ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ ក្នុងរូបថតដែលបង្ហោះ និងចែករំលែក ក្នុងបណ្តាញសង្គមហ្វេសប៊ុក បានបង្ហាញថា ម៉ាស៊ីនច្រូតស្រូវ ធុនមធ្យម ១គ្រឿង មិនស្គាល់ម៉ាក បានត្រូវឆេះសន្ធោសន្ធៅ ផ្សែងខ្មួលខ្មាញ់ នៅកន្លែងវាលស្រែ ដែលកំពុងតែច្រូតស្រូវ នៅក្នុងស្រុកថ្មពួក កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ។
ការបង្ហោះរូបភាពនេះ បង្កជាការអន្ទះសារ ចង់ដឹងថា តើមានករណីឆេះមែន ឬយ៉ាងណា ព្រោះវាជួនពេលនៅ រដូវច្រូតកាត់ វគ្គ២ សម្រាប់ស្រូវស្រាល នាខែវិច្ឆិកា ឆ្នាំ២០២០ នេះ កសិករម្ចាស់ស្រែមួយចំនួន បានផ្ទុះការខឹងសម្បារនឹងតម្លៃឈ្នួលច្រូត បានឡើងថ្លៃ (ឆ្នាំ២០២០ ឈ្នួលច្រូតពី ៣.៥០០ បាត ប្រាក់ថៃ / ១ ហិកតា ឡើងទៅ ឯឆ្នាំ២០១៩ និងឆ្នាំមុន ថ្លៃត្រឹមតែ ២.២០០ បាត ប្រាក់ថៃ ចុះ / ១ ហិកតា) ។ ប៉ុន្តែតម្លៃស្រូវ (លក់នៅវាលស្រែ ថ្លឹងដាក់ឡាន) បានថ្លៃត្រឹម ៨០០ រៀលចុះ / ១ គ.ក្រ ស្រូវ (ផ្ការំដូល ផ្កាម្លិះ…) ។
ទាក់ទិនបញ្ហានេះ មន្ត្រីនគរបាលស្រុកថ្មពួក និងឃុំនានា បានប្រាប់កាសែត រស្មីកម្ពុជា ពីព្រលប់ ថ្ងៃទី២៧ និងព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា នេះថាៈ សមត្ថកិច្ច បានផ្ទៀងផ្ទាត់ ដែលថាមានអគ្គិភ័យ ឆេះម៉ាស៊ីនច្រូតស្រូវនោះហើយ ប៉ុន្តែរហូតមកទល់ពេលនេះ រកមិនទាន់ឃើញថា វាឆេះនៅម្តុំណា របស់អ្នកណានោះទេ ? វាទំនងជារូបចាស់ ហើយមិនដឹងប្រភពពិតផង។ តែគេយកមកបង្ហោះ (Post) សារថ្មីម្តងទៀត ។ ពេលនេះ មិនទាន់មានព័ត៌មាន អកុសលបែបនេះ កើតមានឡើយ ។
ចំណែកលោក អែម សុខា អភិបាលថ្មី ស្រុកថ្មពួក ក៏ប្រាប់កាសែតរស្មីកម្ពុជា ក្នុងព្រលប់ថ្ងៃទី២៧ និងព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា នេះដែរថា៖ ” ខ្ញុំនិងមន្ត្រីអាជ្ញាធរស្រុក ឃុំភូមិ បានឆែកទៅច្រើនគោលដៅហើយ តែរកមិនឃើញថា មានករណីឆេះម៉ាស៊ីនច្រូតស្រូវ នៅភូមិសាស្ត្រស្រុកថ្មពួកឡើយ “៕/V