Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រដ្ឋមន្រ្តីពាណិជ្ជកម្ម ស្នើ EIF ឲ្យជួយបន្ថែមទៀត លើការអភិវឌ្ឍវិស័យ ពាណិជ្ជកម្មកម្ពុជា ឲ្យតែរីកចម្រើនទៅមុខ

Views: 1

ដោយ: ពៅនិមល / ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្តែងការគួរសម ជាមួយលោកបណ្ឌិត Ratnakar Adhikari នាយកប្រតិបត្តិ នៃក្របខណ្ឌពង្រឹង សមាហរណកម្ម (EIF) ដើម្បីពិភាក្សាការងារ លើសមិទ្ធផលសម្រេចបានកន្លងមក និងការបន្តពង្រឹង កិច្ចសហប្រតិការក្រោមក្របខណ្ឌជំនួយពាណិជ្ជកម្ម និងកម្មវិធីរបស់ EIF កាលពីរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ។

លោករដ្ឋមន្រ្តីពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយលោកបណ្ឌិត Ratnakar Adhikari នៅទីស្តីការក្រសួង (រូបភាព៖ ក្រសួង)

ក្នុងជំនួបការងារនេះ លោករដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោកបណ្ឌិត Ratnakar Adhikari និងបានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់ក្របខណ្ឌពង្រឹងសមាហរណកម្ម ដែលតែងតែផ្តល់ការគាំទ្រ ទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុដល់កម្ពុជា តាមរយៈគម្រោងនានាដែលមានគោលដៅអភិវឌ្ឍន៍ វិស័យពាណិជ្ជកម្មនៅកម្ពុជា។ ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានបញ្ជាក់ពីសារៈសំខាន់ នៃជំនួយពាណិជ្ជកម្ម ក្នុងការបង្កើនឱកាសពាណិជ្ជកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ច របស់ប្រទេសអភិវឌ្ឍន៍តិចតួច រួមទាំងកម្ពុជា ផងដែរ។

ឆ្លៀតក្នុងឱកាសនេះ លោក ប៉ាន សូរស័ក្តិ បានរៀបរាប់ អំពីសមិទ្ធផលសំខាន់ៗ ដែលសម្រេចបានកន្លងមក ក្នុងរយៈពេលជាង ១០ ឆ្នាំ តាមរយៈការអនុវត្តគម្រោង ដែលទទួលបានការគាំទ្រពីក្របខណ្ឌ ពង្រឹងសមាហរណកម្ម ដោយក្នុងនោះ រួមមាន៖ គម្រោង EIF Tier 1, កម្មវិធីការធ្វើពិពិធកម្ម និងពង្រីកការនាំចេញ (CEDEP I), CEDEP II, កម្មវិធីគាំទ្រដល់និរន្តរភាព (SSP), យុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជា (CTIS) 2019-23, យុទ្ធសាស្រ្តពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក, និងគម្រោង Go4eCAM ដែលបាននិងកំពុងអនុវត្ត ដោយក្រសួងពាណិជ្ជកម្ម។ បន្ថែមពីលើនេះ លោកបានលើកឡើង អំពីសំណូមពរលើកិច្ចការសំខាន់ៗដែលក្របខណ្ឌពង្រឹងសមាហរណកម្ម អាចចូលរួមចំណែក ក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្ម នៅកម្ពុជាបន្ថែមទៀត ក្នុងនោះរួមមាន ការពង្រីកវិសាលភាព នៃគម្រោង Go4eCAM ការអភិវឌ្ឍសមត្ថភាពពាក់ព័ន្ធនឹងពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ការធ្វើបច្ចុប្បន្នភាព ឯកសារយុទ្ធសាស្រ្តសមាហរណកម្ម ពាណិជ្ជកម្មកម្ពុជា និងការត្រៀមចាកចេញពីឋានៈ ជាប្រទេសអភិវឌ្ឍតិចតួចរបស់កម្ពុជា។

ជាកិច្ចបញ្ចប់ ក្រសួងពាណិជ្ជកម្ម និងក្របខណ្ឌពង្រឹងសមាហរណកម្ម បានសម្តែងនូវការប្តេជ្ញាចិត្ត ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ តាមរយៈជំនួយពាណិជ្ជកម្ម សំដៅជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្ម នៅកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕/V

លោករដ្ឋមន្រ្តីពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយលោកបណ្ឌិត Ratnakar Adhikari នៅទីស្តីការក្រសួង (រូបភាព៖ ក្រសួង)

Post navigation