Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អភិបាលខេត្តកំពង់ចាម៖ បើអត់ឆ្លងកាត់សាលា កុំធ្វើការវិនិយោគ ដោយប្រថុយប្រថាន

Views: 3

ដោយៈ គង់ហេង / កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើដល់ ប្រជាពលរដ្ឋ ជាពិសេស យុវជន គឺបើមិនបានរៀនឆ្លងកាត់ ការបណ្តុះបណ្តាល ឱ្យបានច្បាស់លាស់នោះទេ កុំប្រញាប់បោះទុនវិនិយោគ ដោយប្រថុយប្រថាននោះ ជាការវិនិយោគបែបនេះ គឺជាការរកស៊ីរបៀបប្រពៃណី។

លោកអភិបាលខេត្តកំពង់ចាម បានថ្លែងយ៉ាងដូច្នេះ នៅក្នុងឱកាសដែលលោក និងសហការី ជាច្រើនរូប បានអញ្ជើញចូលរួមប្រជុំបូកសរុបលទ្ធផលការងារចលនា ភូមិមួយផលិតផលមួយ ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ របស់គណៈកម្មាធិការជំរុញចលនាភូមិមួយ ផលិតផលមួយ ខេត្តនេះ ដោយមានការចូលរួមពីអ្នកជំនួញ អាជីវករ សមាជិកចលនាភូមិមួយផលិតផលមួយ យ៉ាងច្រើនកុះករ នៅក្នុងសាលាខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ២៦ មករា នេះ ។

លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថាៈ ជាគោលការណ៍របស់រាជរដ្ឋាភិបាល បានឱ្យរៀបចំជ្រើសរើសយុវជនជាង មួយលាននាក់ ក្នុងក្របខណ្ឌទូទាំងប្រទេស គឺដើម្បីបណ្តុះបណ្តាល ឱ្យចេះនូវជំនាញ ដែលមិនទាន់ចេះនោះ ប្រយោជន៍ចេញទៅ អាចចិញ្ចឹមខ្លួនឯង (យុវជន) បាន ដើម្បីបង្កើតមុខរបរ ជាអាជីវកម្មអ្វីមួយនៅក្នុងសហគមន៍ និងក្នុងគ្រួសាររបស់គាត់។ កត្តានេះ នឹងវិវត្តន៍ឱ្យមានការគាំទ្រច្រើនប្រចាំភូមិ ឃុំ ស្រុក ខេត្តជាពុំខាន។ ដូច្នេះយើងនឹងធ្វើការងារជាមួយ គណៈកម្មាធិការចលនាភូមិមួយ ផលិត ផលមួយ ដើម្បីជំរុញប្រជាពលរដ្ឋ និងយុវជន ឱ្យមកចូលរួមបណ្តុះបណ្តាលជំនាញ។

លោក បានបន្តថាៈ កម្មវិធីជាគោលនយោបាយរបស់រាជរដ្ឋាភិបាលនេះ គឺសំដៅអភិវឌ្ឍន៍ ធនធានមនុស្ស ប្រជាពលរដ្ឋ យុវជន ដែលមានបំណង ចង់ធ្វើអាជីវកម្មអ្វីមួយ គឺចាំបាច់ ត្រូវចូលរៀនវគ្គបណ្តុះបណ្តាល ជាមុនសិន គឺឱ្យចេះហើយ ចាំធ្វើការវិនិយោគ គឺកុំវិនិយោគ ដោយប្រថុយប្រថាន ព្រោះការវិនិយោគ ដោយប្រថុយប្រថាន ជាការរកស៊ី បែបប្រពៃណី។ អីចឹង បញ្ហាសំខាន់ គឺត្រូវមានគោលការណ៍រៀបចំខ្លួនប្រាណរបស់យើង ដោយសម្រេចដាក់ទុន ជាចាំបាច់ ត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវមាន ជំនាញជាមុន។

ផ្អែកតាមការគូសបញ្ជាក់ នៅក្នុងរបាយការណ៍ស្វាគមន៍របស់លោក ហាន កុសល ជាអភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការ ជំរុញចលនាភូមិមួយផលិតផល មួយ ខេត្តកំពង់ចាមថា ក្រោយពីមានការរៀបចំ ឲ្យមានរចនាសម្ព័ន្ធត្រឹមត្រូវ ក្រុមការងារ បានចុះសិក្សាវាយតំលៃ នូវមុខសញ្ញាផលិតផល ជាអាទិភាពប្រមាណ ៤០ មុខ ។
នៅឆ្នាំ២០២១ ថ្នាក់ជាតិ បានសម្រេចបញ្ចូលជាសមាជិក ចលនាភូមិមួយផលិតមួយ និងបានផ្តល់វិញ្ញាបនបត្រ ទទួលស្គាល់ជាសមាជិកចលនាភូមិមួយផលិតផលមួយ ចំនួន ១៥ ប្រភេទ ផលិតផល រួមមាន ស្ករត្នោត, ឆៃប៉ូវ, ចេកឆាប, នំខ្លួត ,ស្ករចេក, គ្រាប់ស្វាយចន្ទី, ប្រេងស្លឹកគ្រៃ, ក្រមាកោះសូទិន , ហូលផាមួង, ហូលផាមួងព្រែកចង្ក្រាន , កន្ទេលក្រហមកងមាស , ធូបស៊ុយចំរើន, ធូបហ៊ែលវុទ្ធី , ត្បាល់ថ្មបុកគ្រឿង, ឆ្នាំងខ្ទះអាលុយមីញ៉ូម )។

ជាទូទៅ គណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផល ខេត្តកំពង់ចាម បានលើក ទឹកចិត្ត និងគាំទ្រឲ្យម្ចាស់សមាជិករបស់ខ្លួន បានយកផលិតផល​ មកចូលរួមតាំងពិព័រណ៍ ផលិតផល ក្នុងកម្មវិធីផ្សេងៗ ដោយមិនយកតំលៃសេវាស្តង់។ មានការរៀបចំកន្លែង លក់កសិផល នៅចុងសប្តាហ៍ (ផ្សារចុងសប្តាហ៍), បានរៀបចំវេទិកាផ្គូរផ្គង រវាងអ្នកផលិត និងអ្នកទិញ ក្នុងគម្រោងអភិវឌ្ឍន៍សុចរិតភាពអាជីវកម្ម និងការទទួលបានទីផ្សារ សម្រាប់ អ្នកផលិតក្នុងស្រុក និង M/SMEs ដែលវេទិកានេះផ្តល់ឱកាសក្នុងការពង្រីកទីផ្សារ ផលិតផលក្នុងខេត្ត, បានបង្កើតគ្រុបតេឡេក្រាម (ក្រុមផលិតផលខ្មែរខេត្តកំពង់ចាម) ជាការផ្តល់ឱកាសពង្រីកទីផ្សារ លក់ផលិតផលក្នុងខេត្ត។

នៅឆ្នាំ២០២២ ក្នុងការពង្រីកសមាជិក ក្រុមការងារថ្នាក់ខេត្ត បានចុះមូលដ្ឋាន ដើម្បីវាយតម្លៃចងក្រងសមាជិក ជំរុញចលនាភូមិមួយផលិតផលមួយ បន្ថែមបានចំនួន ១០ ប្រភេទ ផលិតផល រួមមាន គ្រាប់ស្វាយចន្ទីស្គន់, ជីធម្មជាតិអូអឹម, សហគមន៍អាមីកា, ស្វាយចន្ទី ធី ហេងលាភ, សិប្បកម្មផលិតកំប្លោក, ផលិតឫស្សីខ្មែរ, ផលិតទឹកឃ្មុំ, ផលិតប្រហិតសាច់គោ «សារ៉ាវុធ 69», ផលិតកាំបិត-ពូថៅ, ភ្លេងប្រពៃណី (ភ្លេងការ) ហើយក៏បានដាក់បញ្ជូន ទៅថ្នាក់ជាតិ ដើម្បីស្នើសុំការពិនិត្យសម្រេច។ ហើយថ្មីនេះ ថ្នាក់ជាតិ បានសម្រេចទទួលស្គាល់ និងបញ្ចូលជាសមាជិកចលនាភូមិមួយផលិតផលមួយ ទាំង ១០ មុខ នេះរួចហើយ។

តាមតម្រូវការរបស់ថ្នាក់ជាតិ រដ្ឋបាលខេត្ត បានសម្រេចផ្តល់ដី ទំហំជាង ២ ហិកតា (ទីតាំងជាប់សួនគ្រញូង ភូមិតាណេង) សម្រាប់សាងសង់មជ្ឈមណ្ឌលជំរុញចលនា ភូមិមួយផលិតមួយ ដែលមជ្ឈមណ្ឌលមានសារៈប្រយោជន៍ សំរាប់ប្រើប្រាស់ជាថ្នាក់តំបន់ សម្រាប់បម្រើការងារជំរុញ ចលនាភូមិមួយផលិតផលមួយ ហើយគណៈកម្មាធិការខេត្ត ជំរុញចលនាភូមិមួយផលិតមួយ បានចាត់តាំងមន្ត្រី ២រូប ដែលបានទទួលការបណ្តុះ បណ្តាលពីថ្នាក់ជាតិ សម្រាប់ជាជនបង្គោល ក្នុងការសម្របសម្រួលវគ្គបណ្តុះបណ្តាល ផ្សេងៗ ដល់សមាជិកភូមិមួយផលិតមួយ ហើយក៏មានការចាត់តាំងមន្រី្ត ១រូប ដែលមាន សមត្ថភាពពេញលេញ ដើម្បីសម្របសម្រួលឆ្លើយបំភ្លឺពាក់ព័ន្ធនឹងសក្តានុពលផលិត ផលក្នុងខេត្តកំពង់ចាម និងមានការរៀបចំរបាយការណ៍ ជាទៀងទាត់ តាមតម្រូវការរបស់ ថ្នាក់ជាតិ ហើយថ្នាក់ខេត្ត មានផែនការសកម្មភាពរបស់ខ្លួន ជាក់លាក់។ ទោះជាយើង សម្រេចបានលទ្ធផល ដែលជាវឌ្ឍនភាពខាងលើ ក៍យើងរកឃើញ ហើយទទួលស្គាល់ នូវបញ្ហាប្រឈម និងចំណុចខ្វះខាតមួយចំនួន ក្នុងការអនុវត្តន៍ការងារ ចលនាភូមិមួយ ផលិតមួយ ហើយការប្រឈមទាំងនោះ រួមមាន ការចូលរួមសហការពីអ្នកពាក់ព័ន្ធ នៅមានកម្រិត ទាំងបច្ចេកទេស និងគ្មានថវិកាគាំទ្រ,ផលិតផលខ្លះ អាចនឹងមិនមាន និរន្តរភាព (កូនមិនបន្ត, ម្ចាស់ដើមមិនផ្តល់ឱ្យអ្នកផ្សេង) ,វត្ថុធាតុដើមឡើងថ្លៃ ធ្វើឱ្យប៉ះពាល់ដល់តម្លៃលក់ ,ខ្វះការគាំទ្រលើបច្ចេកទេសវេចខ្ចប់ និងរក្សាគុណភាព។ ក្រុមអាជីករ ដែលមានមុខទំនិញដូចគ្នា មិនព្រមចូលរួមជាសហគមន៍ (ចេកឆាប, ឆៃប៉ូវ ត្រសក់ចាវ, នំខ្លូត, ក្រមា ហួលផាមួង គ្រាប់ស្វាយចន្ទីលីង…។ (មិនទាន់ផ្លាស់ប្តូរ ឥរិយាបទទទួលយកសេដ្ឋកិច្ច បែបទំនើប)។ ទាំងថ្នាក់ជាតិ និងថ្នាក់ខេត្ត មានតែផែនការ សកម្មភាព ប៉ុន្តែមិនមានផែនការថវសិប្បករ មិនផ្លាស់ប្តូរឥរិយាបទខ្លួន ឱ្យមានលក្ខណៈ ជាសហគ្រិនភាព។ និយាយរួម ពួកគាត់មិនចង់អភិវឌ្ឍខ្លួនឯង ។ ប៉ុន្តែដើម្បីជំនះបាន នូវការប្រឈមខាងលើ គណៈកម្មាធិការខេត្ត ជំរុញចលនាភូមិមួយផលិតមួយ សំរាប់ឆ្នាំ២០២៣ និងទៅខាងមុខទៀត គណៈកម្មាធិការខេត្ត និងខិតខំយកចិត្តទុកដាក់ ដើម្បីជំរុញកិច្ចការងារចលនាភូមិមួយផលិតមួយ ឲ្យទទួលបានលទ្ធផលល្អប្រសើរ ដោយក្រុមការងារ ត្រូវចុះទៅជួបផ្ទាល់ ជាមួយសមាជិកចលនាភូមិមួយផលិតមួយ និងសិប្បកម្មនានាផ្ទាល់ ដើម្បីពង្រឹងសមត្ថភាព ក្នុងការផលិត ក៏ដូចជាការកែលំអចំណុច ខ្វះខាតរបស់ពួកគាត់។ ក្រុមជំនាញ នៃមន្ទីរជំនាញពាក់ព័ន្ធ ត្រូវចុះជួយទាំងបច្ចេកទេស និងបទដ្ឋានផ្សេងៗ តាមសំណូមពររបស់ក្រុមអ្នកផលិត។ ជំរុញឲ្យមានការចងក្រង ជាសហគមន៍ សម្រាប់ផលិតដែលមានប្រភេទតែមួយ, ជំរុញផលិតផល ដែលមានគុណ ភាព ឱ្យបានចូលលក់ ក្នុងទីផ្សារនានា, ខិតខំស្វែងរកដៃគូ ជួយនាំផលិតផលក្នុងទីផ្សារ និងជួយគាំទ្រ លើការអភិវឌ្ឍសមត្ថភាព ទាំងការវេចខ្ចប់ និងការផលិត៕ V / N

Post navigation