Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ប្រធាន​អាស៊ាន​​សារភាព​ថា​កិច្ច​ប្រជុំ​៣​ថ្ងៃ​នៅ​កម្ពុជា​មិន​អាច​ដោះ​ស្រាយ​បញ្ហា​ធំៗ​តំបន់​និង​ពិភព​លោក​បាន​ភ្លាម​ៗ​នោះ​ទេ

កម្ពុជាដែលជាប្រធានអាស៊ាននៅឆ្នាំ ២០២២ ថា ការរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន​លើកទី៥៥ (AMM) និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានប្រព្រឹត្តទៅ ប្រកបដោយជោគជ័យ ប៉ុន្តែក៏សារភាពដែរថា កិច្ចប្រជុំដែលមានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែសីហា មិនអាចដោះស្រាយបញ្ហាធំៗនៅក្នុងតំបន់ និងពិភពលោកបានភ្លាមៗដូចការចង់បាននោះទេ។

ការគូសបញ្ជាក់ដូច្នេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធដែលរៀបចំឡើងដោយក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាដោយមានរដ្ឋមន្រ្តីក្រសួងការបរទេស លោក ប្រាក់ សុខុន ជាអ្នកធ្វើផ្ទាល់។

ឆ្លើយតបទៅនឹងសំណួររបស់អ្នកកាសែតដែលមើលឃើញថា លទ្ធផលកិច្ចប្រជុំនៅលើកនេះហាក់មិនសូវទទួលបានលទ្ធផលធំធេង ជាពិសេសទៅលើបញ្ហាប្រឈមធំៗមួយចំនួនកំពុង កើតឡើងនៅក្នុងតំបន់អាស៊ាន និងនៅលើពិភពលោក ហើយដែលនៅតែជាការកង្វល់ និងក្តី បារម្ភរួមសម្រាប់តំបន់និងពិភពលោកទំាងមូលនោះ លោក ប្រាក់ សុខុន បានសារភាពដោយ អត់រួញរាថា គេមិនអាចរំពឹងកិច្ចប្រជុំចំនួន ៣ ឬ ៤ ថ្ងៃនេះ អាចដោះស្រាយបញ្ហាប្រឈម ឬ វិបត្តិធំៗ ហើយដែលវិបត្តិខ្លះបានកើតឡើងអស់រយៈពេលជាច្រើនឆ្នាំ ឬច្រើនទសវត្សរ៍ ​នោះទេ។

បើតាមលោក ប្រាក់ សុខុន បញ្ហាប្រឈមធំៗដែលអាស៊ានមិនអាចដោះស្រាយបាននៅពេល នេះ រួមមានវិបត្តិនយោបាយ និងជម្លោះប្រដាប់អាវុធជាច្រើនទសវត្សរ៍កំពុងអូសបន្លាយនៅក្នុង ប្រទេសមីយ៉ាន់ម៉ា។ ​ ជម្លោះដែនទឹកនៅសមុទ្រចិនខាងត្បូងរវាងប្រទេសចិននិងសមាជិក អាស៊ានមួយចំនួន ភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់រវាងចិននិងកោះតៃវ៉ាន់ ជាពិសេស ក្រោយដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី ណានស៊ី ផេឡូស៊ី (Nancy Pelosi) ទៅកាន់ដែនកោះនេះ។ បន្ថែមពីនេះ សង្រ្គាមរុស្សីឈ្លានពានលើប្រទេសអ៊ុយក្រែន និងការវិវត្តស្ថានការណ៍នៅតំបន់ឧបទ្វីបកូរ៉េជាដើម។     

ទោះជាយ៉ាងណា គេសង្កេតឃើញថា បញ្ហាវិបត្តិនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ាហាក់ ត្រូវបានគេយកចិត្តទុក្ខដាក់ខ្លាំងជាងគេ នេះក៏ប្រហែលជាដោយសារតែមីយ៉ាន់ម៉ាគឺជា សមាជិករបស់អាស៊ានផ្ទាល់ ហើយអវត្តមានរបស់តំណាងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ក៏បានក្លាយជាការចាប់អារម្មណ៍ផងដែរ។

លើសពីនេះ គេក៏ប្រហែលជាទន្ទឹងរង់ចាំមើល ចំណាត់ការជាក់ ស្តែងរបស់អាស៊ានចំពោះរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ដែលកាលពីពេល ថ្មីៗនេះ បានប្រហារជីវិតសកម្មជនបក្សប្រឆាំងចំនួន ៤ រូប ក្នុងនោះរួមទាំងសមាជិកសភាមក ពីគណបក្សសម្ព័ន្ធដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) ផង។ ប៉ុន្តែគេនៅមិនទាន់ឃើញអាស៊ានមានវិធានការធ្ងន់ធ្ងររួមគ្នាណាមួយដាក់ចេញ ជាក់ស្តែងដើម្បីឆ្លើយតបទៅនឹងទង្វើរបស់របបយោធាមីយ៉ាន់ម៉ា ដែលបានប្រព្រឹត្តលើ សកម្មជនបក្សប្រឆាំងនៅឡើយទេ ក្រៅតែពីបានសម្តែងការរន្ធត់ចិត្តចំពោះអ្វីដែលបានកើត ឡើង និងព្រមានចាត់វិធានការនានា។

ឆ្លើយតបចំពោះរឿងនេះ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា និងជាប្រេសិត ពិសេសប្រធានអាស៊ានស្តីបញ្ហាមីយ៉ាន់ម៉ាដែលធ្លាប់បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ាចំនួនពីរដងរួចមកហើយ ដើម្បីស្វែងរកដំណោះស្រាយវិបត្តិនយោបាយនៅក្នុង ប្រទេសនេះ ថាគេមិនអាចដោះស្រាយ វិបត្តិដែលបានកើតឡើងអស់រយៈពេលជាច្រើនឆ្នាំ តែក្នុងមួយរយៈពេលដ៏ខ្លីបាននោះឡើយ។

លោកបញ្ជាក់បន្ថែមថា៖ «បញ្ហាមិនអាចដោះស្រាយដោយកិច្ចប្រជុំមួយ ឬពីរ ការចរចា គឺចំណាយពេលច្រើន ដូចជាបញ្ហានៅមីយ៉ាន់ម៉ាអ៊ីចឹង បន្ទាប់ពីដំណើរទស្សនកិច្ច២លើកនៃ ប្រេសិតពិសេស មនុស្សមួយចំនួន គឺចាប់ផ្តើមបាត់បង់ភាពអត់ធ្មត់ទៅហើយចង់បានលទ្ធផល។ ឧទាហរណ៍អំពើហិង្សារវាងយោធានិងក្រុមប្រដាប់អាវុធ […]តើយើងអាចដោះ ស្រាយជម្លោះជាង ៧ទសវត្សរ៍នេះដោយរបៀបណា? […] ខ្ញុំគិតថា Superman ក៏មិនអាចដោះ ស្រាយបញ្ហាមីយ៉ាន់ម៉ាបានដែរ»។

នេះជាលើកទីមួយដែលអាស៊ានអាចរៀបចំកិច្ចប្រជុំទល់មុខគ្នាក្រោយការផ្ទុះឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ។ ប្រេសិតពិសេសប្រធានអាស៊ាននៅតែផ្តល់តំលៃខ្ពស់ចំពោះកិច្ចប្រជុំទល់មុខ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានរៀបចំនៅពេលនេះ ដែលលោកចាត់ទុកថា ជាវេទិកាសម្រាប់ ការជួបជុំជជែករកដំណោះស្រាយបញ្ហាដែលកំពុងកើតមាន។

ពាក់ព័ន្ធនឹងវិបត្តិនៅប្រទេសមីយ៉ាន់ម៉ានេះ ក្នុងសុន្ទរកថាស្វាគមន៍ និងបើកកិច្ចប្រជុំរដ្ឋមន្រ្តីការ បរទេសអាស៊ានកាលពីព្រឹកថ្ងៃទី៣ ខែសីហា ប្រមុខរដ្ឋាភិបាលកម្ពុជា និងជាប្រធានអាស៊ាន លោក ហ៊ុន សែន បានសម្តែងការខកចិត្តចំពោះរបបយោធាមីយ៉ាន់ម៉ាដែលបានរុញច្រាន ស្ថានការណ៍នៅក្នុងប្រទេសមួយនេះកាន់តែអាក្រក់ ក្រោយពីប្រហារជីវិតសកម្មជននយោបាយបក្សប្រឆាំងចំនួន ៤រូប។

លោក ហ៊ុន សែន ដែលក្រុមប្រឆាំងនៅកម្ពុជាតែងចោទប្រកាន់ ថាបានធ្វើទុក្ខបុកម្នេញលើពួកគេដែរនោះ បានព្រមានទៅកាន់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាថា ក្នុងករណីមានអ្នកទោសដទៃទៀតដែលនឹងត្រូវកាត់ទោសប្រហារជីវិត អាស៊ាននឹងត្រូវបង្ខំចិត្ត គិតគូរឡើងវិញអំពីតួនាទីរបស់ខ្លួនចំពោះការព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុចរបស់អាស៊ាន។ ជំហរបែបនេះ ក៏ត្រូវបានលោក ប្រាក់ សុខុន បញ្ជាក់ឡើងវិញជាថ្មីទៀតនៅក្នុងសន្និសីទ កាសែត នៅថ្ងៃនេះផងដែរ។

ក្នុងនាមជាប្រេសិតពិសេសប្រធានអាស៊ានស្តីពីបញ្ហាមីយ៉ាន់ម៉ា លោក ប្រាក់ សុខុន ថានឹង ធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់មីជាលើកទី៣នៅដើមខែកញ្ញាខាងមុខ ក៏ប៉ុន្តែ លោកមិនទាន់បានបញ្ជាក់លំអិតពីផែនការសកម្មភាពរបស់លោកនៅឡើយ។ ទោះជាយ៉ាង ណា លោកបានព្រមានដែរថា មីយ៉ាន់ម៉ានឹងមិនត្រូវបានអនុញ្ញាតឱ្យមានវត្តមាននៅក្នុងកិច្ច ប្រជុំនៅពេលខាងមុខទៀតនោះទេ ប្រសិនបើរបបយោធាមិនបង្ហាញឱ្យឃើញវឌ្ឍនភាព ស្ថានការណ៍នៅក្នុងប្រទេសនេះ។   

គេនៅចាំបានថា ក្រោយពីកម្ពុជាទទួលបានញញួរធ្វើជាប្រធានប្តូរវេនអាស៊ាននៅឆ្នាំ ២០២២ នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានលើកឡើងថា អាស៊ានបានបោះថ្មក្តៅ ៣ ដុំមក ឱ្យកម្ពុជា។ ថ្មក្តៅទាំង៣ដុំនោះ គឺលោកសំដៅដល់វិបត្តិនយោបាយនៅប្រទេសមីយ៉ាន់ម៉ា ជម្លោះនៅសមុទ្រចិនខាងត្បូង និងសង្រ្គាមឈ្លានពានរបស់ប្រទេសរុស្សីលើអ៊ុយក្រែន។

រហូតដល់ពេលនេះ គេសង្កេតឃើញថាថ្មក្តៅទាំង៣ដុំនេះ មិនត្រឹមតែបានថយកំដៅនោះទេ ប៉ុន្តែកម្រិតកំដៅរឹតតែកើនឡើងថែមទៀត ក្រោយពីមានការប្រហារជីវិតសកម្មជនបក្ស ប្រឆាំងនៅមីយ៉ាន់ម៉ា ការកើនឡើងភាពតានតឹងជាថ្មីរវាងអាមេរិកនិងចិនដែលជាគូប្រជែង ភូមិសាស្រ្តនយោបាយនៅអាស៊ី និងនៅសមុទ្រចិនខាងត្បូង បើទោះណាជាមានការជឿន លឿនខ្លះៗពីការចរចាលើក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (COC) ក៏ដោយ។  ចំណែកថ្មក្តៅ មួយដុំទៀត គឺសង្រ្គាមរវាងរុស្សី និងអ៊ុយក្រែនក៏កំពុងតែអូសបន្លាយគ្មានពេលកំណត់ និងកំពុងបង្កឱ្យមានវិបត្តិសន្តិសុខស្បៀង និងថាមពលនៅលើពិភពលោក។  

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា កត់សម្គាល់ឃើញថា បើមើលជា រូបភាពរួម ការរៀបចំកិច្ចប្រជុំអាស៊ានដែលកម្ពុជាជាម្ចាស់ផ្ទះនៅពេលនេះគឺមានលក្ខណៈ ល្អដោយសារតែកម្ពុជាអាចរក្សាបាននូវស្ថិរភាព សន្តិសុខ និងសុវត្ថិភាពសម្រាប់ប្រតិភូបរទេស។ តែទោះជាយ៉ាងណា លោកថាកម្ពុជានៅមានបញ្ហាសំខាន់ៗមួយចំនួនដែលត្រូវដោះស្រាយដើម្បីស្តារមុខមាត់របស់កម្ពុជាបន្ថែមទៀត ជាពិសេសកម្ពុជាត្រូវមានការគោរពសិទ្ធិមនុស្ស ការបើកចំហសេរីភាព និងប្រជាធិបតេយ្យ ព្រមទាំងការការពារជំហររបស់កម្ពុជា នៅលើឆាកអន្តរជាតិ ដែលកម្ពុជាត្រូវបានគេមើលឃើញថា មានភាពលំអៀងទៅរកមហាអំណាចចិន។

លោក ឯម សុវណ្ណរ៉ា បានលើកឡើងពីការទទូចរបស់រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អែនតូនី ប្លីងខិន (Antony J. Blinken) ឱ្យរដ្ឋាភិបាលកម្ពុជាបើកលំហសេរីភាពនយោបាយ  និងការគោរពសិទ្ធិមនុស្សនៅមុនការបោះឆ្នោត និងតម្លាភាពនៃមូលដ្ឋានទ័ពជើងទឹករាម។ បញ្ហានេះ ​លោកថា កម្ពុជាគួរខិតខំធ្វើឱ្យកាន់តែប្រសើរឡើង ​និងមានទំនុកចិត្តពីសហគមន៍អន្តរជាតិ។

លោក ឯម សុវណ្ណរ៉ា បន្ថែមថា៖ «ប្រសិនបើកម្ពុជាយើងមានភាពបត់បែន មានការគិតគូរបាន ល្អិតល្អន់ ខ្ញុំគិតថាយើងអាចទាញយកបានអត្ថប្រយោជន៍ច្រើនពីជំនួបរដ្ឋមន្រ្តីការបរទេស ដោយសារតែមានរដ្ឋមន្រ្តីការបរទេសអាស៊ាន ១០ ប្រទេស ហើយរដ្ឋមន្រ្តីការបរទេសជាង ៥០ទៀតចូលរួម។ អ៊ីចឹងអាចផ្សព្វផ្សាយនិងបង្កើនកិច្ចសហប្រតិបត្តិការការទូតនិងពាណិជ្ជកម្មបានច្រើន ប្រសិនបើភាពបត់បែន ភាពគិតបានល្អិតល្អន់ពីនយោបាយការបរទេសកម្ពុជា»។   

ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២ កម្ពុជាបានរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធចំនួន ២ដងរួចមកហើយទាំងនៅលើកនេះ ដែលលើកទីមួយ បានធ្វើឡើងកាលពីខែកុម្ភៈ។ ក្នុងកិច្ចប្រជុំលើកនេះ ក្រៅតែពីមានកិច្ចប្រជុំពេញអង្គរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ ក៏មានកិច្ចប្រជុំផ្សេងទៀតរវាងអាស៊ានជាមួយដៃគូសន្ទនា កិច្ចប្រជុំអាស៊ានបូក៣ (អាស៊ានបូក ចិន ជប៉ុន កូរ៉េខាងត្បូង) កិច្ចប្រជុំអាស៊ីបូព៌ា វេទិកាតំបន់ អាស៊ាន និងកិច្ចប្រជុំទ្វេភាគីមួយចំនួនទៀត។​   

កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៦ (AMM) និងកិច្ចប្រជុំពាក់ព័ន្ធ នឹងត្រូវធ្វើឡើង នៅក្នុងប្រទេសឥណ្ឌូនេស៊ី (Indonesia) នៅឆ្នាំ២០២៣ នៅពេលឥណ្ឌូនេស៊ីនឹងធ្វើជាប្រធានប្តូរវេនអាស៊ានបន្ទាប់ពីកម្ពុជានៅឆ្នាំក្រោយ៕