Views: 1
ប្រែសម្រួល : កញ្ញាដាលីស (បាងកកប៉ុស្តិ៍) ៖ ពិព័រណ៍យានយន្តអន្តរជាតិថៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ទី១ធ្នូបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តចិនជាច្រើនចូលរួមបង្ហាញម៉ូដែលរថយន្តអគ្គិសនី (EV)ចុងក្រោយរបស់ពួកគេ។
ជាមួយការលើកទឹកចិត្តខាងរថយន្ត EV ថ្មីចូលជាធរមានជាងប្រាំមួយខែមុន ទីផ្សារ EV របស់ថៃបានឃើញការវិវឌ្ឍយ៉ាងឆាប់រហ័សដោយសារតែការកាត់បន្ថយពន្ធនិងការឧបត្ថម្ភធនដ៏សំខាន់។
នៅពិព័រណ៍ឆ្នាំនេះ ក្រុមហ៊ុនអន្តរជាតិសំខាន់ៗបានយករថយន្ត EV របស់ពួកគេធ្វើជាចំណុចគូសបញ្ជាក់នៅក្នុងពិព័រណ៍របស់ពួកគេ ក្នុងនោះរថយន្តអគ្គិសនីជិតពាក់កណ្តាលគឺជាម៉ាកយីហោរបស់ចិន។








ឡានបង្ហាញមុខថ្មីថ្មោងក្នុងទីផ្សារថៃ គឺ Ora Grand Cat របស់ក្រុមហ៊ុន Great Wall Motor (GWM) បានទាក់ទាញហ្វូងទស្សនិកជនជាមួយនឹងរូបរាងថ្មីនិងទាន់សម័យរបស់វា។
GWM បាននាំយកម៉ូដែលរថយន្ត ៧ ប្រភេទមកបង្ហាញ ក្នុងនោះមានរថយន្តអគ្គិសនីសុទ្ធ ៣ ប្រភេទ ក៏ដូចជារថយន្តលក់ដាច់បំផុត Haval H6 Hybrid ដែលគេប្រើសម្រាប់ដឹកមេដឹកនាំក្នុងជំនួប APEC កាលពីខែវិច្ឆិកាផងដែរ។
ប្រធាន GWM ប្រចាំអាស៊ាននិងថៃ លោក អែលលៀត ចាង (Elliot Zhang) បានប្រាប់ទីភ្នាក់ងារសារព័ត៌មានស៊ីនហួថា តាំងពីបង្កើតរោងចក្រនៅថៃនៅចុងឆ្នាំ២០២០មក ក្រុមហ៊ុន GWM បានបញ្ចេញរថយន្តហាយប្រ៊ីដនិងរថយន្តអគ្គិសនីសុទ្ធ ៥ ម៉ូដែល ដើម្បីបំពេញតម្រូវការចម្រុះក្នុងស្រុកជាមួយនឹងតម្លៃចម្រុះអាចលៃលកបាន។
លោកបានបន្ថែមថា ក្រុមហ៊ុនកំពុងបង្កើតយុទ្ធសាស្ត្រគាំទ្រខាងអាគុយនិងគ្រឿងបន្លាស់ និងមានគម្រោងប្រែក្លាយផលិតកម្មរថយន្តអគ្គិសនីទៅជាលក្ខណៈក្នុងស្រុកចាប់ពីឆ្នាំ ២០២៤ តទៅ។
ក្រុមហ៊ុន SAIC Thailand បាននាំរថយន្ត ៩ ម៉ូដែលមកតាំងបង្ហាញ ក្នុងនោះរួមមានរថយន្តអគ្គិសនីសុទ្ធ ៣ ម៉ូដែល ដែលក្នុងចំណោមនោះរថយន្ត MG4 ជារថយន្តអគ្គិសនីវិលកង់ក្រោយដំបូងគេ ដែលដាក់លក់លើទីផ្សារអាស៊ីអាគ្នេយ៍មួយនេះ។
យោងតាមក្រុមហ៊ុនចិនមួយនេះបានឱ្យដឹងថា រថយន្តម៉ូដែលនេះអាចផ្តល់នូវបទពិសោធន៍បើកបរល្អប្រសើរធៀបនឹងម៉ូដែលស្រដៀងគ្នាផ្សេងទៀត ទាក់ទងនឹងការគ្រប់គ្រងនិងលំនឹងរថយន្ត និងទទួលបានការឆ្លើយតបវិជ្ជមានពីអ្នកសាកល្បងបើកបរក្នុងស្រុក។
ក្រុមហ៊ុនចិនមួយទៀតគឺ BYD ដែលប្រកាសការវិនិយោគក្នុងប្រទេសថៃកាលពីខែកញ្ញា បានណែនាំរថយន្ត EV សុទ្ធដំបូងរបស់ខ្លួនម៉ាក ATTO 3 ក្នុងប្រទេសនេះ។
ក្រុមហ៊ុន Hozon Auto ដែលទើបចូលប្រទេសថៃឆ្នាំនេះ បានបង្ហាញរថយន្ត EV សុទ្ធ៣ម៉ូដែល រួមមានទាំងរថយន្ត NETA V ដែលដាក់លក់កាលពីខែសីហា និង ទទួលបានការបញ្ជាទិញទុកមុនជាង ៦.០០០ គ្រឿងរហូតមកទល់ឥឡូវនេះ។
ពិព័រណ៍ប្រចាំឆ្នាំ ដែលដំណើរការរហូតដល់ថ្ងៃទី ១២ ធ្នូ បានទាក់ទាញក្រុមហ៊ុនផលិតរថយន្ត ៣៥ និងក្រុមហ៊ុនផលិតម៉ូតូ ១៧ មកពីជាង១០ប្រទេសនិងតំបន់៕