Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បុរស​បូ​លី​វី​ម្នាក់​ប្រឹង​រំដោះ​ខ្លួន​យ៉ាង​លំបាក​ទម្រាំ​ចេញផុត​ពី​ក្តារ​មឈូស ក្រោយ​គេ​បញ្ចុះ​ខ្លួន​ទាំង​រស់​ដើម្បី​បូជា​ដល់ “​ព្រះ​ម៉ែ​ធរណី​”

Views: 12

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ បុរស​ម្នាក់​បាន​ប្រាប់​ពី​វិធី​ដែល​គាត់​រំដោះខ្លួន​ចេញពី​មឈូស​មួយ​បន្ទាប់​ពី​ត្រូវ​បាន​បញ្ចុះ​ទាំង​រស់​ដោយ​អ្នកចូលរួម​ក្នុង​ពិធីបុណ្យ “​បូជាយញ្ញ​ដល់​ព្រះ​ម៉ែ​ធរណី​” ពេល​គាត់​សន្លប់​ពេល​កំពុង​ផឹកស្រា​នៅ​ប្រទេស​បូ​លី​វី​។​

​បន្ទាប់​ពី​ឆ្លង​ផុត​យប់​នៃ​ការ​ផឹកស្រា​ជោគជាំ​នៅ​ថ្ងៃ​បើក​ពិធី​បុណ្យ​ព្រះ​ម៉ែ​ធរណី​នៅ​ទីក្រុង​អែល​អាល់​តូ (El Alto) ប្រទេស​បូ​លី​វី​កាលពី​ថ្ងៃទី ៥ ខែ​សីហា លោក វី​កទ័រ យូ​ហ្គោ មី​កា អាល់​វើ​រ៉េស (Víctor Hugo Mica Alvarez) អាយុ ៣០ ឆ្នាំ​បាន​ឃើញ​ខ្លួន​ឯង​ស្ថិត​ក្នុង​ក្តារ​មឈូស​ក្នុង​ទីប្រជុំជន​អា​ឆា​កាឈី (Achacachi) ។​

​ក្នុង​ពិធីបុណ្យ​ព្រះ​ម៉ែ​ធរណី​គឺ​មនុស្ស​នាំគ្នា​ថ្លែងអំណរគុណ​ដល់​ព្រះ ប៉ាឆា​ម៉ា​ម៉ា (Pachamama) ដែល​ជា​ព្រះ​ម៉ែ​ធរណី​និង​ជា​តំណាង​នៃ​ការ​មាន​គភ៌ ដែល​ក្នុងនោះ​ពួកគេ​បាន​ផ្តល់​តង្វាយ ដែល​គេ​ស្គាល់​ថា “​ស៊ូ​ល​លូ​” (Sullu) ដល់​ភពផែនដី​។​

​ជនជាតិដើម​ភាគតិច​បូ​លី​វី​ជឿថា ព្រះ​ម៉ែ​ធរណី​នឹង “​បើក​មាត់​” សម្រាប់​តង្វាយ​ក្នុង​ខែសីហា​ហើយ​មនុស្ស​ជាច្រើន​នឹង​ផ្តល់​អ្វីៗ​ទាំងអស់​រាប់​ចាប់ពី​សត្វមានជីវិតរ​ហូត​ដល់​កូន​ចៀម​ក៏ដូចជា​ស្លឹក​កា​កាវ​​និង​បង្អែម​។​

​អ្នកខ្លះ​និយាយថា ការ​បូជាយញ្ញ​និង​តង្វាយ​ជា​មនុស្ស​រស់​ដូច​ក្នុង​សម័យបុរាណ​នៅតែ​ប្រព្រឹត្តទៅ​ជា​សម្ងាត់​។​

​លោក​អាល់​វើ​រ៉េស​ជឿថា អ្នកចូលរួម​ក្នុង​ពិធីបុណ្យ​បាន​កប់​គាត់​ទាំង​រស់​សម្រាប់​ជា​ដង្វាយ Sullu ដល់​ព្រះ​ម៉ែ​ធរណី​។​

​បុរស​វ័យ ៣០ ឆ្នាំ​រូប​នេះ​បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​របស់​បូ​លី​វី​ឈ្មោះ Página Siete ថា “​យប់មិញ​ជា​ថ្ងៃ​បើកឆាក​ពិធីបុណ្យ ពួក​យើង​បាន​ទៅ​រាំ​។ ហើយ​ក្រោយមក​ខ្ញុំ​មិន​ចាំ​អ្វី​ទាំងអស់​។​រឿង​​តែមួយគត់​ដែល​ខ្ញុំ​ចងចាំ​គឺថា ខ្ញុំ​ស្មានថា​ខ្ញុំ​នៅ​លើ​គ្រែ​របស់ខ្ញុំ ខ្ញុំ​ចង់​ក្រោក​ទៅ​បត់ជើងតូច ហើយ​ខ្ញុំ​មិន​អាច​កម្រើក​បាន​។ នៅ​ពេល​ខ្ញុំ​រុញ​ក្តារ​មឈូស ខ្ញុំ​អាច​បំបែក​កញ្ចក់​ក្តារ​មឈូស ហើយ​វា​ជា​វិធី​ដែល​ខ្ញុំ​អាច​ចេញទៅ​ក្រៅ​បាន​។ ពួក​គេ​ចង់​ប្រើ​ខ្ញុំ​ធ្វើ​ជា​តង្វាយ Sullu”​។​

​ប៉ុន្តែ​រឹតតែ​ឈឺចាប់​ជាងនេះទៀត​នោះ​គឺ នៅពេល​ដែល​អាល់​វើ​រ៉េស​ប្តឹង​ប៉ូលិស​អំពី​ការ​បញ្ចុះសព​គាត់ បែរ​ជា​ពួកគេ​បដិសេធ​មិន​ជឿ​គាត់ ហើយ​បោះសម្តី​ថា គាត់​ស្រវឹង​ពេក​ហើយ​ទើប​និយាយ​ដូច្នេះ​។​

​ការថ្វាយ​តង្វាយ​ដល់​ព្រះ​ម៉ែ​ធរណី​ប៉ាឆា​ម៉ា​ម៉ា​នៅតែ​បន្ត​ធ្វើ​រៀងរាល់ឆ្នាំ ដោយ​មាន​ជនជាតិដើម​ភាគតិច​ជាច្រើន​ចូលរួម​នៅក្នុង​ការ​រាំ​របាំ​ប្រជាប្រិយ និង​ធ្វើ​ពិធី​សាសនា​៕

​អាល់​វើ​រ៉េស​ត្រូវ​គេ​បញ្ចុះ​ទាំង​រស់​ក្នុង​ក្តារ​មឈូស​ដើម្បី​ធ្វើ​ជា​តង្វាយ Sullu ដល់​ព្រះ​ម៉ែ​ធរណី​កាលពី​ថ្ងៃទី​៥​សីហា​

Post navigation