Views: 8
ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងអភិបាលទីក្រុងបាងកក បានឯកភាពគ្នា ដោយបង្កើតក្រុមការងារបច្ចេកទេសមួយ ដើម្បីរៀបចំផែនការរួមគ្នា អោយទីក្រុងទាំងពីរមានការអភិវឌ្ឍរីក ចម្រើន ពិសេសរួមគ្នាដោះស្រាយបញ្ហាសំរាម បញ្ហាចរាចរណ៍ និងបង្កើនវិស័យទេសចរណ៍នៃប្រទេសទាំង២អោយកាន់តែល្អប្រសើរថែមទៀត។
ការឯកភាពគ្នាបែបនេះបានធ្វើឡើងក្នុងជំនួបសម្ដែងការគួរសមមួយ រវាងលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ឆាត់ឆាត សិទ្ធីផាន់ អភិបាលក្រុងបាងកក នៅល្ងាចថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២នេះ នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ ពោលគឺ ក្រោយពី កិច្ចប្រជុំអភិបាលរាជាធានី និងរដ្ឋធានីអាស៊ាន MGMAC និងវេទិកា អភិបាលក្រុងអាស៊ាន AMF បានបញ្ចប់។

លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាតេជោហ៊ុនសែន បានបង្កើតឲ្យមានទំនាក់ទំនងរវាងរាជធានីភ្នំពេញនិងទីក្រុងបាងកក ហើយក៏នៅបានបង្កើតឱ្យមានកិច្ចប្រជុំទីក្រុងអាស៊ាននេះថែមទៀត ។ រដ្ឋបាលរាជធានីភ្នំពេញនឹងបង្កើតក្រុមការងារបច្ចេកទេសមួយដើម្បីធ្វើ ការរួមគ្នាជាមួយទីក្រុងបាងកក។
បន្ថែមពីលើនេះ លោកឃួងស្រេងក៏បានថ្លែងនូវការអរគុណផងដែរ ចំពោះអភិបាលខេត្តនៅតាមជាប់ព្រំដែនកម្ពុជា ថៃ ដែលបានចូលរួម កិច្ចប្រជុំនានាកន្លងមក សំដៅធ្វើឲ្យបន្ទាត់ព្រំដែនមានទំនាក់ទំនងកាន់តែល្អប្រសើរ បម្រើឲ្យផលប្រយោជន៍បងប្អូនប្រជាពលរដ្ឋ នៅជាប់ព្រំដែន។ លោកបន្តថា ថ្នាក់ក្រោមជាតិ មានទំនាក់ទំនងល្អជាមួយគ្នា ដើម្បីដោះស្រាយបញ្ហានៅជាប់ព្រំដែនជាមួយប្រទេសជិតខាង ក្នុងគោលបំណងបម្រើឲ្យបងប្អូនប្រជាពលរដ្ឋដែលបាននិងកំពុងរស់នៅតាមបណ្ដោយបន្ទាប់ព្រំដែននៃប្រទេសទាំងពីរ។

លោក ឆាត់ឆាត សិទ្ធីផាន់ អភិបាលក្រុងបាងកកនៅក្នុងឱកាសនោះ ក៏បានសម្ដែងនូវការកោតសរសើរផងដែរ ចំពោះ អាជ្ញាធររាជធានីភ្នំពេញដែលបានរៀបចំនូវកិច្ចប្រជុំ អភិបាលរាជាធានី និងរដ្ឋធានីអាស៊ាន MGMAC និងវេទិកា អភិបាលក្រុងអាស៊ាន AMF ទទួលបានជោគជ័យ និងបានទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩បានល្អប្រសើរផងដែរ។ លោកបន្តថា ក្នុងនាមជាប្រទេសជិតខាងភូមិផងរបងជាមួយគ្នា ត្រូវទំនាក់ទំនងការងារជាមួយគ្នាឲ្យបានល្អ ដោយយើង និងបង្កើតជាក្រុមការងារមួយដើម្បី ទាក់ទងគ្នាធ្វើការ ជាមួយគ្នាឲ្យបានល្អពិសេសគឺការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរទីក្រុងទាំងពីរ ពាក់ព័ន្ធនឹងបញ្ហាប្រឈមសំរាមការកកស្ទះចរាចរណ៍ និងការជំរុញជើងហោះហើរ ត្រង់ពីភ្នំពេញទៅទីក្រុងបាងកកជាដើម។
ក្នុងឱកាសនោះដែរ លោក ឆាត់ឆាត សិទ្ធីផាន់ បានបានអញ្ជើញលោកឃួង ស្រេង ទៅទស្សនកិច្ចនៅទីក្រុងបាងកក ដើម្បីរួមគ្នាធ្វើការងារសម្រាប់ផលប្រយោជន៍នៃទីក្រុងទាំងពីរឲ្យកាន់តែរីកចម្រើនថែមទៀត។
ពាក់ព័ន្ធនឹងការអញ្ជើញ អភិបាលរាជធានីភ្នំពេញទៅបំពេញទស្សនកិច្ចនៅទីក្រុងបាងកកនោះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានឯកភាពជាមួយនឹងអភិបាលទីក្រុងបាងកក ដែលគ្រោងនឹងធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅទីក្រុងអង្គរ នាពេលសមស្របមួយ៕









