Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រថយន្ត បុកជាមួយម៉ូតូ បណ្ដាលឱ្យមន្ត្រីប៉ូលិសម្នាក់ ស្លាប់ភ្លាមៗ និងម្នាក់ទៀត រងរបួសធ្ងន់

Views: 7

ដោយៈសរិទ្ធ / ភ្នំពេញ ៖ រថយន្តម៊ែរសឺដេស មួយគ្រឿង បានបុកជាមួយម៉ូតូ ហុងដា ស្គុបពី មួយគ្រឿង បណ្ដាលឲ្យមន្ត្រីនគរបាលម្នាក់ បាត់បង់ជីវិតនៅនឹងកន្លែង និងបុរសជា ជាងកាត់សក់ម្នាក់ រងរបួសធ្ងន់ រួចរថយន្តបង្កបើកគេចខ្លួនបាត់ កាលពីវេលាម៉ោង ៣ និង១០នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ ត្រង់ចំណុចស្តុប ផ្សារដេប៉ូ តាមបណ្តោយផ្លូវ ២១៥ កែងនឹងផ្លូវ ១៨២ (វិថីឧកញ៉ា ទេពផន) ក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ច បានឲ្យដឹងថាៈ ជនរងគ្រោះដែលស្លាប់មានឈ្មោះ ជួន ច័ន្ទសុផារ៉ា ភេទប្រុស អាយុ ២៣ ឆ្នាំ មុខរបរ មន្រ្តីនគរបាលជាតិ ឋានន្តរស័ក្តិ ព្រិន្ទបាលទោ មានស្រុកកំណើត នៅភូមិក្រាំងបន្ទាយ ឃុំបន្ទាយមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។ រីឯជនរងរបួស ធ្ងន់ មានឈ្មោះ ម៉ុក ចិន្តា ភេទប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងកាត់សក់ រស់នៅភូមិកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ។ អ្នកទាំងពីរ ជិះម៉ូតូម៉ាកហុងដា ស្គុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BN.0345. ។ ចំណែករថយន្ត ម៉ាកម៊ែរសឺដេស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ​ 2BF.8898 បើកបរដោយបុរសម្នាក់ មិនទាន់ស្គាល់អត្តសញ្ញាណ បានបើករត់បាត់។

តាមសាក្សីដែលឃើញហេតុការណ៍ បានប្រាប់ឲ្យដឹងថាៈ ដំបូងឡើយ គេឃើញម៉ូតូហុងដា ស្គុបពី​ជិះគ្នាពីរនាក់ តាមបណ្ដោយផ្លូវ ១៨២​ វិថីឧកញ៉ា ទេពផន ទិសដៅពីខាងកើត ទៅខាងលិច ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែ មានរថយន្តម៊ែរសឺដេស​បើកតាមបណ្ដោយផ្លូវ២១៥ ទិសដៅពីខាងជើង មកខាងត្បូង​យ៉ាងលឿនដូចគ្នា បានមកបុកម៉ូតូពេញទំហឹង ចំហៀងខាងស្ដាំ កង់ខាងក្រោយ បណ្ដាលឲ្យ ដាច់កង់ និងម៉ាស៊ីន ចេញពីគ្នា និងរងរបួសធ្ងន់ម្នាក់ និងស្លាប់ម្នាក់ នៅកន្លែងកើតហេតុភ្លាមៗ ឯរថយន្តបន្ថែមល្បឿន បើករត់ ខណៈពេលនោះ ក៏មានសាច់ញាតិ ខាងជនរងគ្រោះ ដេញតាមថត បានស្លាកលេខរថយន្ត យកមកឱ្យសមត្ថកិច្ច ដើម្បីជួយស្រាវជ្រាវ តាមរករថយន្តបង្ក យកមកដោះស្រាយតាមច្បាប់ ។

ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញចរាចរណ៍ ចុះមកវាស់វែង យកម៉ូតូទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ រង់ចាំធ្វើការស្រាវជ្រាវ តាមចាប់រថយន្តបង្ក យកមកផ្ដន្ទាទោស នៅពេលក្រោយ ។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ធ្វើកំណត់ហេតុរួច ប្រគល់ឲ្យសាច់ញាតិ ដឹកទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី៕ V / N

Post navigation