Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រដ្ឋ​គ្រោង​ថវិកា​ជាង​២​ពាន់​លាន​ដុល្លារ​សម្រាប់​​ដំឡើង​ប្រាក់​បៀវត្ស​ជូន​មន្ត្រី​រាជការ​នៅ​ឆ្នាំ​២០២៣​

រាជរដ្ឋាភិបាលគ្រោងថវិកាប្រមាណ  ៩ ៥៥៥ ប៊ីលានរៀល ឬប្រមាណ ២ ២៩៥ លានដុល្លារអាមេរិក​ សម្រាប់ចំណាយលើបុគ្គលិករដ្ឋនៅក្នុងឆ្នាំ២០២៣ ដើម្បីដំឡើងប្រាក់បៀវត្ស ជូនមន្ត្រីរាជការស៊ីវិល គ្រូពេទ្យ គ្រូបង្រៀន មន្រ្តីកងកម្លាំង​ប្រដាប់អាវុធ ​ខណៈឆ្នាំនេះ គឺជាឆ្នាំនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧។

ក្នុងច្បាប់ថវិកាជាតិឆ្នាំ២០២៣ បានឱ្យដឹងថា ចាប់ពីខែមករា ឆ្នាំ២០២៣ បៀវត្សអប្បបរមារបស់មន្ត្រីរាជការ​ត្រូវបានដំឡើង​តាមការងាររបស់ខ្លួនដូចជា បៀវត្សអប្បបរមារបស់មន្ត្រីរាជការស៊ីវិល​ ត្រូវបានដំឡើងពីចំនួន ១ ១៧២ ៥០០ រៀល នៅឆ្នាំ ២០២២ ដល់ប្រមាណ ១ ៣០០ ០០០ រៀល។ ដោយឡែក គ្រូបង្រៀន និង គ្រូពេទ្យ  ដំឡើងពីចំនួន ១ ២៧២ ៥០០ រៀល នៅឆ្នាំ ២០២២ ដល់ប្រមាណ ១ ៤០០ ០០០ រៀល។

ចំពោះប្រាក់បៀវត្សនគរបាល  ដំឡើងពីចំនួន ១ ២៥៦ ៩៧៧ រៀល (ដោយគិតបញ្ចូលទាំងរបបអង្ករ) នៅឆ្នាំ២០២២ ដល់ប្រមាណ ១ ៣៨៤ ៤៧៧ រៀល (ដោយគិតបញ្ចូលទាំងរបបអង្ករ)។ រីឯប្រាក់បៀវត្សយោធិន (ពលទោ) ត្រូវបានដំឡើងពីចំនួន ១ ១២៣ ៥០០ រៀល (ដោយមិនគិតបញ្ចូលរបបអង្ករ) នៅឆ្នាំ ២០២២ ដល់ប្រមាណ ១ ២៥១ ០០០ រៀល (ដោយមិនគិតបញ្ចូលរបបអង្ករ) ហើយបើគិតបញ្ចូលទាំងរបបអង្ករ ត្រូវជាប្រមាណ ១ ៣០៩ ៤៧៧ រៀល។ ​

បន្ថែមពីនេះ  រាជរដ្ឋាភិបាល គ្រោងថវិកាចំនួន៥០ប៊ីលានរៀល ​សម្រាប់មូលនិធិថែទាំសុខភាពជូនមន្រ្តីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងនិវត្តជន និងគ្រោងថវិកាចំនួន ៦ ប៊ីលានរៀល ដើម្បីទ្រទ្រង់របបសន្តិសុខសង្គមផ្នែក         ហានិភ័យការងារ សម្រាប់មន្រ្តីសាធារណៈ នៅក្នុងកញ្ចប់ថវិការបស់ក្រសួងសុខាភិបាល។

ប្រភពដដែលបន្តថា ចំពោះប្រាក់សោធននិវត្តន៍ ក៏ត្រូវបានគ្រោងថវិកាចំនួន ១៨១ ប៊ីលានរៀល សម្រាប់ការដំឡើង ប្រាក់សោធនអប្បបរមាប្រចាំខែ ជូនដល់និវត្តជនដែលជាអតីតមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ដើម្បីជួយគាំទ្រដល់ជីវភាពរបស់ពួកគាត់ ក៏ដូចជាសំដៅកាត់បន្ថយគម្លាតប្រាក់សោធនរបស់និវត្តជន រវាងនិវត្តជនថ្មី និងនិវត្តជនចាស់។

ករណីនេះ ប្រាក់សោធនអប្បបរមាប្រចាំខែរបស់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន (អតីតយោធិន និងអតីតមន្ត្រីនគរបាលជាតិ) នឹងត្រូវបានដំឡើងពី ៦៩ ម៉ឺនរៀល ទៅដល់ ៧៧ ម៉ឺនរៀល ចាប់ពីខែមករា ឆ្នាំ ២០២៣​​នេះផងដែរ ។

អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក មាស សុខសេនសាន្ត  មានប្រសាសន៍បន្ថែមថា ប្រាក់បៀវត្សសម្រាប់មន្ត្រីរាជការនៅទូទាំងប្រទេស  គឺថ្នាក់ដឹកនាំរដ្ឋាភិបាលបានមកពីការប្រមូលពន្ធ  ដើម្បីបើកជូនមន្ត្រីរាជការស៊ីវិល រួមមាន គ្រូពេទ្យ គ្រូបង្រៀន  និងមន្រ្តីកងកម្លាំង​ប្រដាប់អាវុធ។

លោកមានប្រសាសន៍ថា៖ «ភាពឈ្នះរបស់រដ្ឋាភិបាល គឺយើងអត់ដែលខ្ចីលុយបរទេសយកមកបើកប្រាក់បៀវត្សជូនមន្ត្រីរាជការទេ គឺចំណូលរបស់យើងដែលខិតខំរកពីការកែទម្រង់ ការកែទម្រង់ពីរដ្ឋបាលសារពើពន្ធ  ។ យើងខ្ចីពីលុយបរទេស សម្រាប់យកមកវិនិយោគ មិនមែនយកមកបើកប្រាក់បៀវត្សឱ្យមន្ត្រីរាជការនោះទេ។ យើងមានគោលការណ៍យើងច្បាស់លាស់ ហើយក៏មានចែងក្នុងច្បាប់ដែរ»៕

ការគ្រោងដំឡើងប្រាក់ខែជូនមន្ត្រីរាជការនេះ រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានធ្វើឡើងក៏ស្របគ្នាទៅនឹងឆ្នាំដែលកម្ពុជានឹងរៀបចំការបោះឆ្នោតជាតិផងដែរ។

បើតាមប្រតិទិនរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.) បានកំណត់យកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គឺជាថ្ងៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិ៧៕