Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រដ្ឋមន្ត្រីការងារ វាយតម្លៃខ្ពស់ ចំពោះភាពរីកចំរើនរឹងមាំ របស់ CAMFEBA ទទួលបានការទុកចិត្ត ពីវិនិយោគិន និងពីសមាជិករបស់ខ្លួន

Views: 2

ដោយ៖ ដេប៉ូ / ភ្នំពេញ៖ ក្នុងពិធីលៀងសាយភោជន៍ អបអរសាទរ មហាសន្និបាតប្រចាំ ឆ្នាំ២០២២ និងស្វាគមន៍ សមាជិកក្រុមប្រឹក្សាភិបាលថ្មី សម្រាប់អាណត្តិ ២០២៣-២០២៤ របស់សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ CAMFEBA នាពេលកន្លងទៅ ដែលរក្សាបាននូវ ភាពរីកចំរើន រឹងមាំ ទទួលបានការទុកចិត្ត ពីវិនិយោគិន និងពីសមាជិករបស់ខ្លួន គួរជាទីមោទនៈ។

ថ្លែងនៅសណ្ឋាគារ សុខា ភ្នំពេញ នាល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ លោក រដ្ឋមន្ត្រី បានសំដែងនូវការអបអរសាទរ ចំពោះ លោកឧកញ៉ា សុខ ពិសិដ្ឋ ដែលត្រូវបានបោះឆ្នោត ជ្រើសរើសឱ្យធ្វើជាប្រធានថ្មី របស់ CAMFEBA សម្រាប់អាណត្តិ ២០២៣-២០២៤ នេះ។

លោក រដ្ឋមន្ត្រី បានលើកឡើងថាៈ ការសម្រេចបាននូវ លទ្ធផលនានា រហូតមកដល់ថ្ងៃនេះ គឺបានបង្ហាញយ៉ាងច្បាស់ ពីការខិតខំប្រឹងប្រែង និងការចូលរួមចំណែក ប្រកបដោយស្មារតី ទទួលខុសត្រូវ របស់ CAMFEBA ក្នុងនាមជា តំណាងភាគីនិយោជក ក្នុងការចូលរួម ចំណែកលើកកម្ពស់ ធ្វើឱ្យប្រសើរឡើង នូវលក្ខខណ្ឌការងារ, សុខុដុមរមនា ក្នុងទំនាក់ទំនង វិជ្ជាជីវៈ, របបសន្តិសុខសង្គម, និងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងយន្តការត្រីភាគីនានា ដូចជា គណៈកម្មការប្រឹក្សាការងារ, គណៈកម្មការជាតិសុខភាព និងសុវត្ថិភាពការងារ, ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា, ក្រុមប្រឹក្សាភិបាល នៃបេឡាជាតិ សន្តិសុខសង្គម និងគណៈកម្មការជាតិបណ្តុះបណ្តាល។

លោករដ្ឋមន្រ្តី បានថ្លែងដែរថាៈ ទន្ទឹមនឹងនេះ CAMFEBA ក៏បានដើរតួនាទី យ៉ាងសំខាន់ ក្នុងនាមសហប្រធានក្រុមការងារ ផ្នែកទំនាក់ទំនងវិជ្ជាជីវៈ (ក្រុមការងារ ទី៨) ក្នុងភាពជាដៃគូ រវាងរដ្ឋ-ឯកជន ដែលបានផ្តល់កិច្ចសហប្រតិបត្តិ យ៉ាងល្អជាមួយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការធ្វើឱ្យប្រសើរឡើង នូវសុខុដុមរមនា ក្នុងទំនាក់ទំនងវិជ្ជាជីវៈ ដោយបានស្វះស្វែងរកនូវ ដំណោះស្រាយនានា ចំពោះបញ្ហា ប្រឈមនានា ជូនវិនិយោគិន និងបងប្អូនកម្មករ និយោជិត ប្រកបដោយផ្លែផ្កា នាពេលកន្លងមក។

លោក អ៊ិត សំហេង បានស្នើឱ្យ CAMFEBA​ និងភាគីពាក់ព័ន្ធ បន្តផ្តល់កិច្ចសហការ ដ៏ល្អជាមួយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ទាំងក្នុងក្របខណ្ឌទ្វេភាគី ត្រីភាគី ជាពិសេសអនុវត្តឱ្យបាន ត្រឹមត្រូវតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោកឧកញ៉ា សុខ ពិសិដ្ឋ ក៏ជាវិនិយោគិន ជាទីទុកចិត្តម្នាក់ ដែលមានកេរិ៍ឈ្មោះល្អ បទពិសោធន៍រកស៊ី និងការទទួលខុសត្រូវ និងក៏ជាដៃគូ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការលើកកម្ពស់វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅកម្ពុជា។

ជាមួយគ្នានោះដែរ លោកឧកញ៉ា សុខ ពិសិដ្ឋ បានប្តេជ្ញាចិត្តបន្តដឹកនាំកសាង និងអនុវត្ត គោលនយោបាយការងារ ព្រមទាំងលើកស្ទួយ ភាពជាតំណាងបំផុតរបស់ CAMFEBA ក្នុងការចូលរួមជាមួយ រាជរដ្ឋាភិបាលជាពិសេស ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ និងដៃគូនានាៗ ក្នុងការជម្រុញលើកកម្ពស់ និងគាំទ្រសុខមាលភាព នៃវិស័យទំនាក់ទំនង វិជ្ជាជីវៈ ដែលនឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញផលិតភាពការងារ ជំរុញនូវ បរិយាកាសវិនិយោគ និងធុរកិច្ច នៅកម្ពុជា៕ V / N

Post navigation