Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ប្រមុខ​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​នឹង​ស្នើសុំ​ទូរទស្សន៍​ក្នុងស្រុក​រៀបចំ​សង្វៀន​ប្រកួត​

Views: 2

ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ ប្រមុខ​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា​លោក អ៊ូ រតនា​បាន​ប្រ​​កាស​ថា​នឹងធ្វើ​ការស្នើសុំ​ទៅ​បណ្ដា​ស្ថានីយទូរទស្សន៍​ក្នុងស្រុក​បង្កើត​ឲ្យ​មាន​សង្វៀន​ប្រកួត​បន្ថែម​ឲ្យ​លើស​ពីរដង​ក្នុង​មួយឆ្នាំ ដើម្បីអោយ​កីឡាករ កីឡាការិនី បង្កើន​សិទ្ធ​ផល បន្សាំ​ខ្លួន ពង្រឹងសមត្ថភាព​ស្មារតី ជាពិសេស​បច្ចេកទេស និង​យុទ្ធសាស្ត្រ​លើ​វិញ្ញាសា​ប្រយុទ្ធ​។​

​លោក​បន្តថា​ការប្រកួត​ជើងឯក​ជាតិ និង​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​៣ នាពេល​ខាង​​មុខ​នេះ គឺ​មិន​គ្រប់គ្រាន់​សម្រាប់​អត្ត​ព​លិ​ក​ដុសខាត់​សមត្ថភាព​នោះទេ​។ ការប្រកួត​កាន់តែច្រើន​នឹងធ្វើ​ឲ្យ​កីឡាករ កីឡាការិនី​មាន​ភាពជឿជាក់ និង​មាន​ស្មារតី​ប្រយុទ្ធ​កាន់តែ​ល្អប្រសើរ​នៅលើ​​ទីលាន​ត្រៀម​ធ្វើការ​ប្រកួត​នៅក្នុង​ព្រឹត្តិការណ៍​កម្រិត​អន្តរជាតិ​នានា​ជាពិសេស​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ នា​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ប្រកបដោយ​ជោគជ័យ​។​

​រាល់​ការប្រកួត​នីមួយៗ​គឺ​សហព័ន្ធ​តែងតែ​អោយ​មន្ត្រី​បច្ចេកទេស​មួយរូប​ពិនិត្យមើល​ពី​សិទ្ធ​ផល​កម្លាំងកាយ​ការបញ្ចេញ​ស្នៀត​បញ្ចេញ​ក្បាច់​ហើយ​ឲ្យ​កែ​ឲ្យ​ត្រូវ​ទៅតាម​អ្វីដែល​បាន​​ហ្វឹកហាត់ ដើម្បី​ធានា​ឲ្យ​បាន​ថា យើង​នឹង​ទទួលបាន​លទ្ធផល​ល្អ ពី​ការប្រកួត​។ ក្នុងនោះ សហព័ន្ធ​ក៏បាន​ត្រៀម​ដាក់​មន្ត្រី​បច្ចេកទេស និង​អាជ្ញាកណ្តាល ចៅក្រម ចូលរួម​រៀបចំ និង​កាត់សេចក្តី​ដូចគ្នា​ដើម្បីអោយ​ពួគគេ​ទទួលបាន​បទពិសោធន៍ និង​បន្សាំ​ខ្លួន​ជាពិសេស​ឯករាជ​លើ​ការរៀបចំ​ព្រឹត្តិការណ៍​ប្រកួត​ដោយ​ខ្លួនឯង អោយបាន​ញឹកញាប់​មុន​ស៊ី​ហ្គេម​។​

​ជាមួយគ្នានេះ លោក អ៊ូ រតនា ក៏បាន​ថ្លែងអំណរគុណ​ដល់​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បានផ្ដល់​កីឡាករ កីឡាការិនី​ជម្រើសជាតិ រហូត​ទៅដល់ ៣៣​នាក់ កំពុង​ហ្វឹកហាត់​យ៉ាង​សស្រាក់សស្រាំ ដោយ​ក្នុង​មួយ​វិញ្ញាសា មាន​កីឡាករ កីឡាការិនី​ពី ២ ទៅ​៣​នាក់​ដើម្បី​ត្រៀម​ធ្វើការ​ប្រកួតប្រជែង​ជើងឯក​អាស៊ីអាគ្នេយ៍​នា​ខែមីនា ឆ្នាំ​២០២៣​ខាងមុខ​។ នេះ គឺជា​ការឆ្លុះបញ្ចាំង និង​ពិនិត្យមើល​ពី​សិទ្ធ​ផល សមត្ថភាព​ចុងក្រោយ អោយបាន​ល្អប្រសើរ ប្រកបដោយ​ទំនុកចិត្ត​ខ្ពស់ ដើម្បី​ធានា​អោយបាន​ថា កីឡាករ កីឡាការិនី មានលទ្ធភាព​គ្រប់គ្រាន់ អាច​ដណ្តើមបាន​មេដាយ ៩​គ្រឿង ពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម ជា​ប្រវត្តិសាស្ត្រ​ដំបូង របស់​ព្រះរាជាណាចក្រ​កម្ពុជា តាម​ស​ន្ទ​ស្សន៍​ដែល Camsoc ដាក់ជូន គឺ​មេដាយមាស ៩​គ្រឿង​។​

​ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជើងឯក​អាស៊ីអាគ្នេយ៍​នា​ខែមីនា ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ នឹង​អញ្ជើញ​បណ្ដា​ប្រទេស​ជា​សមាជិក​ចូលរួម​ទាំងអស់ រួមមាន ឥណ្ឌូនេស៊ី វៀតណាម ថៃ មី​យ៉ាន​ម៉ា ឡាវ ហ្វីលីពីន និង​សមាជិក​ថ្មី​បន្ថែម ២​ទៀត គឺ​ម៉ាឡេស៊ី និង​ទី​ម័​រ​៕​

Post navigation