Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បទយកការណ៍​៖ ​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ជាង​១០​ឆ្នាំ​ជា​មួយ​ក្រុម​ហ៊ុន​ស្ករ​អំពៅ​ឧកញ៉ា​ លី​ ​យ៉ុង​ផាត់​ ​​បន្ត​​រក​យុត្តិធម៌​ ខណៈ​មិន​ទាន់​ទទួល​បាន​សំណង​​

ចម្ការអំពៅរបស់លោកឧកញ៉ា លី យ៉ុងផាត់ រាប់រយហិកតា មានពណ៌ខៀវស្រងាត់លាតសន្ធឹងដាច់កន្ទុយភ្នែកក្នុងទឹកដីតំបន់ហ៊ុមព័ទ្ធដោយភ្នំនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ហាក់បានបង្ហាញពីជីវភាពរីក​ចម្រើនរបស់អ្នកភូមិដែលរស់នៅក្បែរនោះ ប៉ុន្តែផ្ទុយទៅវិញ ជាង១ទស្សវត្សមកនេះ ពលរដ្ឋមួយចំនួនអះអាងថា កំពុងរស់នៅទាំងមានវិបត្តិផ្លូវចិត្ត ដោយសារបាត់បង់ដីធ្លី​ទាំងអយុត្តិធម៌​ និងមិនទាន់ទទួលបានសំណង។

នៅខាងក្រោយចម្ការអំពៅប្រមាណ១០០ម៉ែត្រ ផ្ទះរបស់អ្នកស្រី មុំ សុភី ដែលអះអាងថាជាតំណាងពលរដ្ឋរងគ្រោះស្ថិតនៅភូមិពាមរស់ ឃុំរស្មីសាមគ្គី ជាទីតាំងដែលអ្នកភូមិបាត់បង់ដីមកប្រជុំគ្នា និងជាកន្លែងដែលអាជ្ញាធរមូលដ្ឋានតែងតែតាមឃ្លាំមើលពួកគេផងដែរ។

អង្គុយលើគ្រែឈើក្រោមផ្ទះ អ្នកស្រី មុំ សុភី បានរៀបរាប់ថា រាល់ពេល​ប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីចេញពីភូមិ រកកិច្ចអន្តរាគមន៍ពីមន្រ្តីស្រុក-ខេត្ត ឬស្ថាប័នជាតិ គឺតែង​មានអាជ្ញាធរមូលដ្ឋានមកចាំស្ទាក់ផ្លូវមិនឱ្យចេញ ដោយពួកគេនិយាយថា បញ្ជាមេ អត់ឱ្យទៅ

អ្នកស្រីថ្លែងថា ៖«ពេលខ្ញុំទៅ គឺ [អាជ្ញាធរ] ត្រូវដេកយាមផ្ទះខ្ញុំ គាត់គន់មើល។ បើថាថ្ងៃហ្នឹង ខ្ញុំត្រូវចេញ [រកការអន្តរាគមន៍] យប់ហ្នឹងគាត់ [អាជ្ញាធរ] មកតាំងល្ងាច។ គាត់ [អាជ្ញាធរ] អត់ដេកទេមួយយប់ហ្នឹង អត់បានដេកទេអាជ្ញាធរ»។

តំណាងពលរដ្ឋឃុំរស្មីសាមគ្គី រូបនេះបានឱ្យដឹងថា ក្នុងឃុំនេះ មានប្រជាពលរដ្ឋចំនួន១៤៧គ្រួសារដែលមិនទាន់ទទួលបានសំណង។ ក្នុងនោះមានភូមិចំនួន៣ គឺភូមិពាមរស់ ៦៦គ្រួសារ ភូមិពស់វែក ៣២គ្រួសារ និងភូមិដកពរ ៤៩គ្រួសារ ដែលមានដីស្រែចម្ការសរុបចំនួន ៤៨៣ហិកតា  ត្រូវបានគ្រឿងចក្ររបស់ក្រុមហ៊ុន លោក លី យ៉ុងផាត់  ឈូសឆាយយកដីដាំអំពៅ តាំងពីឆ្នាំ ២០១១មក។

ប្រជាពលរដ្ឋរាប់រយគ្រួសារដែលបាត់បង់ដីធ្លីដោយសារការវិនិយោគដាំអំពៅពីសំណាក់ក្រុមហ៊ុនឧកញ៉ា លី យ៉ុងផាត់ ក្នុងខេត្តកំពង់ស្ពឺ អះអាងថា ជាង១០ឆ្នាំមកនេះ ពួកគេនៅតែក្រាញ់ននៀលតស៊ូរកដំណោះស្រាយពីគ្រប់ភាគីពាក់ព័ន្ធចាប់ពីមន្រ្តីមូលដ្ឋាន ស្រុក-ខេត្ត រហូតស្ថាប័នជាតិ ដោយក្តីរំពឹងថា នឹងទទួលបានយុត្តិធម៌ ទោះបីមានការហាមឃាត់ដំណើរពីអាជ្ញាធរមូលដ្ឋានច្រើនលើកច្រើនសារក៏ដោយ។

អ្នកស្រី មុំ សុភី អង្គុយផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានវីអូឌី ក្នុងភូមិពាមរស់ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២។ (សុត បាន)

អ្នកស្រី មុំ សុភី ប្រាប់ថា ការស្វែងរកដំណោះស្រាយពីអាជ្ញាធរជាង១០ឆ្នាំមកនេះ ​គឺមិនទទួលបានលទ្ធផលទាល់តែសោះ តែត្រូវ​អាជ្ញាធរ​រារាំងអ្នកភូមិមិនឱ្យចេញរកដំណោះស្រាយ​ទៅវិញ។

អ្នកស្រីមុំ សុភី និយាយថា ៖«ការដោះស្រាយគឺគ្មានទេ មានតែការលើកដាក់គ្នា»

អ្នកស្រីរម្លឹកថា កាលពីយប់ថ្ងៃទី៦ ខែកញ្ញា ​ឆ្នាំ២០២២ កន្លងទៅមានមេភូមិ- មេឃុំ និងកងកម្លាំង៤នាក់ រួមជាមួយប្រជាការពារភូមិ១រូបផង បានមកស្ទាក់ឡានរបស់គាត់មិនឱ្យចេញពីភូមិ។  អ្នកស្រីថា ក្នុងពេលនោះ ពលរដ្ឋរងគ្រោះចំនួន២៦ ឡាន គឺមកពីឃុំចំនួន ៣ផ្សេងទៀតដែលបាត់បង់ដីក្នុងចម្ការអំពៅដែរនោះ គឺមាន ឃុំអមលាំង ឃុំត្រពាំងជោរ និងឃុំរស្មីសាមគ្គី  បានប្រមូលគ្នាក្នុងគោលដៅ ដាក់លិខិតរកកិច្ចអន្តរាគមន៍ពីខុទ្ធកាល័យនាយករដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ក្រសួងដែនដី​ និងក្រសួងយុត្តិធម៌ ក្នុងរាជធានីភ្នំពេញ។

អ្នកស្រីបន្តថា ៖ «ខាង [ឃុំ] ត្រពាំងជោ និង [ឃុំ] អមលាំង គេគ្នាច្រើន គេនាំគ្នាដេកននៀលនៅថ្នល់ ថ្នល់ជាតិហ្នឹង ផ្លូវ៤៤ហ្នឹង ដល់អីចឹងអាជ្ញាធរគេឱ្យមក ព្រោះអីស្ទះចរាចរណ៍»

អ្នកស្រី មុំ សុភី បានបាត់បង់ដី ចំនួន ៥ហិកតា ដែលគាត់កាន់កាប់តាំងពីឆ្នាំ២០០០។ អ្នកស្រីថា ក្រុមហ៊ុនបានសន្យាដោះដូរដីចំនួន ២ហិកតាផ្តល់ឱ្យពលរដ្ឋដែលបាត់បង់ដីដោយសារការដាំអំពៅនេះ ប៉ុន្តែ​ដីដែលក្រុមហ៊ុនសន្យាឱ្យនោះជាដីមានម្ចាស់រួចទៅហើយ។ ដូច្នេះ ​អ្នកភូមិមិនអាចអាស្រ័យផលបានទេ។

អ្នកស្រីថា ៖ «ដីហ្នឹងដីពលរដ្ឋដូចគ្នា ខ្ញុំមិចអាចទទួលយកបាន។ សំណងហ្នឹងមិនមែនក្រុមហ៊ុនកាត់ដី នៅក្នុងក្រុមហ៊ុនឱ្យខ្ញុំឯណា! យកដីពលរដ្ឋឱ្យពលរដ្ឋដូចគ្នា»។

អង្គុយលើគ្រែឈើ បង់ករក្រមា អ្នកស្រី យឿន សាំ វ័យ ៦៩ឆ្នាំ ប្រាប់ថា គាត់មានដី​ស្រែចំនួន ៤ហិកតាដែលបាន កាន់កាប់ក្នុង ១៩៩៧ ហើយថាបានផ្តល់ទិន្នផលស្រូវប្រមាណ ៣តោនក្នុងមួយឆ្នាំសម្រាប់ក្រុមគ្រួសាររបស់គាត់ទុកបរិភោគផង និងលក់ចេញខ្លះ​ដើម្បីដោះស្រាយជីវភាពផងដែរ។

សម្បុរខ្មៅស្រអែម ស្រ្តីវ័យចំណាស់​រូបនេះ ថ្លែងទាំងសំឡេងស្រាលៗ ថា បច្ចុប្បន្ននេះ គាត់ពិបាកចិត្ត ព្រោះគាត់មិនមានដីធ្វើស្រែទៀតទេ ហើយដីស្រែរបស់​គ្រួសារគាត់ដែលមានសមាជិក៧នាក់ សរុបមានផ្ទៃដីប្រមាណ ៣០ហិកតា ត្រូវបានបាត់បង់ទាំងស្រុង​។

អ្នកស្រី យឿន សាំ ថ្លែងថា ៖ «ខ្ញុំរាល់ថ្ងៃនេះ ខ្ញុំប្រាប់ត្រង់មានជំងឺផ្លូវចិត្ត ឈឺជាៗ ដោយសារខ្ញុំបាត់បង់ទឹកដីអស់មួយពូជហ្នឹងពេក»

អ្នកស្រីបន្តថា ក្រោយពេលបាត់បង់ដី កូនៗរបស់គាត់បានចាកចេញធ្វើជាកម្មករសំណង់ នៅតាមការដ្ឋានានា និងស៊ីឈ្មួលធ្វើដំណាប់ស្វាយ ដើម្បីរកចំណូលទ្រទ្រង់ជីវភាព ហើយពួកគេក៏ធ្លាប់ចំណាកស្រុកនាពេលកន្លងមកដែរ។

អ្នកស្រី យឿន សាំ អង្គុយផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានវីអូឌីជុំវិញបញ្ហាជម្លោះដិធ្លីជាមួយក្រុមហ៊ុនស្ករអំពៅ ឧកញ៉ា លី យ៉ុងផាត់ ក្នុងភូមិពាមរស់ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២។ (សុត បាន)

អ្នកស្រីមានប្រសាសន៍ទៀតថា គាត់តែងតែ​ចូលរួមជាមួយពលរដ្ឋរងគ្រោះផ្សេងទៀត ដើម្បីដាក់លិខិតរកដំណោះស្រាយពីអាជ្ញាធរខេត្តកំពង់ស្ពឺ រហូតដល់រាជធានីភ្នំពេញ​ ប៉ុន្តែដំណោះស្រាយនៅពុំទាន់មាននៅឡើយ។ ​

អ្នកស្រី យឿន សាំ និយាយថា ៖ «គេថាឱ្យដើរទៅ ដើរងាប់ខ្លួនក៏មិនបានដែរ អាជ្ញាធរឃុំយើង»

ពលរដ្ឋបាត់បង់ដីមួយរូបទៀត  លោក សៀក ស៊ុន វ័យ ៦៦ឆ្នាំ ដែលពិការជើងខាងស្តាំផងនោះ  និយាយថា លោកបាត់បង់ដី ៣ហិកតា ដែលមេភូមិបានសម្រេចឱ្យកាន់កាប់ចាប់ពីឆ្នាំ ១៩៩៥មក។ លោកថា ដីនោះ គឺលោកមិនបានអាស្រ័យផលអ្វីនោះទេ ដោយគា្រន់តែជួលកម្មករលើកដីធ្វើជាព្រំប្រទល់ទុកចោល លុះក្នុងឆ្នាំ ២០១១ ក៏មានគ្រឿងចក្រឈូសឆាយយកតែម្តង។

លោក ឱ្យដឹងថា ពេលក្រុមអ្នកភូមិចេញតវ៉ាម្តងៗ គឺតែងតែមានអាជ្ញាធរតាមចាំឃាត់ជានិច្ច។

លោក សៀក ស៊ុន ៖ «ទាល់តែទៅតវ៉ា បានគាត់ [អាជ្ញាធរ] មុខទៅឃាត់ ជាឡាន។គាត់ [អាជ្ញាធរ] ថាបាច់ទៅទេ ឃាត់ដំណើរយើងអត់ឱ្យចេញទៅ យើងទៅក្រសួងនេះ ក្រសួងនេះ អត់ឱ្យទៅយើងទៅ»។

ទោះជាយ៉ាងណាក្តី បុរសវ័យ ៦៦ ឆ្នាំ រូបនេះ ជំរុញទៅរដ្ឋាភិបាល និងភាគីក្រុមហ៊ុនគប្បី​​ផ្តល់សំណងសមរម្យមួយដល់ពួកគាត់។

ពលរដ្ឋរស់នៅក្នុងភូមិពាមរស់ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ លោក សៀក ស៊ុន អង្គុយផ្តល់បទសម្ភាសន៍អំពីបញ្ហាដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅ ដោយមិនទាន់មានសំណងកាលពី ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២។ (សុត បាន)

លោក សៀក ស៊ុន និយយថា ៖ «បើចិត្តខ្ញុំចង់ទាមទារឱ្យរដ្ឋាភិបាល ឬក្រុមហ៊ុន លោក [លី យ៉ងផាត់] ដោះស្រាយតាមតម្លៃទីផ្សារមិនចាំបាច់ថា កំណត់ដី ៣ហិកតាហ្នឹង ១០ម៉ឺន បានខ្ញុំយកមែនអីចឹងទេ។ ខ្ញុំថា ឱ្យថា សមស្រប តុល្យភាព យកដីខ្ញុំប៉ុណ្ណឺង ហើយឱ្យលុយខ្ញុំមក ខ្ញុំអាចទៅទិញបានវិញនៅក្នុងតំបន់ហ្នឹងដែរ»។

វីអូឌីនៅមិនទាន់រកការឆ្លើយតបពីតំណាងក្រុមហ៊ុនស្ករអំពៅរបស់លោកឧកញ៉ា លី យ៉ុងផាត់ បាននៅឡើយទេនៅថ្ងៃនេះ។

ទោះបីជាយ៉ាងនេះក្តី មេឃុំរស្មីសាមគ្គី លោក យឿង ភឿន ច្រានចោល ការចោទប្រកាន់របស់ពលរដ្ឋរងគ្រោះ ដោយថា ការដាក់កងកម្លាំង ក្នុងពេលដែលពលរដ្ឋនាំគ្នាដាក់ញត្តិផ្សេងៗ នាពេលកន្លងមកនោះ គឺដើម្បីការពារសន្តិសុខសុវត្តិភាពរបស់ពួកគេតែប៉ុណ្ណោះ។

លោក យឿង ភឿន ថា៖ « ធម្មតាសមត្ថកិច្ចគេមិនឱ្យទៅ ឧទាហរណ៍ថាទៅ អុកឡុក អីទៅ ទៅណេះទៅនោះអីចឹង។ អ្នកហ្នឹងវា ច្រើនលើកច្រើនសារពេកទៅហើយយើងគ្រាន់តែឃាត់កុំឱ្យគាត់លើកគ្នា ចេះតែភូតកុហក ខ្លាចវាគ្រោះថ្នាក់ចរាចរណ៍អីផ្សេង តាមផ្លូវ»។

មេឃុំរូបនេះ បន្ថែមថា ក្នុងឃុំរបស់លោក មានគ្រួសារជាង ២០គ្រួសារទេ ដែលមិនទាន់ទទួលដំណោះស្រាយ ហើយថា​អាជ្ញាធរព្យាយាមដោះស្រាយច្រើនលើកច្រើនសាររួចមកហើយ ចំណែកសកម្មភាពរបស់ក្រុមពលរដ្ឋតវ៉ាសព្វថ្ងៃនេះ លោកចាត់ទុកថា ជារឿងនយោបាយ។

លោកថា ៖« បើមែនទែនគាត់យកអាហ្នឹងធ្វើអាជីវកម្មរបស់គាត់វិញទៅ។ ខាងក្រុមហ៊ុនខាងអីហ្នឹងដោះស្រាយជូនគាត់ប្រមាណ ២សាររួចហើយដើម្បីបញ្ចប់រឿង។ និយាយរួមខ្ញុំអត់ថា ម៉េចទេប្រជាពលរដ្ឋរបស់ខ្ញុំ គាត់នៅខាងគណបក្សស្អីទេ គាត់មានការញុះញង់បំផុសបំផុល»។

យ៉ាងណាក្តី មន្រ្តីសម្របសម្រួលនៃសមាគមអាដហុកប្រចាំខេត្តកំពង់ស្ពឺ លោក រដ្ឋ ថាវី ដែលឃ្លាំមើលទំនាស់ដីធ្លីនេះ បានសង្កេតឃើញថា កន្លងមកអាជ្ញាធរមូលដ្ឋានពិតជាបានរារាំង ដល់ការចេញចំណើររកដំណោះស្រាយរបស់ពលរដ្ឋរងគ្រោះដីធ្លីជាមួយក្រុមហ៊ុនលោក លី យ៉ុងផាត់ ពិតមែន។ លោកថា សកម្មភាពនេះ ជាការរឹតត្បិតសេរីភាពរបស់ពលរដ្ឋ។

លោក រដ្ឋ ថាវី ៖ «យើងមើលអាហ្នឹង វាទាក់ទងនឹងការរឹតត្បិតសេរីភាពជាមូលដ្ឋានរបស់ពួកគាត់។ ទោះបីជាយ៉ាងណាក៏ដោយគាត់មានបញ្ហា អាជ្ញាធរគួរតែមានការបើកទូលាយឱ្យគាត់ធ្វើការរវ៉ាទាមទារតាមផ្លូវច្បាប់ ព្រោះពួកគាត់ធ្វើការតវ៉ាទាមទារតាផ្លូវច្បាប់ »។

លោក រដ្ឋ ថាវី ជំរុញទៅរដ្ឋាភិបាលត្រូវមានយន្តការដោះស្រាយទំនាស់ដីនេះប្រកបដោយតម្លាភាពនិងឱ្យបានឆាប់រហ័ស ដោយថា ការអូសបន្លាយពេលយូរបែបនេះ នឹងធ្វើឱ្យប៉ះពាល់ជីវភាពពលរដ្ឋដែលរងផលប៉ះពាល់និងបង្កឱ្យមានបញ្ហាផ្លូវចិត្តចំពោះពួកគេផងដែរ។

លោកថា៖«បើអត់ដីធ្វើស្រែចម្ការគាត់ពិបាកនឹងរស់ ធ្វើឱ្យជីវភាពគាត់វាអត់ដើរទៅមុខបានលឿន ហើយបញ្ហាវិបត្តិផ្លូវចិត្តរបស់គាត់ចេះតែកើតមាន»។

លោក លី យ៉ុងផាត់ គឺម្ចាស់ក្រុមហ៊ុនស្ករសរភ្នំពេញ (Phnom Penh Sugar Company)  និងជា សមាជិកព្រឹទ្ធសភាមកពីគណបក្សកាន់អំណាច។ ពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុននេះ​ នាពេលកន្លងមកធ្លាប់បានធ្វើយុទ្ធការ ​«ស្ករសរប្រឡាក់ឈាម ឬស្កឈាម» ដើម្បីប្រឆាំងការលក់ចេញស្ករអំពៅនេះថែមទៀតផង។

ធនាគារ ANZ មានមូលដ្ឋាននៅទីក្រុងមែនប៊ន (Melbourne) ប្រទេសអូស្រា្តលី ដែលបានផ្តល់កម្ចី ៤០ លានដុល្លារដល់ក្រុមហ៊ុន លោក លី យ៉ុងផាត់ក្នុងឆ្នាំ ២០១១ ធ្លាប់បានទទួលស្គាល់កំហុសរបស់ខ្លួន ករណីរំលោភសិទ្ធិមនុស្ស ក្រោយពីមានការប្តឹងតវ៉ាពីប្រជាពលរដ្ឋ ជាច្រើនឆ្នាំកន្លងមកចំពោះក្រុមហ៊ុនស្ករអំពៅនេះ។ ធនាគារនេះ បានចេញសងដោយយកថវិការចំនេញពីកម្ចីនេះ ផ្តល់ឱ្យពលរដ្ឋដែលបាត់បង់ដី តែយ៉ាងណាមិនបានពេញលេញគ្រប់គ្នានោះទេ។

ទោះជាបែបនេះក្តី ក្រុមប្រជាពលរដ្ឋដែលនៅមិនទាន់ទទួលបានយុត្តិធម៌ លើកឡើងថា ពួកគេនៅតែតស៊ូរហូតទទួលបានដំណោះស្រាយ។

អ្នកស្រី មុំ សុភី ថា គាត់ គ្រោងស្វែងរកកិច្ចអន្តរាគមន៍ពីស្ថាប័នកំពូលៗម្តងទៀត មុនការបោះឆ្នោតជាតិ ឆ្នាំ២០២៣ មកដល់។

អ្នកស្រី មុំ សុភី និយាយថា ៖ «សម្រាប់ខ្ញុំអត់ដែលអស់សង្ឃឹមទេ។ ខ្ញុំជឿជាក់ថា​ នៅលើលោកនេះមានថ្ងៃណាមួយមានយុត្តិធម៌ សម្រាប់ពួកខ្ញុំ និងសម្រាប់ពលរដ្ឋគ្រួសាររងគ្រោះដទៃទៀត»។

ចំណែកអ្នកស្រី យឿន សាំ វិញដែលមានវ័យកាន់តែចាស់ទៅហើយនោះរំពឹងថា ការតស៊ូរបស់គាត់ជាមួយអ្នកភូមិជាង១០ឆ្នាំនេះ នឹងទទួលបានយុត្តិធម៌ថ្ងៃណាមួយមិនខាន។

ស្រ្តីវ័យចំណាស់រូបនេះនិយាយថា ៖«សង្ឃឹមនោះ សង្ឃឹមហើយ ចេះតែផ្សងព្រេងទៅណា»៕