Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម អ​ញ្ញើញ​ចូលរួម​កិច្ចប្រជុំ ស្ដីពី​កំណែទម្រង់​ប្រព័ន្ធ​ដោះស្រាយ វិវាទ​ពាណិជ្ជកម្ម នៅ​ឥណ្ឌូណេស៊ី​

Views: 8

ដោយ​: ពៅ​និមល / ភ្នំពេញ​៖ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​អញ្ជើញ​ចូលរួម កិច្ច​ពិគ្រោះ​យោបល់​ក្រៅផ្លូវការ​ថ្នាក់​រដ្ឋមន្ត្រី ស្ដីពី​កំណែទម្រង់​ប្រព័ន្ធ ដោះស្រាយ​វិវាទ របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដែល​ត្រូវបាន​រៀបចំឡើង ដោយ លោកស្រី​អគ្គរដ្ឋទូត Katherine Tai តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក (USTR) នៅ​ប្រទេស​ឥណ្ឌូណេស៊ី​។​

​ប្រភពពី​ក្រសួងពាណិជ្ជកម្ម នៅ​ព្រឹក​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២២ នេះ បានលើកឡើង ក្នុង​បណ្តាញ​សង្គម​ថាៈ កិច្ច​ពិគ្រោះ​យោបល់​ក្រៅផ្លូវការ​នេះ គឺជា​ព្រឹត្តិការណ៍​អម​មួយ របស់​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម វិនិយោគ និង​ឧស្សាហកម្ម​របស់​ក្រុម​ទេស G20 នៅ​ទីក្រុង​បាលី ដែល​រៀបចំឡើង​ក្នុង​គោលបំណង ដើម្បី​ចែករំលែក​ទស្សនាទាន​ល្អៗ របស់​បណ្ដា​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ទៅលើ​ការកែទម្រង់​ប្រព័ន្ធ​ដោះស្រាយ​វិវាទ​របស់ អង្គការ​ពាណិជ្ជកម្ម​ពិភពលោក សំដៅ​ធ្វើយ៉ាងណា ឱ្យ​ប្រព័ន្ធ​ដោះស្រាយ​វិវាទ​នេះ មាន​លក្ខណៈ​កាន់តែ​មាន​ប្រសិទ្ធភាព និង​ប្រកបដោយ​បរិ​យា​ប័ន្ន​។​

​នៅក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថាៈ ទោះបីជា​ប្រទេស​កម្ពុជា ជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច ដែល​មិន​ធ្លាប់មាន​វិវាទ​ក៏ដោយ ក៏​កម្ពុ​ជាមាន​គោលបំណង ឱ្យ​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ផ្តល់​សំ​ទ្បេ​ង​ឱ្យ​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច (LDCs) នៅក្នុង​ដំណើរការ​ក្ដី​ផ្សេងៗ នៅក្នុង​ប្រព័ន្ធ​នេះ​។​

​លោក​បាន​គូសបញ្ជាក់ថាៈ ដើម្បីឱ្យ​ប្រព័ន្ធ​នេះ ដំណើរការ​ប្រកបដោយ​ប្រសិទ្ធភាព គឺ​ចាំបាច់​ត្រូវ​ជៀសវាង​ការបង្កើត​នូវ​រាល់​នីតិវិធី និង​វិធាន​ដែលមាន​លក្ខណៈ​ស្មុ​គ្រ​ស្មាញ និង​ថ្លៃ​ចំណាយ​ខ្ពស់ ដែល​អាច​បង្ករ​ជា​របាំង​ផ្នែក​រដ្ឋបាល ហើយ​ប៉ះពាល់​ដល់​ការចូលរួម ដំណើរការ​ក្ដី​របស់​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច ឬ​ប្រទេស​ផ្សេងទៀត​។​

​លោក​រដ្ឋមន្ត្រី បាន​បន្តថាៈ ជំនួយ​បច្ចេកទេស និង​ដំបូន្មាន​ផ្នែក​ច្បាប់ ត្រូវតែ​ផ្ដល់ជូន​ដល់ ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច ដើម្បី​ជា​ជំនួយ​ដល់​ដំណើរការ​ក្ដី​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​នឹង ក្រុម​ប្រទេស​នេះ​។ បន្ថែម​ពីនេះ លោក​បានលើកឡើង​ផងដែរ​ថាៈ គួរតែមាន​អ្នកកាត់ក្ដី ដែល​មិន​លំអៀង និង​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ដែល​មកពី​គ្រប់​តំបន់ និង​យេនឌ័រ ហើយ​ត្រូវ​ជំរុញឱ្យមាន​ចៅក្រម ដែលមាន​សមត្ថភាព​ម​ក​ពី​ប្រទេស​សមាជិក​អភិវឌ្ឍន៍ តិចតួច​ផងដែរ​។​

​ឆ្លៀត​ក្នុងឱកាស​នោះ លោក​បាន​ជម្រាប​ថាៈ កម្ពុជា​បាន​ត្រៀមខ្លួន​រួចជាស្រេច ក្នុងការ​ចូលរួម​យ៉ាង​សកម្ម ជាមួយ​គ្រប់​បណ្ដា​ភាគី​ពាក់ព័ន្ធ នៅក្នុង​កំណែទម្រង់​ប្រព័ន្ធ ដោះស្រាយ​វិវាទ​របស់ អង្គការ​ពាណិជ្ជកម្ម​ពិភពលោក សំដៅ​ធ្វើយ៉ាងណា ធ្វើឱ្យ​ប្រព័ន្ធ​នេះ មាន​ដំណើរការ​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត នាពេល​អនាគត​៕ V / N

​រូបភាព  ( លោក​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ចូលរួម​កិច្ចប្រជុំ​ស្ដីពី​កំណែទម្រង់​ប្រព័ន្ធ​ដោះស្រាយ​វិវាទ​ពាណិជ្ជកម្ម​នៅ​ឥណ្ឌូនេស៊ី​ ) ​រូបភាព ហ្វេ​ស​ប៊ុ​ក

Post navigation