Views: 8
ដោយៈ ភ្នំស្វាយ / ព្រំដែនកម្ពុជា ថៃៈ កងកម្លាំងទាហានប៉ារ៉ា ការពារព្រំដែនថៃ ដែលផ្លាស់វេន ថ្មីទាំងនោះ ត្រូវរួមដំណើរដោយ មន្ត្រីអាជ្ញាធរ តម្រួតអន្តោប្រវេសន៍ បានចុះមកពិនិត្យរណ្តៅ បង្គោលព្រំដែនលេខ៤៩ នៅក្បែរច្រកព្រំដែនខ្លងលឹក ថៃ – ប៉ោយប៉ែត កម្ពុជា កាលពីវេលា ម៉ោង ១០និង៥៨ នាទី ថ្ងៃត្រង់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។
រណ្តៅបេតុងបង្គោលព្រំដែន ដែលត្រូវបានកងកម្លាំង និងគណ:កម្មាធិការព្រំដែនថៃ និងកម្ពុជា បានឯកភាពគ្នា ជួសជុល ថែទាំកន្លងមកនោះ ស្ថិតនៅខាងកើតក្បាលស្ពាន ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត-ខ្លងលឹក នៃព្រំដែនកម្ពុជា ថៃ ចម្ងាយ ៥ ម៉ែត្រ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទល់មុខភូមិ-ឃុំខ្លងលឹក ស្រុកអារញ្ញ ប្រាថេត ខេត្តស្រះកែវ ។ នេះបើតាមការប្រាប់ឱ្យដឹងពី អាជ្ញាធរមានសមត្ថកិច្ច ឈរជើងការ ពារព្រំដែន របស់កម្ពុជា។
ប្រភពដដែល បានឱ្យដឹងថាៈ នៅពេលកងកម្លាំងទាហានប៉ារ៉ា ការពារព្រំដែនថៃ ដែលផ្លាស់វេនថ្មី ចុះពិនិត្យនោះ ក៏រួមជា មួយកម្លាំងនគរបាលប៉ុស្តិ៍ច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត (នគរបាលអន្តោប្រវេសន៍) យោធាក្រុមការងារទំនាក់ទំនងព្រំដែន អ្នកពាក់ព័ន្ធផងដែរ។
គួរកត់សម្គាល់ថា កងកម្លាំងទាហានព្រាន (ឈុតខ្មៅ) ទាហានបូរផា (ឈុតប៉ារ៉ា) ឬឈ្មោះ ផ្សេងទៀត និងនគរបាលការពារព្រំដែនថៃ (តម្រួតតាដ) ថៃ ដែលជាក្រុមយាមកាមការពារ (មិនមែនជាកងប្រយុទ្ធ) តែងផ្លាស់ប្តូរវេន រវាង ៣-៦-១២ ខែ, ១ឆ្នាំកន្លះ និង ២ឆ្នាំ… ឈរជើងនៅព្រំដែន។ ពោលគឺ ឱ្យតែកងផ្លាស់ប្តូរមកថ្មី តែងតែចុះល្បាត ពិនិត្យភូមិសាស្ត្រ ពិនិត្យខ្សែបន្ទាត់ បង្គោលព្រំដែន។
ឯកងកម្លាំងកម្ពុជាយើង ដែលសឹងតែមិនមានការផ្លាស់ប្តូរវេនដូច្នេះ ក៏តែងតែចុះល្បាត ពិនិត្យភូមិសាស្ត្រ ពិនិត្យខ្សែបន្ទាត់ បង្គោលព្រំដែន ទាក់ទង់ធ្វើសហប្រតិបត្តិការគ្នា លើច្រើនផ្នែក ៕/V