ដោយ: អង្គរតូច / សៀមរាប: ស្ត្រីម្នាក់បានត្រូវម៉ូតូបុកបណ្តាលឲ្យស្លាប់ភ្លាម ខណៈដើរឆ្លងផ្លូវមិនប្រយ័ត្ន។ ហេតុការណ៍នោះ បានកើតឡើងកាលពីវេលាម៉ោង៧និង២០នាទី ថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវលំគ្រួសក្រហម ត្រង់ចំនុច ភូមិរហាល ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។
មន្ត្រីអាវុធហត្ថស្រុកស្វាយលើ បានឲ្យដឹងថា ករណីគ្រោះថ្នាក់នេះ បង្កឡើងរវាងម៉ូតូ និងមនុស្សដើរថ្មើរជើង បណ្ដាលឲ្យស្លាប់។
មន្ត្រីបន្តថា ជនរងគ្រោះឈ្មោះ គង់ រឿន ភេទស្រី អាយុ៥៧ឆ្នាំ រស់នៅភូមិរហាល ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។ ចំណែកជនបង្ករឈ្មោះ មឺយ លឿង ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិតាសៀម ឃុំតាសៀមស្រុកស្វាយលើ ខេត្តសៀមរាប បើកបរម៉ូតូម៉ាក YAMAHA ពណ៌ខ្មៅ លេខម៉ាស៊ីន G3D4E296928 គ្មានស្លាកលេខ និងអ្នករួមដំណើរជាមួយឈ្មោះ ឡុន អិន ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។ ក្រោយពេលកើតហេតុ ជនបង្កបានរត់គេចខ្លួនបាត់។
មន្ត្រីបញ្ជាក់ថា មូលហេតុបើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន។ ក្រោយពេលកើតហេតុកម្លាំងជំនាញបានចុះទៅដល់ ហើយបានប្រគល់សាកសព ទៅឲ្យសាច់ញាតិ។ ចំណែកវត្ថុតាងបានយកមករក្សាទុក នៅអធិការដ្ឋាននគបាលស្រុកស្វាយ លើរង់ចាំដោះស្រាយ៕