
ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ មកដល់វេលាម៉ោង ១០និង២៤ នាទី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ការវិវត្តរបស់អ្នកជំងឺ ដែលបានសង្ស័យថា ពុលស្រាស. ស្រាថ្នាំ. ដែលបានបញ្ជូនពីស្រុកទឹកផុស មកកាន់មន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង នៅពេលនេះ បានត្រូវបានអនុញ្ញាតអោយទៅលំនៅដ្ឋានវិញ មានចំនួន ៩០ នាក់ហើយ នៅសល់ ២០ នាក់ទៀត ដែលកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ ក្រោមការព្យាបាល ពីក្រុមគ្រូពេទ្យខេត្ត នៅថ្ងៃនេះ នៅពេលអ្នកស្លាប់ បានកើនឡើងដល់ទៅ ៧ នាក់។
លោក ហុង គឹមចេង អគ្គនាយក នៃអគ្គនាយកដ្ឋាន បច្ចេកទេស នៃក្រសួងសុខាភិបាល បានបញ្ជាក់ថាៈ អ្នកដែលសង្ស័យថា ពុលស្រា ស ៣៥ នាក់ បន្ថែមទៀត ត្រូវបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ក្នុងនោះ មានអាការៈធ្ងន់ចំនួន ៣ នាក់ ក៍នឹងត្រៀមញ្ជូនទៅសង្គ្រោះ នៅភ្នំពេញផងដែរ ។
ប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ឆ្នាំង លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន បានអោយដឹង តាមទូរស័ព្ទ នៅវេលាម៉ោង ១០និង៣៤ នាទី ថ្ងៃទី៣០ វិច្ឆិកានេះថាៈ អ្នករងគ្រោះដោយសារករណីពុលស្រាស ស្រាថ្នាំ ត្រូវបានដឹកមកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងនោះ ឥឡូវមានអាការៈធូរស្រាល និងបានអោយវិលត្រឡប់ទៅផ្ទះ ចំនួន ៩០ នាក់ នៅសល់តែ ២០ នាក់ទេ ដែលមានអាការៈធ្ងន់ ហើយកំពុងស្ថិតក្រោមការព្យាបាល យ៉ាងយកចិត្តទុកដាក់ ពីក្រុមគ្រូពេទ្យខេត្ត ក្រោមការត្រួតពិនិត្យ ពីក្រសួងសុខាភិបាល ផងដែរ នៅពេលដែលអ្នកស្លាប់ ក្នុងករណីនេះ មានការកើនឡើង រហូតដល់ទៅចំនួន ៧ នាក់ចុងក្រោយ នៅព្រឹកនេះ ដោយមិនមានជាប់ពាក់ព័ន្ធនឹងអ្នកទៅធ្វើបុណ្យ អ្នកដែលពុលទឹកអណ្តូង ស្លាប់នោះទេ ។
លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន បានអោយដឹងទៀតថាៈ អ្នកស្លាប់ចុងក្រោយ នៅព្រឹកនេះ នៅក្នុងភូមិភ្នំតាសាំ ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ពួកគាត់បាននាំគ្នាទៅផឹកស្រា នៅក្នុងចំការ ឆ្ងាយពីភូមិ ដើម្បីជៀសវៀង ពីសមត្ថកិច្ច និងអាជ្ញាធមូលដ្ឋាន ដែលកំពុងចុះរឹតបន្តឹង ទប់ស្កាត់អ្នកលក់ស្រា អ្នកផលិត និងអ្នកដែលផឹកស្រា ស ស្រាថ្នាំ។
នៅក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី២៨ , ២៩ និង ៣០ នេះ សមត្ថកិច្ចចម្រុះ នៅតែបន្តចុះសហការ ជាមួយអាជ្ញាធរមួលដ្ឋាន ដែលដឹកនាំដោយលោក ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ឆ្នាំង ចុះស្រាវជ្រាវបិទ ទីតាំងលក់ស្រា ស និងស្រាថ្នាំ រួមនឹងកន្លែងផលិតស្រា ស ចំនួន ៣ កន្លែង និងបានឃាត់ខ្លួន មនុស្សប្រុសស្រី ៤ នាក់ នាំយកមកសាកសួរ នៅស្នងការដ្ឋាននគបាលខេត្ត មានៈ ១.ឈ្មោះ ឈិន ឈីម ភេទប្រុស អាយុ ៣២ ឆ្នាំ រស់នៅក្នុងភូមិតាកាប ឃុំខ្លុងពពក ស្រុកទឹកផុស , ២.ឈ្មោះ ពៅ ចាន់ធី ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅក្នុងភូមិស្រែតាជ័យ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស , ៣.ឈ្មោះ ញឹម គឹមសិទ្ធ ភេទប្រុស អាយុ ៤១ ឆ្នាំ រស់នៅក្នុងភូមិស្រែតាជៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ក្នុងនោះស្ត្រីទី៤ មិនត្រូវបានគេឲ្យស្គាល់ឈ្មោះ នៅឡើយនោះទេ។ ពេលនេះ សមត្ថកិច្ច នៅតែបន្តចុះស្រាវជ្រាវ បិទទីតាំងផលិតលក់ចែកចាយ ស្រា ស ស្រាថ្នាំ ដែលធ្វើឲ្យមនុស្សរងគ្រោះ ជាច្រើននាក់ ដែលកំពុងទទួលការព្យាបាល នៅក្នុងមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង និង ៧ នាក់ទៀត បានស្លាប់ ៕/V
អ្នករងគ្រោះពុលស្រា ត្រូវបានវិលទៅលំនៅឋានវិញ ជាបណ្តើរៗហើយ
អ្នករងគ្រោះពុលស្រា ត្រូវបានវិលទៅលំនៅឋានវិញ ជាបណ្តើរៗហើយ
អ្នករងគ្រោះពុលស្រា ត្រូវបានវិលទៅលំនៅឋានវិញ ជាបណ្តើរៗហើយ
អ្នករងគ្រោះពុលស្រា ត្រូវបានវិលទៅលំនៅឋានវិញ ជាបណ្តើរៗហើយ
អ្នករងគ្រោះពុលស្រា ត្រូវបានវិលទៅលំនៅឋានវិញ ជាបណ្តើរៗហើយ