Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អង្គការសហប្រជាជាតិ​និយាយថា និស្សិត​មី​យ៉ាម៉ា​ប្រាំពីរ​នាក់​ត្រូវបាន​កាត់ទោស​ប្រហារជីវិត​

Views: 7

​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ របប​យោធា​មី​យ៉ាន់​ម៉ា​បាន​កាត់ទោស​ប្រហារជីវិត​មនុស្ស​យ៉ាង​តិច​ប្រាំពីរ​នាក់​ទៀត​នៅ​សប្តាហ៍​នេះ ដែល​ធ្វើ​អោយ​ចំនួន​អ្នក​ទទួល​ទោស​ប្រហារជីវិត​ក្នុង​ប្រទេស​នេះ​​ឡើងដល់​១៣៩​នាក់ នេះ​បើ​យោងតាម​អង្គការសហប្រជាជាតិ​។​

​អ្នកនាំពាក្យ​ម្នាក់​នៃ​របប​យោធា​មិន​បាន​ឆ្លើយតប​នឹង​ការ​ហៅទូរស័ព្ទ​មក​ពី​ខាង​ក្រៅ​ប្រទេស​ដើម្បី​បញ្ជាក់​ព័ត៌មាន​ស្តីពី​ការប្រហារជីវិត​នេះ​ទេ​។​អង្គការសហប្រជាជាតិ​ចោទប្រកាន់​អាជ្ញាធរ​មី​យ៉ាន់​ម៉ា​ថា​​ប្រើ​ទោស​ប្រហារជីវិត​ដើម្បី​ជា​«​ឧបករណ៍​បង្ក្រាប​ក្រុមប្រឆាំង​»​។​

​មី​យ៉ាន់​ម៉ា បាន​ធ្លាក់​ចូល​ក្នុង​ភាពវឹកវរ​ចាប់តាំងពី​រដ្ឋាភិបាល​ស៊ីវិល​មួយ​ត្រូវ​ក្រុម​យោធា​បណ្តេញចេញ​ពី​អំណាច​ក្នុង​រដ្ឋប្រហារ​យោធា​មួយ​កាលពី​ខែ​កុម្ភៈ​ឆ្នាំ​២០២១ ។​

​ឧត្តម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិ​មនុស្ស​លោក វ៉ុល​គែរ ទឺក​(Volker Turk)​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា យ៉ាងហោច​ណាស់​និស្សិត​សកល​វិទ្យាល័យ​ប្រុស​ប្រាំពីរ​នាក់​​ត្រូវបាន​កាត់ទោស​ប្រហារជីវិត​ដោយ​តុលាការយោធា​មួយ ដែលមិន​អនុញ្ញាត​អោយ​សាធារណជន​និង​អ្នកកាសែត​ចូល​ស្តាប់​ទេ​កាលពី​ថ្ងៃ​ពុធ​។​

​ឧត្តម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិ​មនុស្ស​លោក វ៉ុល​គែរ ទឺក​

​លោក​បាន​និយាយថា​« ដោយ​ប្រើ​ទោស​ប្រហារជីវិត​ជា​ឧបករណ៍​នយោបាយ​ដើម្បី​បង្ក្រាប​ក្រុម​ប្រឆាំង យោធា​កំពុង​ម​ងាយ​កិច្ចខិតខំ​របស់​អាស៊ាន​និង​សហគមន៍​អន្តរជាតិ​ដើម្បី​បញ្ចប់​អំពើ​ហិង្សា ហើយ​​បង្កើត​លក្ខខណ្ឌ​សំរាប់​ការចរចា​នយោបាយ​មួយ​ដើម្បី​នាំ​មី​យ៉ាន់​ម៉ា​ចេញពី​វិបត្តិ​សិទ្ធិមនុស្ស បង្កឡើង​ដោយ​ក្រុម​យោធា​»​។​

​សារព័ត៌មាន​ក្នុងស្រុក​បាន​និយាយថា ពួក​និស្សិត​សកល​វិទ្យាល័យ​នៅ​ក្រុង​យ៉ាងហ្គោន​ត្រូវបាន​ចាប់ខ្លួន​កាល​ពី​ខែ​មេសា​និង​រង​ការចោទប្រកាន់​ពី​បទ​ចូលរួម​ក្នុង​ការបាញ់​នៅ​ធនាគារ​មួយ​។​

​ក្រុមនិស្សិត​សកលវិទ្យា​ល័យ​ដា​ហ្គោន​(Dagon)​បាន​និយាយថា​«​ការដាក់ទោស​ប្រហារជីវិត​លើ​និស្សិត​ជា​អំពើ​សងសឹក​ដោយ​ក្រុម​យោធា​»​។​

ក្រុមនិស្សិតកាន់ទង់សហភាពនិស្សិតមីយ៉ាន់ម៉ា នាំគ្នាធ្វើបាតុកម្មប្រឆាំងរបបសឹកនៅក្រុងយ៉ាងហ្គោនកាលពីឆ្នាំ២០២១

​អង្គការសហប្រជាជាតិ​កំពុង​ស៊ើបអង្កេត​របាយការណ៍​មួយទៀត​ដែល​ថា សកម្មជន​វ័យក្មេង​បួន​នាក់​ទៀត​ក៏​ត្រូវបាន​កាត់ទោស​ប្រហារជីវិត​ផង​ដែរ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​លោក​​ទឺក បាន​និយាយថា​«​ក្រុម​យោធា​កំពុង​បន្ត​ដំណើរការ​តុលាការ​សម្ងាត់​ដោយ​រំលោភ​គោល​ការណ៏​គ្រឹះ​ស្តី​ពី​សវនាការ​ដោយ​យុត្តិធម៌​និង​ផ្ទុយ​ពី​ការធានា​យុត្តិធម៌​គោល​ស្តី​ពី​ឯករាជ្យភាព​និង​ភាព​មិន​​លម្អៀង​»​។​​បើ​តាម​ស្នងការ​សិទ្ធិមនុស្ស​រូបនេះ សវនាការ​ខ្លះ​ធ្វើ​ឡើង​តែ​ប៉ុន្មាន​នាទី​ហើយ​អ្នក​ត្រូវ​ចាប់ខ្លួន​មិន​ទទួលបាន​សិទ្ធិ​ជួប​មេធាវី​ឬ​ក្រុមគ្រួសារទេ​។​

​ការកាត់ទោស​ប្រហារជីវិត​នេះ​កើតឡើង​បន្ទាប់ពី​ការកាត់ទោស​ប្រហារជីវិត​អ្នកទោស​បួន​នាក់​កាលពី​ខែ​កក្កដា លើ​អតីត​សមាជិក​សភា​ម្នាក់​និង​សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ម្នាក់​។​

​អាស៊ានដែលបាននិងកំពុងខិតខំដោះស្រាយវិបត្តិមីយ៉ាន់ម៉ាទាំងមិនទទួលបានលទ្ធផលធំដុំ កាលពី​ខែ​សីហា​បាន​ព្រមាន​ប្រឆាំង​ការប្រហារជីវិត​អ្នកទោស​បន្ថែមទៀត​៕

Post navigation