Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អូស្រ្តាលីផ្តល់រថយន្តបួនគ្រឿងទៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា

Views: 12

ដោយៈ ជា សីហៈ/ភ្នំពេញៈ ​នៅព្រឹកថ្ងៃទី ១១ ខែ សីហា ឆ្នាំ​២០២២ នេះ អូស្រ្តាលីបានសម្រេចផ្តល់រថយន្តបួនគ្រឿងទៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ដើម្បីលើកស្ទួយវិស័យកសិកម្មកម្ពុជា ។

ពិធីនេះ ត្រូវបានចូលរួមដោយលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និងលោក ប៉ាប្លូ កាង ( Pablo Kang) ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា ។

នៅមុនពេលប្រគល់រថយន្ត ភាគីទាំងពី បានជួបពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មរវាងប្រទេសទាំងពីរ។

នាឱកាសនេះ លោករដ្ឋមន្ត្រីក៏បានស្នើសុំអោយភាគីអូស្ត្រាលីបន្តជួយពិនិត្យនិងគាំទ្រជំរុញកិច្ចសហការជាមួយក្រុមហ៊ុនឯកជនទាំងក្នុងស្រុក និងក្រៅប្រទេសដើម្បីបង្កើតជាក្រុមហ៊ុនផលិតពូជស្រូវចែកចាយជូនកសិករនៅទូទាំងប្រទេស ក្រោយពេលដែលវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជាបានផលិតពូជគ្រឹះរួចហើយនោះ, ស្នើបង្កើតកម្មវិធីកម្មសិក្សាសម្រាប់និស្សិតកសិកម្ម និងពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេសផ្សេងទៀតរួមទាំងការកែច្នៃផលិតផលកសិកម្មផងដែរ សម្រាប់គម្រោងកម្មវិធីថ្មី ដែលនឹងត្រូវចាប់ផ្តើមអនុវត្តន៍នៅចុងឆ្នាំ២០២២ខាងមុខនេះ។

ចំពោះគម្រោងកិច្ចសហប្រតិបត្តិការថ្មីនេះលោក រដ្ឋមន្ត្រី សង្ឃឹមថា គម្រោងថ្មីស្តីពីភាពជាដៃគូកម្ពុជា-អូស្ត្រាលីដើម្បីស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (Cambodia-Australia Partnership for Resilience Economic Development) នឹងជួយជំរុញវិស័យកសិកម្មកម្ពុជាអោយរីកចម្រើនកាន់ខ្លាំងថែមទៀត។

បន្ទាប់មក លោកឯកអគ្គរដ្ឋទូត ក៏បានប្រគល់រថយន្តដែលបានប្រើប្រាស់ក្នុងគម្រោង CAVAC Phase 2 ចំនួន៤ គ្រឿងទៅអោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ដើម្បីយកប្រើប្រាស់ក្នុងការស្រាវជ្រាវបន្តទៀត។

សូមបញ្ជាក់ថា៖ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កន្លងមក ក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មតាមរយ:ភ្នាក់ងារ AusAid លើការផ្តល់ជំនួយទាំងហិរញ្ញវត្ថុ និងបច្ចេកទេសដើម្បីជំរុញ និងលើក កម្ពស់ផលិតភាពផលិតកម្មតាមរយ: ៖ ១- ការអភិរក្សពូជដំណាំសំខាន់ៗ ២- ការអភិវឌ្ឍ និងបញ្ចេញពូជដំណាំល្អៗឲ្យកសិករប្រើប្រាស់ ៣- ការអភិវឌ្ឍ និងផ្ទេរបច្ចេកទេសកសិកម្ម ជាពិសេសបច្ចេកទេសគ្រប់គ្រងធនធានដីកសិកម្ម និងការប្រើប្រាស់សារធាតុចិញ្ចឹមឲ្យមាននវានុវត្តន៍ និរន្តរភាព និងផលចំណេញសេដ្ឋកិច្ច ៤- ការបណ្តុះបណ្តាលធនធានមនុស្សឲ្យមានទេពកោសល្យផ្នែកកសិកម្ម និង៥- ការធ្វើកិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាកសិកម្មជាមួយដៃគូអន្តរជាតិដ៏ច្រើនរួមទាំង CAVAC ផងដែរ៕

Post navigation