Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អ្នកច្បាប់ថាអ្នកទទួលខុសត្រូវការបាត់បង់ព្រៃឈើជិត៦០០ហិកតានៅភ្នំតាម៉ៅគឺពាក់ព័ន្ធជាចង្កោម

មន្រ្តីកម្មវិធីបណ្ដាញសហគមន៍ នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក ហៅការប្រព្រឹត្តបទ​​ល្មើ​​ស​​​​​នេះថា ជាការទទួលខុសត្រូវជាចង្កោម ហើយបទល្មើសនេះជាប្រភេទនៃបទល្មើសព្រហ្មទណ្ឌ​​ថែម​​ទៀត ដែលព្រះរាជអាជ្ញាជាម្ចាស់បណ្ដឹងអាជ្ញាមានភារកិច្ចក្នុងការកសាងសំណុំរឿងបញ្ជូន​​ករណីនេះ​​ទៅ​​​​តុលាការ ដើម្បីបើកការស៊ើបអង្កេតឱ្យរកឃើញពីការប្រព្រឹត្តបទល្មើស និងទោស​​ទណ្ឌដែល​​​​ត្រូវ​​ទទួល​ខុសត្រូវ តាមបញ្ញត្តិនៃច្បាប់ស្ដីពីរដ្ឋបាលព្រៃឈើ រួមទាំងបទដ្ឋានគតិយុត្តដទៃទៀត។

លោក ប៉ែន ប៊ុណ្ណារ៍ មន្រ្តីជាន់ខ្ពស់នៃកម្មវិធីបណ្ដាញសហគមន៍ នៃសមាគមការពារសិទ្ធិមនុស្ស អាដ​​ហុក លើកឡើងថា បើនិយាយដល់រឿងការទទួលខុសត្រូវចំពោះការធ្វើឱ្យមានវិនាសកម្មព្រៃនៅ​​តំ​​បន់ភ្នំតាម៉ៅនេះ វាមិនមែនអ្នកធម្មតាជាអ្នកធ្វើសេចក្ដីសម្រេចចិត្តបាននោះទេ បើគ្មានការបើកភ្លើងខៀវ​​​​ពីរដ្ឋាភិបាល។ ក្នុងន័យនេះ លោកថា ការទទួលខុសត្រូវធំបំផុត គឺ​​វា​​​​កើតឡើងជា​​ប្រព័ន្ធ រាប់​​ចាប់​​តាំង​​ពី អ្នក​​ផ្ដល់​​​​ការ​​ប្រឹក្សាយោបល់ រហូតដល់អ្នកដែល​ធ្វើការ​​សម្រេ​​​ច​ចិត្ត​​ចុង​​ក្រោយ ក្នុង​​ការ​​ផ្ដល់​​ដី​​នេះ​​​​ឱ្យ​​​​ទៅ​​វិស័យ​​ឯក​​ជនជាអ្នកវិនិយោគ។

លោកបន្តថា៖ «បើយើងនិយាយតាមការទទួលខុសត្រូវ អ្នកដែលទទួលខុសត្រូវហ្នឹង គឺអ្នកដែល​​​ស​​ម្រេ​​​​​​​ច​ផ្ដល់សម្បទានដីរដ្ឋឱ្យក្រុមហ៊ុនវិនិយោគហ្នឹងតែម្តង។ អ៊ីចឹងទេ អ្នកដែលចុះហត្ថលេ​​ខាលើ​អ​​នុ​​​​ក្រឹត្យ និងអនុបយោគនេះ បើយើងនិយាយនោះណ៎ា! រឿងហ្នឹងគឺគាត់ជាអ្នកទទួលខុសត្រូវ ពី​​ព្រោះ​​​គាត់មានអ្នកជំនាញ អ្នកអីទាំងអស់ ដែលធ្វើការសិក្សាទៅលើផលប៉ះពាល់អីទាំងអស់ហ្នឹង មុ​ន​​នឹងមានការបំប្លែងដីហ្នឹងដោយអនុក្រឹត្យ និងអនុបយោគហ្នឹង។ អ៊ីចឹងទេ បើនិយាយ​​ទៅ វាត​​គ្នា​ វាតគ្នា»។

បើតាមលោក ប៉ែន ប៊ុណ្ណារ៍ បើទោះជាគេដឹងថាការផ្ដល់សិទ្ធិវិនិយោគនៅភ្នំតាម៉ៅនេះ វាបាន​​ចង​​ប្រទាក់​​​​ក្រឡា​​គ្នា​​​​ជា​ប្រ​ព័ន្ធ​​​​យ៉ាងណា​​ក្ដី ក៏គ្មានសង្ឃឹម​​ថា​​​​នឹងមានអ្នក​​ដែល​​ហ៊ានចេញមុខក្នុងការទទួល​​ខុស​​​ត្រូវនោះ​​ឡើ​​យ​​​​​​​។ ​​ប​​ន្ថែម​​ពីលើនេះទៅទៀត ដើម្បីឈានទៅបញ្ចប់ភាពចម្រូងចម្រាសនេះ យ៉ាង​​ហោ​​ច​​ណា​​ស់ ​​​​គឺបានត្រឹមសម្របសម្រួល រួច​​ប​​ញ្ចប់​​​វិវាទដោយការ​​ស្រុះ​​​​ស្រួលគ្នា និងឯកភាព​​គ្នាដាំ​​ដើម​​ឈើ​​​ឡើង​​វិញ ដូចការអំពាវនាវ​​របស់​​លោ​​ក ឡេង ណាវ៉ាត្រា។

បើគេពិនិត្យទៅលើការទទួលខុសត្រូវជាបុគ្គល ក្នុងរឿងដីនៅតំបន់ភ្នំតាម៉ៅនេះ ទំនង​​ជា​​មិន​​អាច​​ទៅ​​រួចនោះទេ។ ចំណារឯកភាពដោយលោក ខូយ ឃុនហ៊ួរ រដ្ឋមន្រ្តីទទួលបន្ទុក​​ទីស្ដីការ​​គណៈ​​រ​​​ដ្ឋ​មន្រ្តី និង​​ជា​​អ​​តី​ត​​ចៅហ្វាយខេត្តកំពត បានចេញលិខិតបើកផ្លូវឱ្យក្រុមហ៊ុន «ខ្មែរ ហ្វ្រេស មីល» ក្នុង​​​​​ចំ​ណោមក្រុមហ៊ុន ៣​​​​ផ្សេងទៀត រួមមាន ក្រុមហ៊ុន «បាទី ធួរីសឹម» ​ក្រុមហ៊ុន «ធីភី ម៉ូរ៉ាល់ គ្រុប ​ (​TP M​​oral Grou​​p)​​» រប​​ស់​​លោកឧកញ៉ា ឃុន សៀ និង​​​ក្រុមហ៊ុន «ឆាយណា ប៉ោ​យប៉ែត» របស់​​លោក​​​ឧក​​​ញ៉ា ឡេង ណា​​វ៉ា​​ត្រា​ ដើម្បីទទួលបានសិទ្ធិវិ​​​និ​​​យោ​​គ​នៅតំបន់ភ្នំតាម៉ៅ។

ទិដ្ឋភាពថតពីលើអាកាស ពីសកម្មភាពឈូសឆាយដីព្រៃតំបន់ភ្នំតាម៉ៅ ក្នុងទំហំទ្រង់ទ្រាយធំ ស្ថិតនៅភូមិហនុមាន ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២។
ទិដ្ឋភាពថតពីលើអាកាស ពីសកម្មភាពឈូសឆាយដីព្រៃតំបន់ភ្នំតាម៉ៅ ក្នុងទំហំទ្រង់ទ្រាយធំ ស្ថិតនៅភូមិហនុមាន ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២។ (កាយ ណារ៉ា)

ការអនុវត្តនូវសេចក្ដីសម្រេចរបស់ទីស្ដីការគណៈរដ្ឋមន្រ្តី ដែលចេញកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២​​០​​២​​២​ គឺធ្វើឡើង ៨ថ្ងៃបន្ទាប់ពីលិខិតបង្គាប់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលធ្វើឡើង​​​កា​​ល​​ពីថ្ងៃទី៦ មករា ឆ្នាំ២០២២ បើកផ្លូវឱ្យក្រុមហ៊ុនឯកជនទាំងនោះវិនិយោគនិងឈូស​​ឆាយ​​ដី​​នៅ​​តំ​​បន់​​ភ្នំតាម៉ៅ

ក្រៅពីនេះ នៅមានលិខិតការពាររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលចេញ​​កាល​​ពី​​ថ្ងៃ​ទី៤ សីហា និងលិខិត​​បដិ​​សេ​​ធរបស់អង្គភាពប្រឆាំងអំពើពុករលួយ រួមទាំងការបក​​ស្រាយថាគ្មាន​​កា​រ​​ពាក់ព័ន្ធណាមួយរបស់អភិបាលខេត្តតាកែវ ក្នុងរឿងឈូសឆាយ​​ដីនៅតំបន់ភ្នំតាម៉ៅនេះផង គឺ​​ឆ្លុះបញ្ចាំងឱ្យឃើញ​ថា បញ្ហានៅភ្នំតាម៉ៅនេះ វាមិនមែនជាការទទួលខុសត្រូវតែមួយគត់​​​របស់​ក្រ​​​សួង​​​កសិ​​កម្ម​​ទេ។ ជារួម ការពាក់ព័ន្ធនេះ គឺមានការរួមចំណែកក្នុងការអនុញ្ញាតឱ្យមានការវិនិយោគ ហា​​ក់​​មាន​​លក្ខ​​ណៈជាចង្កោម និងប្រទាក់ក្រឡាដូចសំណាញ់យ៉ាងដូច្នេះដែរ។

ម្យ៉ាងវិញទៀត បើគេពិនិត្យទៅលើរបាយការណ៍នៃការវាយតម្លៃពីហេតុប៉ះពាល់បរិស្ថាន និង​​សង្គ​​ម គឺរកមិនឃើញថា ការវិនិយោគនេះបានដាក់ឱ្យអនុវត្តដូចមានបញ្ញត្តិ​​នៅក្នុងច្បាប់​​ស្ដីពីប​​​រិស្ថាន​​នោះ​​​ថែមទៀតផង។

វីអូឌី មិនទាន់អាចស្នើសុំការបំភ្លឺបន្ថែមជុំវិញរឿងនេះពីលោក ផៃ ស៊ីផាន អ្នកនាំពាក្យ​​ទីស្ដីការគណៈ​​រដ្ឋ​​មន្រ្តី បាននៅឡើយទេ នៅថ្ងៃអង្គារនេះ។

សម្រាប់លោក ប៉ែន ប៊ុណ្ណារ៍ វាជាកំហុសកាន់តែធំជាងនេះ ប្រសិនបើរដ្ឋផ្ដល់សិទ្ធិ​​វិនិយោគ​​ឱ្យក្រុម​​ហ៊ុ​ន​​​ទាំងនោះ ដោយមិនបានឆ្លងកាត់ការធ្វើអនុបយោគពីដីសាធារណៈរបស់រដ្ឋទៅជាដី​​ឯ​​ក​​ជន​​​​​​​របស់រដ្ឋជាមុនទេ មុននឹងចេញអនុក្រឹត្យ មានន័យថា វាជាការរំលោភ​​ទៅ​​នឹង​​គោលការណ៍ច្បាប់ និ​ង​​​នីតិវិធីកាន់តែធ្ងន់ធ្ងរជាងនេះបន្ថែមទៀត។

លោកបន្តថា៖ «ប្រសិនបើប្រទេសយើងជានីតិរដ្ឋពិត អ៊ីចឹងគេត្រូវប្រយ័ត្នតាំងពីការធ្វើហ្នឹងមក​​។​​ដូចខ្ញុំនិយាយពាក្យមួយម៉ាត់អ៊ីចឹង គេនិយាយថា តើអាហ្នឹងនៅបម្រើផលប្រយោជន៍សាធារណៈរបស់រដ្ឋទៀតទេ? បើវានៅ អ៊ីចឹងអត់អាចចេញអនុក្រឹត្យ និងអនុបយោគបាន​ទេ។ អ៊ីចឹងបើយើងចេះ​​​តែ​គិត​ពីលុយនិងផលប្រយោជន៍បក្ខពួក វាធ្វើឱ្យការសម្រេចចិត្តរបស់ខ្លួន វាផ្ទុយពីច្បាប់»។

បើពិនិត្យអំពីច្បាប់ស្តីពីរដ្ឋបាលព្រៃឈើ មាត្រា៧៦វិញ ចែងថា បទល្មើសព្រៃឈើគឺជាបទ​ល្មើស​​ព្រ​​​ហ្ម​​​​​ទណ្ឌ​​​​។ រដ្ឋ​​បា​ល​​​​ព្រៃឈើ មានសមត្ថកិច្ចជានគរបាលយុត្តិធម៌ក្នុងការស៊ើបអង្កេតបទ​​ល្មើស​​ព្រៃ​​ឈើ និងចង​​ក្រង​​សំណុំរឿងបញ្ជូនទៅតុលាការ។ ការស្រាវជ្រាវ ទប់ស្កាត់ និងការបង្ក្រាបបទ​ល្មើ​​ស​​​​ព្រៃ​​ឈើ វាជា​​ស​​ម​​ត្ថ​​​​កិច្ចរបស់រដ្ឋបាលព្រៃឈើគ្រប់ថ្នាក់នៅក្នុងរង្វង់ដែន​​សមត្ថកិច្ចរៀងៗ​​ខ្លួន​​។​

ចំណែកលោកមេធាវី សេក សោភ័ណ្ឌ មេធាវីនៃការិយាល័យមេធាវីរ៉ៃ និងប៊ីស៊ីនីស ហាក់មានភាព​​ស្មុ​គ​​​​ស្មា​​​ញ​​​​បន្តិចក្នុងការពន្យល់អំពីភាពប្រឈមនៃដីនៅបរិវេណភ្នំតាម៉ៅនេះ ដោយសារ​​មិន​​ដឹង​​ថា​​តើ ក្រុមហ៊ុនឯកជនទាំងនោះទទួលបានដីវិនិយោគតាមរូបភាពណាមួយ ហើយធ្វើឡើង​​ដោយ​​មាន​​ការអនុវត្តទៅតាមនីតិវិធីបានត្រឹមត្រូវកម្រិតណា។ បើទោះជាបែបណា មេធាវីរូប​​នេះយល់​​ឃើញ​​ថា ប្រសិនបើការវិនិយោគនេះមិនស្របទៅតាមគោលការណ៍និងនីតិ​​​វិធី​ទេ ហើយ​​រ​ហូ​តធ្វើឱ្យ​​មាន​​ការ​​ខូចខាតទ្រព្យសម្បត្តិរបស់រដ្ឋថែមទៀត មានន័យថា អ្នកដែលប្រព្រឹត្តបទល្មើស គឺត្រូវតែទទួល​​ខុស​​ត្រូវ​​ចំពោះមុខច្បាប់ហើយ។

លោកបន្តថា៖ «វាពាក់ព័ន្ធនឹងការសម្រេចរបស់រាជរដ្ឋាភិបាល ត្រូវឱ្យវិនិយោគហ្នឹងតាមនីតិវិធីមួយណា តើតាមនីតិវិធីដេញថ្លៃ ឬនីតិវិធីយ៉ាងម៉េច ដែលជាសំណួរដែលខ្ញុំពិបាក​​ធ្វើអត្ថាធិប្បាយ។ ​​ប៉ុន្តែ​​ជា​​​​​គោលការណ៍ ប្រសិនបើមានបទល្មើសព្រៃឈើ មានន័យថា បទល្មើសហ្នឹង​​វាត្រូវតែមានអ្នក​​ទ​ទួ​​ល​​ខុស​​ត្រូវហើយ»។

ចំណែកមាត្រា៩៤ នៃច្បាប់ស្តីពីរដ្ឋបាលព្រៃឈើ បុគ្គលណាដែលប្រព្រឹត្តបទល្មើសព្រៃឈើ ធ្វើ​​ឱ្យ​​ប៉ះ​​ពាល់ខូចខាតដល់មជ្ឈដ្ឋានព្រៃឈើ ត្រូវចេញថ្លៃស្ដារ ឬជួសជុលការខូចខាតឱ្យមានលក្ខខណ្ឌ​​ដូច​​​​ដើមឡើងវិញ ខណៈដែលមាត្រា៩៣នៃច្បាប់នេះ ក៏បញ្ញត្តិដែរថា ចំពោះបទឧក្រិដ្ឋ ត្រូវផ្ដន្ទា​​ទោស​​ដាក់ពន្ធនាគារចន្លោះពី៥ទៅ១០ឆ្នាំ និងត្រូវរឹបអូសវត្ថុតាងទាំងអស់មកជាសម្បត្តិរដ្ឋ។

ភ្លាមៗ ក្រោយពីមានសេចក្តីសម្រេចរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី៧ ខែសីហា លុប​​ចោ​​លសេចក្តីជូនដំណឹង ឬ សជណ រាល់ការវិនិយោគទាំងអស់លើដីនៅតំបន់ភ្នំតាម៉ៅរួចមក គេ​​សង្កេតឃើញលោក ឡេង ណាវ៉ាត្រា បានចេញមុខប្រកាសរកអ្នកស្ម័គ្រចិត្តជួយដាំដើម​​ឈើ​​ឡើ​​ង​​​​វិញ។

ទន្ទឹមនឹងមានការអំពាវនាវរបស់លោក ឡេង ភក្រ្តា ដែលគេស្គាល់ជាទូទៅថាជាឧកញ៉ា ឡេង ណា​​​វ៉ា​ត្រា នេះក៏មានសប្បុរជនមួយចំនួន រួមទាំងក្រុមយុវជនផង បានស្ម័គ្រផ្តល់កូនឈើ និង​​ចូល​​រួម​ក្នុងសកម្មភាពនេះ។ ប៉ុន្តែម្ចាស់ក្រុមហ៊ុនវិនិយោគបីផ្សេងទៀត ដូចជា ម្ចាស់ក្រុមហ៊ុនខ្មែរ ហ្វ្រេស មី​ល ក្រុមហ៊ុន បាទី ធួរីសឹម ​និងក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ​ (​TP M​​oral Grou​​p)​​ រប​​ស់​​លោក​​ឧក​​ញ៉ា ឃុន សៀ បានបន្តនៅស្ងៀមស្ងាត់នៅឡើយ។

លោក ប៉ែន ប៊ុណ្ណារ៍ មន្រ្តីជាន់ខ្ពស់ នៃកម្មវិធីបណ្ដាញសហគមន៍ នៃសមាគមការ​​ពារ​​សិទ្ធិ​មនុស្ស អាដ​​ហុក យល់ឃើញថា បើពិនិត្យពីការទទួលខុសត្រូវ តាមទម្រង់ផ្លូវច្បាប់ គឺមិនត្រឹមត្រូវទាល់​​តែ​​សោះ​​។ លោកបន្តថា បើទោះជាពេលនេះ លោក ឡេង ណាវ៉ាត្រា ហ៊ានចេញមុខមកទទួលខុសត្រូវខុ​​ស​​​​ពី​ម្ចាស់​​ក្រុម​​ហ៊ុនបីផ្សេងទៀតដែលបន្តលាក់មុខ​​ក៏ពិតមែន ក៏ការរ៉ាប់រងនៃការចេញ​​ការ​​ខូច​ខាត​​​នេះ បែរជាធ្វើ​​ឡើង​​​​តា​​មរយៈ​​កិច្ច​​ស​​​ហការបែបសមូហភាពទៅវិញ ដែលនេះមិនមែនជា​​ការ​​​ទ​​​ទួ​​ល​​​​ខុសត្រូវរបស់ក្រុម​​ហ៊ុន​​ដូច​​មាន​​បញ្ញ​​ត្តិ​​​នៅក្នុងច្បាប់នោះទេ។

ក្រោយពីផ្ទុះការរិះគន់កាន់តែខ្លាំង ហើយបានធ្វើ​​ឱ្យយុវជនមួយចំនួននៅលើបណ្តាញ​​សង្គ​​មហ្វេ​ស​​ប៊ុក ធ្វើពហិការមិនប្រើប្រាស់រាល់ផលិតផលរបស់ក្រុមហ៊ុនទាំងនេះ បញ្ហានេះបាន​​បង្ខំឱ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបង្ខំចិត្តចេញសេចក្តីសម្រេចលុបចោលភ្លាមៗរាល់​​គ​​ម្រោង​​វិនិយោគដីនៅតំបន់ភ្នំតាម៉ៅនេះ។

សម្រាប់អ្នកជំនាញផ្នែកគោលនយោបាយ មើលឃើញថា ការបង្ខំចិត្តលុបគម្រោងប្រញាប់​​ប្រញាល់បែបនេះ ទំនង​​ជា​​លោក ហ៊ុន សែន មើលឃើញពីហានិភ័យខាងនយោបាយ ច្រើនជាង​​កា​​រ​​​លុបគម្រោងវិនិយោគដោយសារប៉ះពាល់ខ្លាំង ទាំងជីវិតសត្វ និងធនធានជីវចម្រុះជាតិដ​​ទៃ​​ទៀត​ នៅទីនោះ។

លោក វណ្ណ ប៊ុណ្ណា អ្នកជំនាញខាងវិទ្យាសាស្រ្តនយោបាយ ឱ្យដឹងថា ការដកថយមួយ​​ជំហាន​​វិញ​នៅពេលនេះ ប្រហែលជាលោក​នា​យករដ្ឋមន្រ្តីមើលឃើញយ៉ាងច្បាស់ហើយអំពីផល​​មិនល្អ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៅឆ្នាំ​​២០​​២​៣ ខាងមុខនេះ ទើបបង្ខំចិត្តឱ្យលោក ហ៊ុន សែន សម្រេច​​ទាត់ចោល​​គ​​​ម្រោ​ង​​វិនិយោគរបស់ក្រុម​​ហ៊ុន​​ឯ​​ក​​ជន​​ទាំ​ង​​​អស់ចេញ។

លោកបន្តថា៖ «សម្រាប់ខ្ញុំ ខ្ញុំមើលឃើញទិដ្ឋភាពរឿងនយោបាយហ្នឹងដូចជាមានកម្រិតខ្ពស់ជាង ដោ​​​​យ​​សាររឿងការឈូសឆាយព្រៃនៅភ្នំតាម៉ៅនេះ ទទួលបាននូវការរិះគន់ ក៏ដូចជាការចាប់​​អារ​ម្ម​​ណ៍​​​​ហ្នឹងច្រើនមែនទែន ហើយសូម្បីតែអ្នកដែលមានទំនោរគាំទ្ររដ្ឋាភិបាល ក៏ហាក់ដូចជា​​មាន​​ប្រតិកម្មទៅលើបញ្ហាហ្នឹងដែរ។ អ៊ីចឹងទេ ក្នុងន័យនយោបាយ លោកនាយករដ្ឋមន្រ្តី ប្រហែល​​ជា​​គាត់​​គិត​​ថាបើកឱ្យមានការឈូសឆាយអ៊ីចឹងទៀត វាអាចនឹងមានការប៉ះពាល់ប្រជាប្រិយភាពគ​​ណ​​​​បក្សប្រជាជនកម្ពុជា នៅពេលខាងមុខនេះ »។

បើតាមលោក ប៉ែន ប៊ុណ្ណារ៍ អ្នកការពារសិទ្ធិមនុស្ស​ នៃសមាគមអាដហុក បញ្ជាក់ថា ចំពោះការ​​ឈូស​​ឆាយដី​​នៅតំបន់ភ្នំតាម៉ៅអស់ជិត៦រយហិកតានេះ លោកប្រហែល​​ជានឹងរៀប​​ចំ​​បណ្តឹង​បរិ​​ហារ ទៅតុលាការ ​​ដើម្បី​​បើកផ្លូវ​​ឱ្យ​​ព្រះ​​រាជអាជ្ញា ពិនិត្យ និងសិក្សាលើសំណុំរឿងនេះ រកអ្នក​​ពាក់​​ព័ន្ធ​​ឱ្យ​​មក​​​​ទទួលខុសត្រូវ៕