ដោយៈសរិទ្ធ/ភ្នំពេញៈករណីនាំចូល ស្តុក ចែកចាយ និងតាំងលក់ នាឡិកាម៉ាក ZINVO ក្លែងក្លាយបានត្រូវនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចកសាងសំណុំរឿងបញ្ជូនមកតុលាការនៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីចាត់ការបន្តតាមនីតិវិធី។ ចំណែកម្ចាស់ទីតាំងប្រុសស្រី២នាក់ ជាជនជាតិចិនបានត្រូវសមត្ថកិច្ចដោះលែងឲ្យមានសេរីភាពវិញដោយសារដើមបណ្តឹងដកពាក្យឈប់ប្តឹងនិងម្ចាស់ទីតាំងនេះព្រមបង់ប្រាក់ពិន័យតាមច្បាប់កំណត់។
គួររំលឹកថានៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ កម្លាំងជំនាញនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនិងតំណាងក្រុមហ៊ុន ZINVO LLC. ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីពី លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបករណីនាំចូល ស្តុក ចែកចាយ និងតាំងលក់ នាឡិកាម៉ាក ZINVO ក្លែងក្លាយ នៅតូបលេខ ខ.១១-៨៤ ផ្សារអូរឬស្សី និងផ្ទះលេខ ១១សេ ផ្លូវ៣១៨ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
សមត្ថកិច្ច អះអាងថា សមត្តកិច្ចរកឃើញវត្ថុតាងរួមមាន នាឡិកាក្លែងក្លាយម៉ាក ZINVO, GUCCI និងCASIO សរុបចំនួន ៤.៦៣១គ្រឿង និង សម្ភារវេចខ្ចប់មួយចំនួនទៀត ។
ក្រោយពីធ្វើការឆែកឆេរ សមត្ថកិច្ចបានដកហូតវត្ថុតាងទាំងអស់យកមករក្សាទុកជាបណ្តោះអាសន្ន និងនាំខ្លួនម្ចាស់ទីតាំងប្រុសស្រី២នាក់ ជាជនជាតិចិម មកសាកសួរបំភ្លឺ ដើម្បីបន្តនីតិវិធី ៕