Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អ្នកនាំពាក្យ ៖ ក្រសួងបរិស្ថាន ប្ដេជ្ញានឹងការពារសត្វដំរី ក្នុងប្រទេសកម្ពុជា ពីការគំរាមរបស់មនុស្ស ដោះស្រាយជម្លោះ រវាងមនុស្ស និងដំរី

Views: 9

ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងជាមន្ត្រីនាំពាក្យ ក្រសួងបរិស្ថាន បានបញ្ជាក់ថាៈ ” ក្រសួងបរិស្ថាន ប្ដេជ្ញានឹងការពារសត្វដំរី ក្នុងប្រទេសកម្ពុជា ពីការគំរាមរបស់មនុស្ស ដោះស្រាយជម្លោះ រវាងមនុស្ស និងដំរី និងការពារព្រៃអភិរក្ស តំបន់ការពារធម្មជាតិ ដើម្បីផ្ដល់ជម្រកសុវត្ថិភាព សម្រាប់សត្វដំរីអាស៊ី។ បច្ចុប្បន្ន កម្ពុជា មានដំរីអាស៊ី ចន្លោះពី ៤០០ ទៅ ៦០០ ក្បាល ដែលកំពុងរស់នៅតំបន់ ជួរភ្នំក្រវាញ តំបន់ព្រៃឡង់ និងតំបន់ខ្ពង់រាបភាគខាងកើត ក្នុងខេត្តមណ្ឌលគីរី ខេត្តរតនគិរី។ ចំណែកដំរីស្រុក មានប្រមាណ ៧០ ក្បាល ” ។

មន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានអះអាងដូច្នេះថាៈ ” យោងតាមទិន្នន័យ ពីម៉ាស៊ីនថត ស្វ័យប្រវត្តិ ក្នុងតំបន់ការពារធម្មជាតិនានា ដំរីអាស៊ី បានរស់នៅជាហ្វូង នៅក្នុងតំបន់ការពារ ធម្មជាតិ របស់កម្ពុជា ហើយមានឃើញកូនតូចៗ ជាច្រើនថែមទៀត។ វត្តមានកូនដំរីតូចៗ ដែល ទើបនឹងកើត នៅក្នុងហ្វូងដំរីធំៗ គឺជាក្តីសង្ឃឹមរបស់ក្រុមអ្នកអភិរក្ស និងក្រុមអ្នកបរិស្ថាន ” ។
តាមការសិក្សាស្រាវជ្រាវ របស់អ្នកជំនាញ រយៈពេល ៦០ ទៅ ៧០ ឆ្នាំ ចុងក្រោយនេះ ចំនួនដំរីអាស៊ី នៅលើពិភពលោក បានថយចុះប្រហែល ៥០ ភាគរយ ។ ចំណែកឯទីជម្រក របស់វា បានបាត់បង់អស់ជាច្រើនផងដែរ។ ក្នុងចំណោមដំរីអាស៊ី សរុបប្រមាណពី ៣៩.៤៦៣ ក្បាល ទៅ ៤៧.៤២៧ ក្បាល ដែលកំពុងរស់នៅក្នុងព្រៃសព្វថ្ងៃ ក្នុងនោះប្រហែល ៧៥ ភាគរយ រស់នៅក្នុងប្រទេសឥណ្ឌា និងស្រីលង្កា។

ចំពោះមុខនៃការគំរាមកំហែងនេះ លោក នេត្រ ភក្ត្រា បានថ្លែងថាៈ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន បានខិតខំរៀបចំផែនការសកម្មភាព ដើម្បីអភិរក្សសត្វដំរីអាស៊ី ។ លោកបានបញ្ជាក់ថាៈ ” ក្រុមអភិរក្សដំរីព្រៃ នៅកម្ពុជា (CECG) ត្រូវបានបង្កើតឡើង នៅឆ្នាំ២០០៥ ដោយមានការចូលរួមពីក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើ និងអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ ដើម្បីអភិរក្សដំរីអាស៊ី នៅកម្ពុជា តាមរយៈការរក្សាស្ថិរភាព និងជំរុញឱ្យ មានកំណើនចំនួនប្រភេទនេះ នៅក្នុងព្រៃនៃប្រទេសកម្ពុជា ហើយផែនការសកម្មភាព ដើម្បី អភិរក្សសត្វដំរីអាស៊ី ឱ្យនៅគង់វង្ស ត្រូវបានរៀបចំឡើង សម្រាប់រយៈពេល ១០ ឆ្នាំ គឺពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៩ ដោយបានកំណត់នូវ បញ្ហាអាទិភាព ចំនួន ៦ ក្នុងនោះរួមមាន ១) ការកាត់បន្ថយការបាត់បង់ទីជម្រក ២)អភិរក្ស និងតភ្ជាប់ច្រករបៀង និងហ្វូងដំរីព្រៃ ឡើងវិញ ៣) ពង្រឹងការអនុវត្តច្បាប់ ៤) បង្ការមិនឱ្យមានការចាប់ដំរីព្រៃ មកចិញ្ចឹម ៥)បន្ធូរបន្ថយជម្លោះ រវាងសត្វដំរីព្រៃ និងមនុស្ស ៦)អប់រំផ្សព្វផ្សាយ និងដាក់ចេញ សកម្មភាពយុទ្ធសាស្ត្រ សម្រាប់ដោះស្រាយបញ្ហាទាំងនោះ។

យោងតាមការប៉ាន់ស្មាន ផែនការសកម្មភាព រយៈពេល ១០ ឆ្នាំ ដើម្បីអភិរក្សសត្វដំរីព្រៃ អាស៊ីនេះ ត្រូវការថវិកាចំនួន ៤០,៥ លានដុល្លារ សហរដ្ឋអាមេរិក ដែលជាគម្រោងថវិកា រំពឹងថានឹងបានមកពី ប្រភពរួមបញ្ចូលគ្នា ទាំងកញ្ចប់ថវិការាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា៕ V / N

Post navigation