Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បំភ្លេច​បាល់​ទាត់វើល​ខាប់​ទៅ​! កាតា​ក៏​កំពុង​ធ្វើ​ម្ចាស់ផ្ទះ​អូដ្ឋ​វើល​ខា​ប់​

Views: 4

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ខណៈ​ក្រុមបាល់ទាត់​មកពី​ជុំវិញ​ពិភពលោក​កំពុង​ប្រជែង​គ្នា​ក្នុង​បាល់​ទាត់វើល​ខាប់ ប្រទេស​កាតា​បាន​រៀបចំ​ការប្រកួត​អូដ្ឋ​វើល​ខាប់​ដោយ​អូដ្ឋ​ណាដើរ​សិច​ស៊ី​​ជាង​គេ​នឹង​ជាប់​ឈ្មោះ​ជា​សត្វ​អូដ្ឋ​គួរឱ្យ​ទាក់ទាញ​បំផុត​។​

​ព្រឹត្តិការណ៍​នេះ​ធ្វើឡើង​នៅ​ក្លិប Qatar Camel Mzayen ។ មុននឹង​ប្រកាស​ជ័យលាភី​នៃ​ប្រភេទ​ការប្រកួតប្រជែង​បែបនេះ​កាលពី​ថ្ងៃ​ពុធ​ទី​៣០​វិច្ឆិកា អូដ្ឋ​ញី​ផ្សេង​ទៀត​ត្រូវបាន​ច្របាច់​យក​ទឹក​ដោះ ហើយ​ម្ចាស់​អូដ្ឋ​ណា ដែល​ផលិត​ទឹក​ដោះ​បាន​ច្រើនជាងគេ នឹង​បាន​ទទួល​រង្វាន់ ២០.០០០ រី​យ៉ាល់​កាតា (Riyal) (​ប្រហែល ៥.៥០០ ដុល្លារ​)​។​

​ទោះយ៉ាងណា ក្រសែភ្នែក​ទាំងអស់​បាន​បាញ់​ទៅលើ​ការប្រកួតប្រជែង​រវាង​សត្វ​អូដ្ឋ​ប្រភេទ Maghateer ដែល​មាន​អាយុ​លើសពី ៤ ឆ្នាំ ដែល​ជា​ប្រភេទ​សត្វ​ត្រូវ​ប្រជែង​គ្នា​សម្រាប់​ថ្ងៃ​ពុធ​ម្សិលមិញ​។​

​ជ័យលាភី​បានទទួល​ប្រាក់រង្វាន់ ២០០.០០០ រី​យ៉ាល់ ហើយ​ម្ចាស់​របស់​អូដ្ឋ​ញី​នេះ គឺ​លោក ម៉ូ​ហាន​ណា អ៊ីប្រាហ៊ីម អាល់ អាណា​ហ្ស៊ី (Mohanna Ibrahim al-Anazi) ជនជាតិ​អា​រ៉ាប៊ីសាអូឌីត ដែល​បាន​ឈ្នះ​មេដាយ​សំរឹទ្ធ​ផង​ដែរ​នោះ មាន​ក្តី​រំភើប​ជាខ្លាំង​ជាមួយនឹង​រង្វាន់​របស់​គាត់​។ គាត់​បាន​និយាយថា “​ខ្ញុំ​មិន​អាច​រៀបរាប់​ពី​អារម្មណ៍​របស់​ខ្ញុំ​បាន​ទេ​ព្រោះ​អូដ្ឋ​ញី​នេះ​មាន​ទស្សនិកជន​ដូច​អ្នក​​ទស្សនា​ការប្រកួត​បាល់​ទាត់​ពិភពលោក​ដែរ​។ ដូច Real Madrid ឬ Manchester (United) ដែរ​។ ហើយ​ឥឡូវនេះ ពួកគេ​កំពុង​ចូលរួម​អបអរ​”​។​

​សម្រាប់​ការប្រកួត​នេះ អូដ្ឋ​ចូលរួម​គឺ​មកពី​ប្រទេស​ឈូង​សមុទ្រ​ពែ​ក្ស​ផ្សេងៗ​គ្នា ហើយ​ស្ថិត​ក្នុង​ប្រភេទ​ផ្សេងៗ​គ្នា អាស្រ័យ​លើ​អាយុ​និង​ពូជ​របស់​អូដ្ឋ​។​

​ខណៈ​ដែល​ពួក​វា​កំពុង​ត្រូវបាន​ដង្ហែ​តាម​ទីលាន ទស្សនិកជន​ឈរ​មើល ញ៉ាំ​បង្អែម និង​ផឹក​កាហ្វេ​។​

​មុន​ពេល​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ដ៏​មាន​កិត្យានុភាព​នេះ សត្វ​អូដ្ឋ​ត្រូវ​បាន​ពិនិត្យ​ដោយ​គណៈកម្មាធិការ​វេជ្ជ​សាស្ត្រ​ដែល​ប្រើ​កាំរស្មីអ៊ិច​ដើម្បី​បញ្ចៀស​ការ​ក្លែងបន្លំ និង​ពិនិត្យមើល​ថា​សត្វ​អូដ្ឋ​ទាំងនោះ​មិន​មាន​ការកែលម្អ​ផ្នែក​វះកាត់​ណាមួយ​ឡើយ​។​

​វា​គឺជា​វិធានការ​មួយ​ដែល​ត្រូវបាន​ដាក់​នៅនឹងកន្លែង ព្រោះ​ម្ចាស់​មួយចំនួន​បាន​ចាក់ Botox ដល់​សត្វ​អូដ្ឋ​របស់​ពួកគេ និង​លើកមុខ​ដើម្បី​បង្កើន​ឱកាស​នៃ​ការ​ឈ្នះ​របស់​ពួកគេ ហើយ​សត្វ​អូដ្ឋ​ចំនួន ៤៣ ក្បាល​ត្រូវបាន​ដកហូត​សិទ្ធិ​ពី​ព្រឹត្តិការណ៍​ជាមុន ដោយសារតែ​រឿង​នេះ​៕

​អូដ្ឋ​របស់​លោក​ម៉ូ​ហាន​ណា អ៊ីប្រាហ៊ីម អាល់ អាណា​ហ្ស៊ី ឈ្នះ​ជ័យលាភី​ជា​អូដ្ឋ​ទាក់ទាញ​បំផុត​នៅ​អូដ្ឋ​វើល​ខាប់​កាតា​ឆ្នាំ​២០២២

Post navigation