ដោយៈសរិទ្ធ / ស្ទឹងត្រែងៈ អ្នកជាប់ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ចំនួន៧៧ នាក់ ក្នុងខេត្តស្ទឹងត្រែង ត្រូវបានបញ្ជូនសំណាក ទៅពិនិត្យនៅវិជ្ជាស្ថានប៉ាស្ទ័រ រាជធានីភ្នំពេញ។ ដោយឡែក នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ មន្ទីរសុខាភិបាល នឹងយកសំណាកម្នាក់ បន្ថែមទៀត ជាអ្នកបើកបររថយន្ត របស់លោកតំណាងរាស្ត្រ ទៅពិនិត្យ ផងដែរ (សរុប ៧៨ នាក់)។
លោកវេជ្ជបណ្ឌិត ទន វុទ្ធី អនុប្រធានមន្ទីរសុខាភិបាលខេត្ត និងជាប្រធានក្រុមការងារប្រឆាំងនឹងជំងឺឆ្លង បានឲ្យដឹងថាៈ សំណាកទាំង ៧៨ នាក់នេះ បានយកចេញពី ៣ ទីតាំងផ្សេងគ្នា ក្នុងនោះ មាន ១ ទីតាំងនៅផ្ទះលោក ឡូយ សុផាត តំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង ចំនួន ៤២ នាក់ យកចេញពីផ្ទះលោក ម៉ុម សារឿន អភិបាលខេត្ត ចំនួន ៣៣ នាក់ និងទីតាំងបន្ទាប់ទៀត មាន ៣ នាក់ ចេញពីមន្ទីរសុខាភិបាល។
សូមជម្រាបថា បន្ទាប់ពីមានករណីផ្ទុះ រលកជំងឺកូវីដ-១៩ សាជាថ្មីឡើងវិញ រដ្ឋបាលខេត្តស្ទឹងត្រែង បានចេញសេចក្តីជូនដំណឹង ដល់ប្រជាពលរដ្ឋ ទាំងអស់ក្នុងខេត្ត សូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវគោរពតាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាជៀសវាង និងបង្ការកុំឲ្យឆ្លង រីករាលដាល នូវជំងឺកូវីដ-១៩ នេះ៕/V