Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អធិការបតី​អាល្លឺម៉ង់​និយាយថា លោក​នឹង​មិន​បញ្ជូន​យន្តហោះ​ចម្បាំង​ទៅ​អ៊ុយ​ក្រែនទេ​

Views: 1

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ប៊ី​ប៊ីស៊ី​) ៖ អធិការបតី​អាល្លឺម៉ង់​បាន​ច្រានចោល​ការបញ្ជូន​យន្តហោះ​ចម្បាំង​ទៅ​អ៊ុ​យក្រែន គឺ​តែ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​បាន​សន្យា​ផ្គត់ផ្គង់​រថក្រោះ​។​

​នៅក្នុង​បទសម្ភាសន៍​ជាមួយ​កាសែត​អាល្លឺម៉ង់ លោក អូ​ឡា​ហ្វ ស្កូ​ល បាន​ព្រមាន​ប្រឆាំង​នឹង​សង្គ្រាម​ដេញថ្លៃ​អាវុធ​។​

​ប៉ុន្តែ​អ៊ុយ​ក្រែន​បាន​ស្នើ​ឱ្យ​ប្រទេស​សម្ពន្ធមិត្ត​បង្កើត “​សម្ពន្ធ​យន្តហោះ​ចម្បាំង​” ដើម្បី​ពង្រឹងសមត្ថភាព​របស់​ពួកគេ​។​

​សហរដ្ឋ​អាម៉េរិក​បាន​និយាយថា ខ្លួន​នឹង​ពិភាក្សា​អំពី​គំនិត​នៃ​ការផ្គត់ផ្គង់​យន្តហោះ “​ដោយ​ប្រុងប្រយ័ត្ន​” ជាមួយ​រដ្ឋាភិបាល​ក្រុង​គៀវ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាងមុខ​។​

​នៅក្នុង​បទសម្ភាសន៍​ជាមួយ​កាសែត​តា​ហ្សេ​ស​ស្ពី​ហ្គែល​( Tagesspiegel) លោក​ស្កូ​លបាន​និយាយថា ការផ្តោត​សំខាន់​របស់​គាត់​គឺ​ទៅលើ​ការ​ចែកចាយ​រថក្រោះ Leopard 2​ដែល​ផលិត​ដោយ​​អាល្លឺម៉ង់​។​

​លោក​បាន​និយាយថា “​ការពិត​យើង​ទើបតែ​ធ្វើ​ការសម្រេចចិត្ត [​លើ​ការបញ្ជូន​រថក្រោះ​] ហើយ​ស្រាប់តែ​ការជជែក​ដេញដោល​ថ្មី​កំពុង​ផ្ទុះ​ឡើង​នៅក្នុង​ប្រទេស​អាល្លឺម៉ង់ ដែល​វា​ហាក់​មិន​សម​ហេតុផល​សោះ​”​។​

​កាលពី​ថ្ងៃ​ពុធ អាល្លឺម៉ង់​បាន​ប្តេជ្ញា​ផ្គត់ផ្គង់​រថក្រោះ Leopard 2​ចំនួន ១៤ គ្រឿង​ដល់​អ៊ុ​យក្រែន បន្ទាប់​ពី​រង​សម្ពាធ​ជាច្រើន​សប្តាហ៍​ពី​សម្ពន្ធមិត្ត​។​

​បន្ទាប់​ពី​ការប្តេជ្ញា​ចិត្ត​របស់​អាល្លឺម៉ង់​ក្នុង​ការបញ្ជូន​រថក្រោះ អាម៉េរិក​បាន​និយាយថា ខ្លួន​នឹង​ផ្តល់​ឱ្យ​អ៊ុយ​ក្រែន​នូវ​រថក្រោះ M1 Abrams របស់ខ្លួន​។​

​អនុ​រដ្ឋមន្ត្រីការបរទេស​អ៊ុ​យក្រែន លោក អង់ឌ្រី មែ​ល​នី​ក (Andrii Melnyk) បាន​អំពាវនាវ​ឱ្យ​បង្កើត “​សម្ពន្ធ​យន្តហោះ​ចម្បាំង​” ដែល​នឹង​ផ្តល់​ឱ្យ​អ៊ុយ​ក្រែន​នូវ​យន្តហោះ​ចម្បាំង F-16 និង F-35 របស់​អាម៉េរិក យន្តហោះ​ចម្បាំង Eurofighter យន្តហោះ​ចម្បាំង Tornado យន្តហោះ​ចម្បាំង Rafale របស់​បារាំង និង​យន្តហោះ​ចម្បាំង Gripen របស់​ស៊ុយអែត​។​

​ទីប្រឹក្សា​ប្រធានាធិបតី​អ៊ុយ​ក្រែន​បាន​ប្រាប់​បណ្តាញទូរទស្សន៍ Freedom Television របស់​អ៊ុយ​ក្រែនថា ពួកគេ​ក៏​ត្រូវការ​មី​ស៊ី​ល​ផងដែរ​ដើម្បី​កាត់បន្ថយ​អាវុធ​សំខាន់ៗ​របស់​កងទ័ព​រុស្ស៊ី​។​

​ហើយ​ប្រធានាធិបតី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បាន​បន្ទរ​តាម​នៅក្នុង​សុន្ទរកថា​ជា​វីដេអូ​ប្រចាំថ្ងៃ ដែល​ក្នុងនោះ​លោក​បាន​និយាយថា ប្រទេស​នេះ​ត្រូវការ​មី​ស៊ី​ល ATACMS​ផលិត​ដោយ​​អាម៉េរិក ដែល​មាន​រយៈ​ចម្ងាយ ២៩៧ គីឡូម៉ែត្រ​។​

​លោក​បាន​និយាយថា មី​ស៊ី​ល​នេះ​នឹង​ជួយ​អ៊ុយ​ក្រែន​ប្រមើល​មើល​ការវាយប្រ​ហា​ររបស់​រុស្ស៊ី​លើ​តំបន់​ទីក្រុង​និង​ជន​ស៊ីវិល​៕

​អធិការបតី​អាល្លឺម៉ង់ លោក អូ​ឡា​ហ្វ ស្កូ​ល ចាត់ទុក​ជា​រឿង​មិន​ទំនង​ទាល់តែសោះ​ដែល​អាល្លឺម៉ង់​សន្យា​ផ្តល់​រថក្រោះ​មិនទាន់​ទាំង​បាន​ប្រគល់​ផង ស្រាប់តែ​និយាយ​រឿង​យន្តហោះ​ទៀត​

Post navigation