ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងថ្នាក់ដឹកនាំ រួមទាំងមន្ត្រីរាជការ នៅក្រសួងយុត្តិធម៌ គឺមិនមានការឆ្លង ជំងឺកូវីដ-១៩ នោះទេ។ នេះបើយោងតាមលទ្ធផលពីក្រសួងសុខាភិបាល គិតមកដល់ត្រឹមម៉ោង៦ល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ។
អ្នកនាំពាក្យ ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានបញ្ជាក់មុននេះបន្តិចថាៈ ” មានការបង្ហោះសារសំឡេង ផ្សព្វផ្សាយព័ត៌មានបំពុលថា ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ វិជ្ជមានកូវីដ-១៩ ។ តាមពិត លទ្ធផលពិនិត្យសំណាក លើកទី១ កាលពីម្សិលមិញ គឺអវិជ្ជមានកូវីដ-១៩ “។
យោងតាមសេចក្តី ប្រកាសព័ត៌មាន របស់អ្នកនាំពាក្យ ក្រសួងយុត្តិធម៌ នៅព្រលប់ថ្ងៃទី៣០ ខែវិច្ឆិកា នេះ បានប្រកាសថាៈ បើយោងតាមលទ្ធផល ពីក្រសួងសុខាភិបាល គិតមកត្រឹមម៉ោង ៦ ល្ងាច ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ទាំងថ្នាក់ដឹកនាំ ទាំងមន្ត្រីរាជការ ក្រសួងយុត្តិធម៌ រួមនឹងចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី មន្ត្រីរាជការ ក្នុងវិស័យតុលាការ គឺពុំមាននរណាម្នាក់ មានលទ្ធផលវិជ្ជមាន វីរុសកូវីដ-១៩ នោះទេ។
ទន្ទឹមនេះ អ្នកនាំពាក្យ ក្រសួងយុត្តិធម៌ បានបញ្ជាក់ថាៈ បច្ចុប្បន្ននេះ ទាំងថ្នាក់ដឹកនាំ ទាំងមន្ត្រីរាជការ ក្រសួងយុត្តិធម៌ រួមនឹងចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី មន្ត្រីរាជការ ក្នុងវិស័យតុលាការ ដែលមានការជាប់ពាក់ព័ន្ធនឹង ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ទោះដោយផ្ទាល់ ឬដោយប្រយោល បាននិងកំពុងដាក់ខ្លួន អោយនៅដាច់ដោយឡែក (ចត្តាឡីស័ក) ព្រមទាំងអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវវិធានការសុវត្ថិភាព តាមគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាល។
សូមជម្រាបថា លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រួមទាំងមន្ត្រីជាន់ខ្ពស់ មួយចំនួន បានចូលរួម ក្នុងកិច្ចប្រជុំ ក្នុងកិច្ចប្រជុំអន្តរក្រសួង ពិភាក្សាលើសេចក្ដីព្រាង ព្រះរាជក្រឹត្យ ស្ដីពីការបន្ធូរបន្ថយទោស និងលើកលែងទោស ដោយមានការចូលរួម ពីថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ និងទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។ កិច្ចប្រជុំអន្តរក្រសួងនេះ ដឹកនាំដោយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ក្នុងកិច្ចប្រជុំនោះ ក៏មានការចូលរួមពីលោក ឆែម សាវុធ អគ្គនាយកពន្ធនាគារ ផងដែរ៕/V