតថា កំណាព្យក្រមង៉ុយ ពិសេសច្បាប់ល្បើកថ្មី ដែលមានអាយុកាលជាង១០០ឆ្នាំទៅហើយនោះ ប៉ុន្តែទិដ្ឋភាពសង្គម និងសីលធម៌នៅក្នុងសង្គមខ្មែរ ហាក់នៅតែដដែល មិនមានអ្វីផ្លាស់ប្ដូរជាដុំកំភួននោះឡើយ។ បញ្ហានេះ លោកថា ខ្មែរគ្រប់រូបត្រូវនាំគ្នាលើកស្ទួយសីលធម៌ ទើបសង្គមខ្មែរអាចងើបផុតពីសោកនាដកម្ម។

ដោយឡែក អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ មានប្រសាសន៍ថា មែនទែនទៅ សីលធម៌ គឺប្រៀបដូចជាច្បាប់ ​ដែលមនុស្សសម័យមុន​ប្រកាន់យក ​ក្នុងពេលដែលមិនទាន់មានច្បាប់សម្រាប់ការរស់នៅជាមួយគ្នាក្នុងសង្គម។

លោកបន្តថា ការលើកកម្ពស់សីលធម៌​សង្គមមួយ គឺមានសារៈសំខាន់ណាស់ ដ្បិតបើគ្មានសីលធម៌ទេ មនុស្សម្នាក់ៗមិនខុសពីសត្វសាហាវ ដែលនឹងមានការកាប់សម្លាប់គ្នាឥតឈប់ឈរ។ លោកថា គោលការណ៍សីលធម៌​រឹតតែសំខាន់ថែមទៀតសម្រាប់សង្គមខ្មែរបច្ចុប្បន្ន ដោយសារសីលធម៌នេះនឹងអាចធ្វើឱ្យមនុស្សចេះជួយយកអាសាគ្នាទៅវិញទៅមក និងស្មោះត្រង់។

លោកមានប្រសាសន៍ថា៖ «រាល់ទង្វើរបស់មនុស្សដែលមានផ្នត់គំនិតរីកចម្រើន ឬមានសីលធម៌ខ្ពស់នេះ គឺតែងតែគិតទៅដល់សេចក្តីល្អ មានចិត្តសប្បុរស និងមានគុណធម៌ ហើយតែងតែចេះឈឺឆ្អាលទៅដល់បញ្ហានៅក្នុងសង្គម ជួយរកយុត្តិធម៌ជូនសង្គមអីជាដើម។ នេះគឺជាគុណសម្បត្តិពិសេសសម្រាប់សីលធម៌នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្ស។ ចុងក្រោយ ខ្ញុំយល់ថា សីលធម៌ គឺដើរតួនាទីសំខាន់មែនទែន ក្នុងការជួយឱ្យសង្គមរបស់យើងមាននីតិរដ្ឋ ហើយសង្គមរបស់យើងនឹងមានភាពស៊ីវិល័យនិងរុងរឿង»។

លោកបណ្ឌិត ប៉ា ចន្ទរឿន បានលើកឡើងថា សង្គមណាដែលមនុស្សមានសីលធម៌ខ្ពស់កាន់តែច្រើន សង្គមនោះកាន់តែងាយស្រួលគ្រប់គ្រង និងដឹកនាំ។

ដោយឡែក សម្រាប់លោក សុជាតិ វិញ មើលឃើញថា នៅពេលមនុស្សមានសីលធម៌ខ្ពស់ គឺធ្វើឱ្យមនុស្សចេះបែងចែករវាងសេចក្តីល្អនិងអាក្រក់ សនិងខ្មៅ យុត្តិធម៌និងអយុត្តិធម៌ក្នុងនៅសង្គមនោះផងដែរ។

លោក សេក សុជាតិ បន្ថែមថា៖ «សីលធម៌បានជួយទៅដល់ភាពស្មោះត្រង់របស់មនុស្ស សីលធម៌ ហើយក៏អាចជួយឱ្យមនុស្សធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាបានល្អក្នុងសង្គម។ សីលធម៌ វាបានជួយលើកទឹកចិត្តឱ្យមនុស្សមិនគិតពីផលប្រយោជន៍ផ្ទាល់ខ្លួនជាធំអីជាដើម។ ទាំងអស់នេះហើយសុទ្ធសឹងតែជាគុណសម្បត្តិ។ ក្រៅពីហ្នឹង យើងឃើញថា សីលធម៌ល្អ វានាំឱ្យសង្គមមានការរីកចម្រើន សង្គមមានសណ្តាប់ធ្នាប់ សង្គមមានសន្តិភាព»៕