Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អាស៊ានគួរមានប្រព័ន្ធទូទាត់ប្រាក់រួមតាមបែបឌីជីថល

បរិវត្តកម្មហិរញ្ញវត្ថុ មានការវិវត្តយ៉ាងឆាប់រហ័សនៅក្នុង​បណ្ដាប្រទេស​មួយ​ចំនួន​នៃ​សមាគមប្រជាជាតិ​អាស៊ីអាគ្នេយ៍ (អាស៊ាន)​ តាម​រយៈ​​ការ​កើនឡើងនៃការទូទាត់​​សាច់​ប្រាក់តាម​បែបឌីជីថល។ និន្នាការនេះបាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការជំរុញដល់​កំណើន​​សេដ្ឋកិច្ច​របស់​ប្រទេស​ក្នុង​តំបន់ ហើយវាក៏ត្រូវបានពន្លឿន​បន្ថែម​ទៀត​នៅអំឡុង​ពេល​នៃការឆ្លង​រាត​ត្បាតនៃជំងឺកូវីដ-១៩ផងដែរ។

បើ​ផ្អែក​តាម​និន្នាការបែប​ថ្មី​នេះ ប្រទេស​ដែល​ជា​សមាជិក​អាស៊ាន​គួរ​ពិចារណា​ក្នុងការបង្កើត​ប្រព័ន្ធ​ទូទាត់ប្រាក់តាមបែបឌីជីថល​រួមគ្នា​មួយ​ ដើម្បីស្រូប​យកអត្ថប្រយោជន៍ពី​ការទូទាត់​​បែប​ទំនើប​នេះ​ឱ្យ​​បានពេញលេញ។​

ការវិវត្តនៃសេដ្ឋកិច្ច​ឌីជីថលក្នុង​សេដ្ឋកិច្ច​អាស៊ាន

កា​លពីខែតុលា ឆ្នាំ​២០២២ ក្រុមហ៊ុន Google សហការជាមួយក្រុមហ៊ុន Temasek និង​​​​​ក្រុមហ៊ុន​ Bain&Company បានចេញផ្សាយរបាយការណ៍ទី៧ របស់ខ្លួន ស្ដី​ពីសេដ្ឋកិច្ច​ឌីជីថល​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ (e-Conomy SEA)​ ដោយ​បង្ហាញថា ប្រជាជនជាង ៦០​លាន​​​នាក់ ​ក្នុង​ប្រទេស​ចំនួនប្រាំមួយនៃតំបន់នេះ រួមមាន ប្រទេសសិង្ហបុរី ថៃ​ ឥណ្ឌូនេស៊ី ហ្វីលីពីន វៀតណាម និងម៉ាឡេស៊ី​ បានប្រើប្រាស់សេវាកម្ម​ឌីជីថល​ជាលើក​ដំបូង​ ចន្លោះ​ឆ្នាំ២០២០ ដល់​ឆ្នាំ២០២២។ ជាង ៧៥% នៃ​ប្រជាជាតិទាំងប្រាំមួយប្រទេសនេះ បានប្រើប្រាស់ប្រព័ន្ធ​អ៊ីនធឺណិត​ ហើយភាគច្រើន​បាន​ទិញ​ទំនិញតាម​អនឡាញយ៉ាង​ហោចណាស់​ម្តង​ក្នុង​អំឡុង​ពេល​នៃការរាតត្បាតនៃជំងឺកូវីដ-​១៩ ។

របាយ​ការណ៍​នេះគូស​បញ្ជាក់​ថា ​ពាណិជ្ជកម្មបែប​អេឡិចត្រូនិចទើបតែបានចាប់​ផ្ដើម​​​កើន​ឡើងប៉ុណ្ណោះសម្រាប់​តំបន់​នេះ​ និងបានព្យាករថាការចំណាយ​តាមប្រព័ន្ធអនឡាញ​នឹង​កើនឡើងចំនួន ១៦២% នៅឆ្នាំ២០២៥ ឬឈានដល់ទំហំ ១៧៩,៨០ប៊ីលានដុល្លារ។ ​ដោយឡែក​ ការទូទាត់សាច់ប្រាក់តាម​ប្រព័ន្ធឌីជីថលនឹងកើនដល់ ៩១% នៃប្រតិបត្តិការ​សរុប។តួលេខទាំងនេះបង្ហាញថា តំបន់​អាស៊ាន​មានសក្ដានុពលយ៉ាងខ្លាំងក្នុងការទាញយក​ផលប្រយោជន៍​​​ពីការ​ទូទាត់តាមបែបឌីជីថល និងពាណិជ្ជកម្មតាមអេឡិចត្រូនិច។

បណ្ដាប្រទេសក្នុងតំបន់អាស៊ី​ កំពុងទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យាហិរញ្ញវត្ថុ

ប្រទេសមួយចំនួននៅក្នុងតំបន់​អាស៊ីអាគ្នេយ៍ បានពិភាក្សា​យ៉ាងស៊ីជម្រៅ​រួចទៅហើយទៅ​​លើការប្រើប្រាស់បច្ចេកវិទ្យាថ្មីមួយចំនួនដូចជា បច្ចេកវិទ្យាប្លុកឆេន ដែលត្រូវ​បាន​ប្រើ​ប្រាស់​នៅក្នុងបច្ចេកវិទ្យាហិរញ្ញវត្ថុ ដូចជា រូបិយបណ្ណឌីជីថល​ធនាគារ​កណ្ដាល (Central Bank Digital Currencies ឬ CBDC) និងរូបិយបណ្ណគ្រីបតូ (cryptocurrencies) ជាដើម។ ជាក់ស្ដែង​ ប្រទេសជាសមាជិកអាស៊ានមួយចំនួន រួមមាន ប្រទេស​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី​ និងថៃ​ ជាដើម បាននិងកំពុងត្រៀមខ្លួន​ចុះ​ហត្ថលេខា​លើកិច្ចព្រមព្រៀង​ ដើម្បីបង្កើតប្រព័ន្ធ​ទូទាត់​​ឆ្លងដែន ដែលជាប្រព័ន្ធដែលអាច​ធ្វើប្រតិបត្តិការឆ្លង​ប្រទេស​ទាំង​នេះ។ ប្រព័ន្ធនេះ​នឹង​អនុញ្ញាតឱ្យប្រជាជនគ្រប់រូបដែលរស់នៅក្នុងប្រទេសទាំងនេះ អាច​ប្រើប្រាស់កម្មវិធី​ធនាគារ​ចល័ត​ (mobile banking app) ក្នុងទូរសព្ទដៃរបស់ពួកគេ ដើម្បី​ទូទាត់​លើសេវាកម្ម និងទំនិញ ដែល​ពួកគេបានទិញ​ដូរនៅក្នុងប្រទេសណាមួយ​ក្នុងចំណោមប្រទេស​ទាំង​នេះភ្លាមៗ តាម​រយៈ QR Code។

ដំណាលគ្នានេះដែរ ប្រទេសផ្សេងទៀត ដូចជា ប្រទេសកម្ពុជា និងប្រទេស​ម៉ាឡេស៊ី​ ក៏បាន​ធ្វើការរួមគ្នា និងបានដាក់ដំណើរការសេវា​ផ្ទេរប្រាក់ឆ្លងប្រទេសតាម​កម្មវិធី​ទូរសព្ទ​ចល័ត​តាមរយៈប្រព័ន្ធបាគង (ដែលជាប្រព័ន្ធទូទាត់ប្រាក់នៅ​កម្ពុជាដែលប្រើប្រាស់​បច្ចេកវិទ្យា​ប្លុកឆេន)​។

កាលពីខែឧសភា ឆ្នាំ២០២២ ធនាគារកណ្តាល​នៃប្រទេស​ឥណ្ឌូនេស៊ី​ ក៏បានប្រកាស​ពី​ផែនការ​ក្នុងការដាក់ឱ្យដំណើរការរូបិយបណ្ណ​ឌីជីថលធនាគារ​កណ្តាល​ផងដែរ ដោយសារ​តែ​ការកើនឡើងនៃការប្រើប្រាស់ធនាគារនិម្មិត ឬធនាគារ​តាម​ប្រព័ន្ធអនឡាញ។​

លើសពីនេះទៅទៀត ប្រព័ន្ធរូបិយបណ្ណឌីជីថលរួមមួយកំពុង​ត្រូវបានសិក្សានៅតំបន់​អាស៊ីបូព៌ា។ ជាក់ស្ដែង សាកលវិទ្យាល័យ Kobe នៃប្រទេសជប៉ុន ​បានស្នើឱ្យតំបន់អាស៊ី​បូព៌ា​បង្កើត​រូបិយ​បណ្ណឌីជីថលរួមមួយ ដោយផ្អែកលើបច្ចេកវិទ្យាប្លុកឆេន និងចេញផ្សាយ​ដោយ​បណ្ដាធនាគារកណ្តាលនៅក្នុងប្រទេសក្នុងតំបន់អាស៊ីបូព៌ាដោយផ្ទាល់ ដែលអាចបម្រើ និង​លើក​កម្ពស់ដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងធ្វើឱ្យកិច្ចសហប្រតិបត្តិការ​រវាងបណ្ដា​ប្រទេស​ទាំង​នេះ​កាន់តែស៊ីជម្រៅក្នុងក្របខណ្ឌពហុភាគី ក៏ដូចជាដើម្បីការពារសិទ្ធិ​របស់​ធុរកិច្ច​ធុនតូច និងមធ្យមផងដែរ។ ក្នុងពេលថ្មីៗនេះ ប្រទេសថៃ ចិន ហុងកុង និងប្រទេស United Arab Emirates បានប្រកាសពីការបិទបញ្ចប់​នូវការតេស្ដសាកល្បងនូវ​រូបិយបណ្ណ​ឌីជីថលឆ្លងព្រំដែន ដោយមានការសម្របសម្រួលពីធនាគារ​សម្រាប់ដោះស្រាយ​ជម្លោះ​អន្តរជាតិ (Bank for International Settlements ឬ BIS)

គួរបញ្ជាក់ថា គោលបំណងនៃការប្រើប្រាស់ប្រព័ន្ធទូទាត់រួម និងរូបិយប័ណ្ណឌីជីថល​ទាំងនេះ គឺដើម្បីកាត់បន្ថយការចំណាយ និងជំរុញដល់សកម្មភាពសេដ្ឋកិច្ចក្នុងតំបន់ និង​លំហូរនៃសាច់ប្រាក់ទាំងក្នុងស្រុកឬក្នុងតំបន់។ ដូច្នេះ នេះ​ជា​ពេល​វេលា​ដ៏សំខាន់​សម្រាប់​អាស៊ានក្នុងការ​ពិភាក្សា​ និងសិក្សាអំពីលទ្ធភាពក្នុងការបង្កើត​ប្រព័ន្ធ​ទូទាត់តាមបែប​ឌីជីថល​រួម ដែល​ពឹងផ្អែក​លើ​បច្ចេកវិទ្យាប្លុកឆេន។

តើ​ប្រព័ន្ធ​ទូទាត់តាមបែប​ឌីជីថលរួមនេះ​នឹង​ផ្ដល់​អត្ថប្រយោជន៍អ្វីខ្លះ​ដល់​​អាស៊ាន​?

អត្ថប្រយោជន៍ដ៏សំខាន់មួយ គឺថាប្រព័ន្ធនេះ​នឹងអនុញ្ញាតឱ្យប្រជាជន​នៅ​ក្នុង​តំបន់ប្រើប្រាស់កម្មវិធីធនាគារចល័តរបស់ពួកគេដើម្បីធ្វើការទូទាត់តាមកូដ QR code សម្រាប់ការដោះដូរទំនិញ និងសេវាកម្មនៅក្នុងប្រទេស​អាស៊ានទាំង១១។ ​ប្រព័ន្ធនេះក៏នឹងបង្កើតប្រព័ន្ធទូទាត់ឆ្លងដែន ដែលអាចធ្វើប្រតិបត្តិការឆ្លងប្រទេសពីប្រទេសមួយទៅប្រទេសមួយទៀតបានយ៉ាងងាយស្រួល ហើយរូបិយបណ្ណរបស់អ្នកទិញ​នឹងត្រូវបានប្ដូរ​ទៅជារូបិយបណ្ណរបស់អ្នកទទួលភ្លាមៗ ដោយមិនចាំបាច់ធ្វើការ​ដោះដូរតាម​រយៈរូបិយបណ្ណ​អន្តរការីផ្សេងទៀត ដូចជា ប្រាក់ដុល្លារអាមេរិក ឬប្រាក់យ័នចិននោះទេ។ ការណ៍នេះនឹងធ្វើឱ្យតំបន់នេះកាត់បន្ថយការពឹងផ្អែកលើរូបិយបណ្ណអន្តរការីទាំងនេះផងដែរ។

ម្យ៉ាងវិញទៀត ការទទួលយកប្រព័ន្ធទូទាត់តាម​បែបឌីជីថលរួមនេះ​ មិនត្រឹមតែបង្កើន​ប្រសិទ្ធភាពដល់ការទូទាត់ប្រាក់តែប៉ុណ្ណោះទេ ប៉ុន្តែវានឹង​ពង្រឹងទំនាក់ទំនង​នៅក្នុង​តំបន់​ថែមទៀត​​។ បន្ថែមពីនេះទៀត អាស៊ាននឹងមានសក្ដានុពលក្នុងការអភិវឌ្ឍ​ទំនាក់ទំនង​កាន់តែជិតស្និទ្ធ តាមរយៈកិច្ចសហប្រតិបត្តិការរវាងធនាគារកណ្តាលនៅក្នុងប្រទេសនីមួយៗ។ ការប្រើប្រាស់បច្ចេកវិទ្យានេះក៏មានសក្តានុពលក្នុងការពង្រឹងតម្លាភាព និងសន្តិសុខ ដោយ​បង្កើន​ប្រសិទ្ធភាពដល់ការតាមដានហិរញ្ញវត្ថុ និងគណនេយ្យភាព ដែលអាចកាត់​បន្ថយ​អំពើពុករលួយ ការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងការក្លែងបន្លំឆ្លងដែន។

លើសពីនេះទៅទៀត ប្រទេសជាសមាជិកនីមួយៗនឹងទទួល​បានអត្ថប្រយោជន៍​កាន់​តែច្រើនពីការធ្វើពាណិជ្ជកម្ម និងវិស័យទេសចរណ៍ ដោយហេតុថា ប្រជាជនក្នុងតំបន់នឹង​អាច​ដោះដូរទំនិញ និងសេវាកម្មឆ្លងកាត់ព្រំដែនកាន់តែងាយស្រួល ឆាប់រហ័ស និងមានតម្លៃធូរ​ថ្លៃ​ជាង​មុន។ ការណ៍នេះ ក៏លុបបំបាត់នូវតម្រូវការក្នុងការផ្លាស់ប្តូរប្រាក់ពីរូបិយបណ្ណមួ​យ​ទៅ​រូបិយបណ្ណមួយទៀត ក្នុងអំឡុងពេលធ្វើដំណើរក្នុងតំបន់នេះទៀត​ផង។ ការប្រើប្រាស់ប្រព័ន្ធ​ទូទាត់ដែលមានប្រសិទ្ធភាព ទូលំទូលាយ និងសុវត្ថិភាព ក៏ទំនងជានឹងអាចជួយ​ជំរុញ​ដល់​បរិយាបន្នហិរញ្ញវត្ថុនៅក្នុងតំបន់នេះដែរ។

គួរបញ្ជាក់ថា ប្រព័ន្ធទូទាត់ឌីជីថល​រួមនេះនឹងផ្ដល់​អត្ថ​ប្រយោជន៍ច្រើន ជាពិសេស​សម្រាប់ពលករ​ចំណាកស្រុកក្នុងការផ្ទេរ​ប្រាក់ទៅគ្រួសារ​របស់​ពួកគេភ្លាមៗ​ ដោយ​មិន​ចាំ​បាច់​ចំណាយ​លើ​ថ្លៃសេវាប្រតិបត្តិការ។

ការសិក្សាស្រាវជ្រាវមួយកាលពីឆ្នាំ២០១៦ បានផ្តល់នូវ​ភស្តុតាងដែលបង្ហាញថា ការ​ប្រើប្រាស់​សេវាទូទាត់​ប្រាក់តាមកម្មវិធី​ទូរសព្ទ​ចល័ត​នៅ​ក្នុង​ប្រទេស​ Kenya ជាឧទាហរណ៍​ដែល​បានជួយឱ្យប្រជាជន Kenya ចំនួន១៩៤ ០០០គ្រួសារ (ដែលស្មើនឹង ២% នៃប្រជាជន Kenya  សរុប) រួចផុតពីភាពក្រីក្រ ពីឆ្នាំ២០០៨ ដល់​ឆ្នាំ​២០១៤​។ ការរួចផុតពីភាពក្រីក្រ​នេះ​ត្រូវ​បានជំរុញដោយការផ្លាស់ប្តូរឥរិយាបថផ្នែកហិរញ្ញវត្ថុ ពោលគឺការកើនឡើងនៃភាពធន់​ផ្នែក​ហិរញ្ញវត្ថុ និងការសន្សំក្នុងទូរសព្ទដៃរបស់ប្រជាជនទាំងនេះ។

ការរីកលូតលាស់នៃពាណិជ្ជកម្មអេឡិចត្រូនិច និងការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃ​ប្រព័ន្ធ​អេកូឡូស៊ីនៃការទូទាត់បែបឌីជីថល ក៏អាចជួយដល់សហគ្រាសធុនតូច និងមធ្យម នៃតំបន់​អាស៊ី​អាគ្នេយ៍ ក្នុងការបង្កើតទីផ្សារថ្មីមួយ ប្រសិនបើបណ្ដាប្រទេសទាំងនេះបង្កើន​វត្តមាន​បច្ចេក​វិទ្យាឌីជីថលនៅក្នុងប្រទេសរបស់ខ្លួន។ ​កត្តានេះក៏អាច​ធ្វើឱ្យលំហូរ​សាច់ប្រាក់​នៅ​ក្នុង​តំបន់​កាន់តែមានភាពប្រសើរឡើង និងជំរុញដល់កំណើនសេដ្ឋកិច្ច​តាមរយៈ​ទំនាក់​ទំនង​រវាង​អាជីវកម្មផងដែរ។ ម្យ៉ាងវិញទៀត ការទូទាត់តាមបែបឌីជីថល​ក៏ជួយ​កាត់បន្ថយ​ថ្លៃ​ប្រតិបត្តិការ​ដែលធ្លាប់កើតមានតាមរយៈលិខិតស្នាមផ្សេងៗ។

អនុសាសន៍ក្នុងការបង្កើតប្រព័ន្ធទូទាត់តាមបែបឌីជីថល

ទោះបីជាការបង្កើតប្រព័ន្ធទូទាត់តាមបែបឌីជីថលរួម ពិតជាមានសារៈសំខាន់ក៏ដោយ ក៏ប៉ុន្តែ​​​ការ​ធានា​​បាននូវតម្លាភាព និងសុវត្ថិភាព គឺជារឿងកាន់តែសំខាន់​ក្នុង​ប្រព័ន្ធទូទាត់​បែប​ថ្មី​នេះ​។ ហេតុដូច្នេះ នៅ​មានកត្តាមួយចំនួនដែលអាស៊ានត្រូវគិតគូរ ដើម្បីសម្រេចបានជោគជ័យ​ក្នុង​ការអភិវឌ្ឍ​ប្រព័ន្ធទូទាត់តាមបែបឌីជីថលដែលអាចទុកចិត្ត​បានសម្រាប់​ប្រជាជន​នៅក្នុង​តំបន់​​។

ទីមួយ៖ អាស៊ានត្រូវតែបង្កើតស្ថាប័ន ឬអង្គភាព ដែលទទួលបន្ទុកលើប្រព័ន្ធទូទាត់នេះ ដែល​អាចជាធនាគារកណ្តាលនៃអាស៊ាន ឬអង្គភាពរួមណាមួយ ដើម្បីគ្រប់គ្រង និងផ្ដល់​ការ​ណែនាំអំពីប្រព័ន្ធទូទាត់តាមបែបឌីជីថលនេះ។យ៉ាងណាមិញ ស្ថាប័ននេះត្រូវ​តែមាន​ភាព​​ឯករាជ្យ និងអាចជឿទុកចិត្តបាន។ ស្ថាប័ននេះត្រូវតែមានប្រព័ន្ធការពារសុវត្ថិភាព​ដែល​មាន​​ការត្រៀមទុករួចជាស្រេចសម្រាប់ដោះស្រាយបញ្ហាបន្ទាន់នានា។ ស្ថាប័ននេះ​ត្រូវតែជា​ស្ថាប័ន​ដែលមានតម្លាភាព ដែលអាចផ្តល់សេវាកម្មទាន់ពេលវេលា ដើម្បីធ្វើឱ្យ​ប្រព័ន្ធ​ទូទាត់​នេះ​កាន់តែមានប្រសិទ្ធភាពផងដែរ។

ទីពីរ៖ ប្រព័ន្ធទូទាត់ឌីជីថល ត្រូវតែបង្កើតឡើងដោយ​មានប្រព័ន្ធសុវត្ថិភាព​ខ្ពស់។ ​មានបច្ចេកវិទ្យាជាច្រើនដែលអាស៊ាន​អាចប្រើប្រាស់​នៅក្នុងប្រព័ន្ធ​ទូទាត់រួម​តាម​បែបឌីជីថល​នេះ។ យ៉ាងណាមិញ អាស៊ានត្រូវតែជ្រើសរើសបច្ចេកវិទ្យា​មួយដែល​អាច​ឆ្លើយ​តប​ទៅនឹង​តម្រូវ​ការរបស់អ្នកប្រើប្រាស់ និងមានសុវត្ថិភាពគ្រប់គ្រាន់ ដើម្បីការពារទិន្នន័យ​របស់​អ្នកប្រើប្រាស់។អាស៊ានក៏អាចសិក្សាពីគំរូរបស់បណ្ដា​ប្រទេសផ្សេង​ទៀតដែល​បាន​ប្រើប្រាស់​បច្ចេកវិទ្យាទាំងនេះរួចមកហើយដែរ។

ទីបី៖ ប្រព័ន្ធទូទាត់តាមបែបឌីជីថលនេះ ត្រូវតែបង្កើត​ឡើងដើម្បីបម្រើ​ដល់ប្រជាជន​គ្រប់រូប និងគ្រប់កម្រិត ដែលមានន័យថាប្រព័ន្ធនេះ​ត្រូវតែមានភាពងាយស្រួល​ក្នុងការប្រើ​ប្រាស់ អាចបត់បែនបាន និងប្រកបដោយបរិយាបន្ន ដើម្បីឱ្យប្រជាជនទាំងអស់​នៅក្នុង​ប្រទេស​​នីមួយៗអាចសម្របខ្លួនទៅនឹងប្រព័ន្ធនេះបានយ៉ាងឆាប់រហ័ស។ ការណ៍នេះនឹងលើកទឹកចិត្តដល់ប្រជាជនបន្ថែមក្នុងការប្រើប្រាស់ប្រព័ន្ធទូទាត់នេះកាន់តែ​ច្រើន និងធានាបានថាតំបន់នេះទទួលបានអត្ថប្រយោជន៍ជាអតិបរមា ទាំងផ្នែកហិរញ្ញវត្ថុ និងសេដ្ឋកិច្ចនៅក្នុងតំបន់៕

បរិវត្តកម្ម (ន) ការកែទម្រង់ទ្រង់ទ្រាយធំៗនៅលើវិស័យអ្វីមួយ

ខ្លឹមសារអត្ថបទរក្សាសិទ្ធិដោយអង្គការវេទិកាអនាគត