ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ ក្រុមការងារគ្រប់គ្រងនិស្សិត នៃសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (ក្រុមទី០៦) ដឹកនាំដោយ លោក ម៉ី វ៉ាន់ និងលោក កែវ រតនៈ បាននាំយកអំណាយដ៏ថ្លៃថ្លា និងការសាកសួរសុខទុក្ខ ពីសំណាក់លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី និងសប្បុរសជន ចែកជូនដល់ ប្រជាពលរដ្ឋ ៧.៨១៩ គ្រួសារ ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ។
លោក ម៉ី វ៉ាន់ រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន ក្រុមការងារទី៦ នៃសមាគមសិស្ស-និស្សិត អាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត បានលើកឡើងថាៈ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ព្រមទាំងថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ បានគិតគូរពីសុខទុក្ខ ប្រជាពលរដ្ឋ នៅទូទាំងប្រទេស។ ជាក់ស្ដែងថ្ងៃនេះ លោកបានមើលឃើញ ការលំបាករបស់ប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយទឹកជំនន់ នាពេលកន្លងមក ទើបក្រុមការងារ បាននាំយកអំណោយ ដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ាណែត និងលោកស្រី និងសប្បុរសជន ដទៃទៀត មកប្រគល់ជូន ប្រជាពលរដ្ឋ ចំនួន ៧.៨១៩ គ្រួសារ ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក ម៉ី វ៉ាន់ បានបន្តថាៈ ទោះបីអំណោយ នាពេលនេះ គឺមិនទាន់គ្រប់គ្រាន់ នឹងតម្រូវការរបស់ប្រជាពលរដ្ឋ ណាក៏ដោយ ក៏ប៉ុន្តែបានដោះស្រាយ ការលំបាករបស់ បងប្អូនប្រជាពលរដ្ឋ ចំពោះមុខ។ ក្រោយពីទឹកស្រក សូមបងប្អូនប្រជាពលរដ្ឋ ខំបង្កបង្កើនផល ដាំដំណាំ ដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ និងយកចិត្តទុកដាក់ ថែទាំសុខភាពការពារ ការឆ្លងនូវជំងឺផ្សេងៗ ជាពិសេសត្រូវយកចិត្តទុកដាក់ នៅក្នុងការការពារ ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ តាមវិធានការរបស់ ក្រសួងសុខាភិបាល។
សូមបញ្ជាក់ថា អំណោយរបស់លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី និងសប្បុរសជនដទៃទៀត ប្រគល់ជូន ប្រជាពលរដ្ឋ ៧.៨១៩ គ្រួសារ នៅក្នុងឃុំចំនួន ៤ នៃស្រុកក្រគរ ក្នុងនោះ ឃុំក្បាលត្រាច មានចំនួន ៣.១០៤ គ្រួសារ ឃុំកំពង់លួង មានចំនួន ៩៨៧ គ្រួសារ ឃុំអូរសណ្តាន់ មានចំនួន ១៨៤ គ្រួសារ និងឃុំកំពង់ពោធិ មានចំនួន ១.៨៨៦ គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបាន អង្ករ និងគ្រឿងឧបភោគ បរិភោគ ដើម្បីដោះស្រាយ ការលំបាកប្រចាំថ្ងៃ៕/V