រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ព្រមានចាប់ខ្លួនជនណាដែលហ៊ានចេញមុខតវ៉ាដោយហិង្សា ពាក់ព័ន្ធការរុះរើសំណង់នៅតំបន់អង្គរ ខណៈក្រសួងរកឃើញថាមានសំណង់ខុសច្បាប់ជាង៨ ៤០០ករណី ក្នុងតំបន់រមណីយដ្ឋានអង្គរ គិតពីឆ្នាំ២០១៩ ដល់បច្ចុប្បន្ន។
ការថ្លែងព្រមាននេះធ្វើឡើងក្នុងពិធីបើកយុទ្ធនាការចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដីនិងសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ នាថ្ងៃទី១៧ ខែសីហា ម្សិលមិញ។
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា លើកឡើងថា ក្រសួងរកឃើញសំណង់ខុសច្បាប់នៅតំបន់អង្គរ ចំនួន៨ ៤៤៨ករណី គិតចាប់ពីឆ្នាំ២០១៩ ដល់ពាក់កណ្តាលឆ្នាំ២០២២នេះ ក្នុងនោះ ឆ្នាំ២០១៩ រកឃើញ៩០៦ករណី, ឆ្នាំ២០២០ មាន៣ ០២៨ករណី, ឆ្នាំ ២០២១ មាន២ ៤៣២ករណី និង៦ខែ ឆ្នាំ២០២២នេះ មាន២ ០៨០ករណី។ លោកបន្តថា រដ្ឋាភិបាលមិនលើកទឹកចិត្តឱ្យមានសំណង់ខុសច្បាប់ទាំងនោះទេ។ លោកបានហៅសំណង់ទាំងនោះថាជា «សំណង់ដ៏គួរឱ្យខ្មាសអៀន»។
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីរូបនេះថែមទាំងព្រមានចាត់វិធានការច្បាប់ ឬចាប់ខ្លួនបុគ្គលណាដែលហ៊ានចេញមុខតវ៉ាគ្រប់រូបភាពពាក់ព័ន្ធការរុះរើសំណង់នេះផងដែរ។
លោក ជា សុផារ៉ា ថ្លែងថា៖ «រួចតិចប៉ុណ្ណឹងទៅ ស្រាប់តែមានចលនា មានបាតុកម្ម ពូថៅ កាំបិត តវ៉ាឯលិច ឯកើត! ប៉ះកន្លែងណា ខ្ញុំចាប់ត្រង់ហ្នឹង! ប៉ះណាចាប់ហ្នឹងៗ។ ពីមុនកាំភ្លើងពេញ តែភ្នំពេញផង ប្រមូលច្រកបាវបាន ឥលូវនេះគឺប្រហែលជាអ្នកដែលក្លាហានមិនទាន់មាន។ ខ្ញុំមកឈរ ប្រឈមមុខនៅក្នុងការដោះស្រាយគ្រប់រូបភាពនៅខេត្តសៀមរាប អាហ្នឹងប្រកាសឱ្យហើយ»។
លោកបានប្រាប់ឱ្យអាជ្ញាធរមូលដ្ឋានចាត់ការលើជនដែលសង់សំណង់ទាំងនោះ ដោយថា «អ្នកណាធ្វើ អ្នកនោះត្រូវរុះរើចេញ»។
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីរូបនេះថា រមណីយដ្ឋានអង្គរជាសម្បត្តិសាធារណៈរបស់រដ្ឋ ដែលមានចំណូលច្រើនណាស់ ពោលគឺរកបាន១០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដែលទាមទារឱ្យមានការការពាររមណីយដ្ឋាននេះ។
បើតាមលោក ជា សុផារ៉ា មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក អង្គការយូណេស្កូ ធ្លាប់ចេញលិខិតព្រមាន២លើករួចមកហើយ ពាក់ព័ន្ធបញ្ហានៅតំបន់អង្គរ ពោលគឺចាប់ពីឆ្នាំ២០១៧មក ខណៈរដ្ឋាភិបាលមិនចង់ឱ្យមានការព្រមានជាលើកទី៣ទេ។ លោកក៏បានណែនាំទៅអាជ្ញាធរពាក់ព័ន្ធត្រូវធ្វើរបាយការណ៍ពីវឌ្ឍនភាព បច្ចុប្បន្នភាពនៃកិច្ចការរបស់ខ្លួន ដើម្បីបង្ហាញដៃគូគាំទ្រថា រដ្ឋាភិបាលបានយកចិត្តទុកដាក់លើការថែរក្សារមណីយដ្ឋានអង្គរ។
ពលរដ្ឋរស់នៅសង្កាត់គោកចក ក្រុងសៀមរាប អ្នកស្រី អ៊ុង ចាន់លី ថ្លែងប្រាប់វីអូឌីនៅថ្ងៃទី១៨ ខែសីហានេះថា គាត់មានដីមួយកន្លែងដែលនៅចម្ងាយប្រមាណ២គីឡូម៉ែត្រពីតំបន់អង្គរ។ យ៉ាងណា អ្នកស្រីថា គាត់ពុំអាចសង់ផ្ទះនៅលើដីនោះបានទេ បើទោះគាត់បានទិញដីនោះ និងមានប្លង់កម្មសិទ្ធិក៏ដោយ។ អ្នកស្រីថា អាជ្ញាធរមិនបានបញ្ជាក់អ្វីច្បាស់លាស់ដល់គាត់ឡើយ ដោយគ្រាន់តែប្រាប់ថា នោះជាដីរបស់អាជ្ញាធរអប្សរា មិនអនុញ្ញាតឱ្យមានការសង់អ្វីឡើយ។
អ្នកស្រីបានគូសបញ្ជាក់ថា៖ «យើងកាន់ទាំងប្លង់ឱ្យគេមើលទៀត! [អាជ្ញាធរឆ្លើយតបយ៉ាងណា?] គេថារឿងដីអប្សរា គេអត់ឱ្យសាងសង់ថ្មីទេ។ គេថាឱ្យយើងដាក់ច្បាប់ តែដាក់អត់បានផង ដាក់ស្នើសុំសាងសង់ ដាក់ទៅ គេបដិសេធ ផ្ញើមកវិញថាអត់បានទេ។ [ខាងណាដែលថាអត់បាន បដិសេធ?] អ្នកខាងអប្សរាហ្នឹងឯង! ដាក់ទៅច្រកចេញចូលតែមួយ [ខាងណាដែលថាតម្រូវឱ្យដាក់ច្បាប់?] ច្បាប់ហ្នឹងសូម្បីតែខាងអប្សរា ក៏គេប្រាប់ឱ្យយើងដាក់ច្បាប់ដែរ។ នៅតែរង់ចាំ ឆ្ងល់តែអ៊ីចឹងឯង! ឱ្យធ្វើម៉េចបាន បើវាអ៊ីចឹង? ប្រជាពលរដ្ឋដូចខ្ញុំមិនដឹងថាត្រូវធ្វើម៉េច បើគេឱ្យដាក់ច្បាប់ តែដាក់ច្បាប់ ដាក់អត់បាន ដល់យើងធ្វើខ្ទម គាត់រុះរើ»។
ស្រ្តីពិការភ្នែកវ័យ៥២ឆ្នាំរូបនេះ សំណូមពរឱ្យស្ថាប័នពាក់ព័ន្ធជួយពិនិត្យពីករណីដីរបស់គាត់ដែលមានប្លង់ត្រឹមត្រូវ ដើម្បីអាចសង់ផ្ទះតូចមួយរស់នៅ ខណៈបច្ចុប្បន្នដីនោះគាត់អាចត្រឹមដាំបន្លែប៉ុណ្ណោះ។
ពាក់ព័ន្ធករណីនេះ មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តសៀមរាប លោក ច័ន្ទ ចំរើន បានជំរុញឱ្យក្រសួង និងអាជ្ញាធរពាក់ព័ន្ធ ផ្សព្វផ្សាយឱ្យបានទូលំទូលាយទាក់ទិនករណីរុះរើសំណង់ខុសច្បាប់នេះ និងអនុវត្តដោយស្មើភាពគ្នាចំពោះមុខច្បាប់។
លោកថា៖ «បើសិនជាតំបន់ហ្នឹង យើងរកឃើញថាមានអ្នកដែលបានសាងសង់ទៅខុសច្បាប់ អ៊ីចឹងអ្នកដទៃទៀត ទោះបីឋានៈវណ្ណៈប៉ុនណាក៏ដោយ ក៏ត្រូវតែរុះរើចេញទាំងអស់។ ត្រូវរុះរើស្មើគ្នា មានន័យថាអនុវត្តស្មើគ្នា។ ការអនុវត្តច្បាប់ជាវិធានការចាំបាច់ណាស់ ប៉ុន្តែយើងក៏ត្រូវមើលដែរ បើសិនជាអ្នកនោះក្រីក្រ លំបាក បើសិនជាគាត់រស់នៅយូរហើយ ឬក៏អាជ្ញាធរអាចពិនិត្យមើលលើលទ្ធភាពជាក់ស្តែង លក្ខណៈពិសេសណាមួយ ដែលអាចជួយសម្របសម្រួលប្រការណាបាន»។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ ឱ្យដឹងថា យុទ្ធនាការចុះវាស់វែងកំណត់និយាមកាក្បាលដីនេះ មានគោលដៅការពារតំបន់រមណីយដ្ឋានអង្គរដែលបានចុះបញ្ជីក្នុងសម្បត្តិបេតិកភណ្ឌពិភពលោកឆ្នាំ១៩៩២ ដែលមានទំហំ៤០១គីឡូម៉ែត្រការ៉េ និងជាតំបន់ដែលចាត់ទុកជាសម្បត្តិសាធារណៈរបស់រដ្ឋដែលត្រូវរក្សាការពារដាច់ខាត។
សេចក្ដីប្រកាសដដែលនេះបន្តថា កម្ពុជាក្នុងនាមរដ្ឋសមាជិក មានភារកិច្ចរក្សាការពារតំបន់រមណីយដ្ឋានអង្គរដែលជាមរតកកេរដូនតា ជាអត្តសញ្ញាណ និងដួងព្រលឹងរបស់ជាតិ ក៏ដូចជាតម្លៃជាសកលនៃសម្បត្តិបេតិកភណ្ឌពិភពលោក សម្រាប់មនុស្សជាតិទាំងមូល។
ប្រភពដដែលបន្តទៀតថា នាដើមឆ្នាំ២០២២ មានអ្នកឆ្លៀតឱកាសមួយចំនួនបានសាងសង់សំណង់ខុសច្បាប់រាប់រយករណី បន្ថែមពីលើករណីសំណង់ខុសច្បាប់ជាច្រើនទៀតដែលបានរំលោភបំពាននាពេលកន្លងមក ក្នុងតំបន់ការពារនៃរមណីយដ្ឋានអង្គរ។
ក្រសួងថា៖ «សំណង់ខុសច្បាប់អស់ទាំងនេះត្រូវធ្វើការរុះរើចេញជាបន្ទាន់ដោយផ្ទាល់ខ្លួន។ ទន្ទឹមនេះ រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា បន្តចាត់វិធានការទប់ស្កាត់ការសាងសង់ រុះរើសំណង់ខុសច្បាប់ ហាមឃាត់ការទិញលក់ដីនិងផ្ទះគ្រប់ប្រភេទ និងមិនផ្ដល់លិខិតគតិយុត្តផ្សេងៗ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ជាដាច់ខាត»។
ក្រសួងរៀបចំដែនដី បន្ថែមថា ក្រុមការងារតម្រង់ទិសនឹងពិនិត្យលទ្ធភាពផ្តល់ដីនៅតំបន់អភិវឌ្ឍន៍រុនតាឯក សម្រាប់ដោះស្រាយជាយថាហេតុ ជូនប្រជាពលរដ្ឋដែលគ្រប់លក្ខខណ្ឌក្នុងការទទួលបាននូវទីតាំងលំនៅថ្មី ហើយអ្នកដែលនៅបន្តទន្ទ្រានដីក្នុងតំបន់នេះ និងអ្នកមិនរុះរើសំណង់ខុសច្បាប់ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕