Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រដ្ឋមន្ត្រីការបរទេសកម្ពុជា ៖ តំបន់អាស៊ី-ប៉ាស៊ីហ្វិក បានក្លាយជាសង្វៀនដណ្តើមឧត្តមភាព និងផលប្រយោជន៍របស់ មហាអំណាចធំ និងមធ្យម

Views: 1

ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថាៈ តំបន់អាស៊ី-ប៉ាស៊ីហ្វិក បានក្លាយជា សង្វៀនដណ្តើមឧត្តមភាព និងផលប្រយោជន៍ របស់មហាអំណាចធំ និងមធ្យម និងជាទីតាំង នៃភាពតានតឹងជាច្រើន ដោយសារតែសារៈសំខាន់ នៃតំបន់នេះ ទាំងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ការតភ្ជាប់ ពិសេសខាងផ្លូវសមុទ្រ យុទ្ធសាស្ត្រ និងនយោបាយ។ ចិន ឥណ្ឌា ជប៉ុន និងសហគមន៍អាស៊ាន នឹងបន្តរីកចម្រើន លូតលាស់ ព្រមទាំងបង្កើនទំងន់ និងសារៈសំខាន់ខាងនយោបាយ សេដ្ឋកិច្ច និងយោធា។

ការបញ្ជាក់នេះ ក្នុងពិធីបើកសិក្ខាសាលា ស្តីពី «វឌ្ឍនភាពការងារការទូតសេដ្ឋកិច្ច ឆ្នាំ២០២១-២០២៣» នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសណ្ឋាគារ Hyatt Regency Phnom Penh ។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបន្តថាៈ តទៅមុខ សហគមន៍អាស៊ាន នឹងបន្តដើរតួនាទីដ៏សំខាន់ ក្នុងនិមាបនកម្មតំបន់ និងសកល។ មានកាលានុវត្តភាព ផ្នែកសេដ្ឋកិច្ចច្រើន ដែលបាននិងបន្តកើតឡើង ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន, រវាងអាស៊ាន និងដៃគូសន្ទនា, កិច្ចព្រមព្រៀង RCEP ព្រមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជា និងចិន និង កម្ពុជា និងសាធារណរដ្ឋកូរ៉េ ។

រដ្ឋមន្ត្រីការបរទេសកម្ពុជា បានបញ្ជាក់ថាៈ ក្នុងរយៈកាល ៥ឆ្នាំ ចុងក្រោយមកនេះ ស្ថានភាពតំបន់ និងអន្តរជាតិ រួមទាំងក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក បានបន្តវិវត្តយ៉ាងជ្រាល ជ្រៅ ឆាប់រហ័ស ពិបាកប៉ាន់ស្មាន និងប្រកបដោយគ្រោះថ្នាក់ ដោយសារតែការកើនឡើង នៃការប្រកួតប្រជែង យ៉ាងស្រួចស្រាល់ រវាងប្រទេសមហាអំណាច ការផ្លាស់ប្តូរតុល្យភាព កម្លាំង (Balance of Power) អស្ថិរភាពសេដ្ឋកិច្ច និងសង្គម រួមទាំងការផ្លាស់ប្តូរ នូវនយោបាយការបរទេស របស់ប្រទេសអំណាចមធ្យម និងប្រទេសតូចៗ ដើម្បីឆ្លើយតប ទៅនឹងការប្រែប្រួលទាំងនេះ។

ក្នុងបរិបទដែលកំពុងស្មុគស្មាញ និងតានតឹងស្រាប់ ការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ-១៩ ក៏បានបង្កជាភាពរាំងស្ទះ ដល់វិស័យជាច្រើន ពិសេសការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ វិបត្តិសុខភាពសាធារណៈនេះ បានធ្វើឱ្យខ្សែច្រវ៉ាក់ ផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោក មានភាពរអាក់រអួល និងកាត់ផ្តាច់កម្រិតធ្ងន់ធ្ងរ បង្កជាការរាំងស្ទះ ដល់តម្រូវការ លំហូរពាណិជ្ជកម្ម វិនិយោគ ការធ្វើដំណើរ និងជាហេតុនាំមកនូវ ការរំខានលើគ្រប់វិស័យ នៃសកម្មភាពសេដ្ឋកិច្ច។ ប្រទេសវិនិយោគិន មួយចំនួន រួមមាន សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ជប៉ុន និងសាធារណរដ្ឋកូរ៉េ ក៏បានពិចារណាអំពីការផ្លាស់ប្តូរទីតាំង ផលិតកម្មពីប្រទេសចិន ទៅកាន់ប្រទេស ក្នុងតំបន់ផ្សេងទៀត ឬការផ្លាស់មកក្នុងស្រុកវិញ (Reshoring) ដោយសារសង្គ្រាមពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងចិន និងដើម្បីកាត់បន្ថយហានិភ័យ នៃការកាត់ផ្តាច់ខ្សែច្រវ៉ាក់ផលិតកម្ម ដោយប្រការណាមួយ នាពេលអនាគត។

រដ្ឋមន្ត្រីការបរទេស បានបន្តថាៈ ទោះបីជាពេលនេះ ស្ថានភាពជំងឺកូវីដ-១៩ មានភាពធូរ ស្បើយហើយក៏ដោយ ក៏សេដ្ឋកិច្ចពិភពលោក នៅតែបន្តជួបប្រទះនូវ ភាពមិនប្រាកដប្រជា ដោយសារកំណើនអតិផរណា លើសពីការរំពឹងទុក ការកើនឡើងអត្រាការប្រាក់ភ្លាមៗ (ដោយសារធនាគារកណ្តាល សហរដ្ឋអាមេរិក បានតម្លើងការប្រាក់) ការរីករាលដាល នៃវ៉ារីយ៉ង់ថ្មី នៃកូវីដ-១៩ និងការអូសបន្លាយ នៃសង្គ្រាមនៅអ៊ុយក្រែន ក៏ដូចជាផលឡង នៃការដាក់ទណ្ឌកម្មបន្តបន្ទាប់ និងវិបត្តិអាហារ និងថាមពល ដែលកើតចេញពីសង្គ្រាមនេះ ។

ប្រភពដដែល បានបន្តថាៈ ទំនាក់ទំនងល្អខាងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ មិនត្រឹមតែរួមចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ក្នុងស្រុកយើងប៉ុណ្ណោះទេ ប៉ុន្តែថែម ទាំងបង្ខិតប្រទេសយើង ជាមួយប្រទេសដៃគូ ឱ្យកាន់តែជិតស្និទ្ធ ខាងផ្នែកនយោបាយ ទៀតផង។ យុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច ដែលត្រូវបានប្រកាសឱ្យប្រើនៅដើមឆ្នាំ២០២១ នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការសម្រេចគោលដៅខាងលើនេះ ដោយជំរុញការទាក់ ទាញវិនិយោគ ស្វែងរកទីផ្សារសំរាប់ផលិតផល និងគាំទ្រដល់ឧស្សាហកម្មនាំចេញ លើកស្ទួយវិស័យទេសចរណ៍ និងវប្បធម៌ខ្មែរ ដោយផ្អែកលើប្រៀបខ្លាំងនៃសក្តានុពល សេដ្ឋកិច្ច និងបេតិកភណ្ឌប្រវត្តិសាស្ត្រ សម័យអង្គររបស់យើង។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថាៈ ទោះបីអ្នកការទូតយើង ធ្លាប់បានរួមចំណែកដល់ ការផ្សព្វ ផ្សាយសេដ្ឋកិច្ច ពាណិជ្ជកម្ម ផលិតផលខ្មែរ និងទេសចរណ៍វប្បធម៌ យើងក៏ដោយ ក៏យើងមិនដែលបានចងក្រងគំនិត ចក្ខុវិស័យពាក់ព័ន្ធនឹងសកម្មភាពការទូតសេដ្ឋកិច្ច ឲ្យមកជាឯកសារយុទ្ធសាស្ត្រ ដែលត្រូវបានដាក់ឲ្យអនុវត្តនៅដើមឆ្នាំ២០២១ នោះឡើយ។

ក្នុងរយៈពេល ២ ឆ្នាំ កន្លងមកនេះ ក្រុមការងារ និងស្ថានតំណាងកម្ពុជា នៅបរទេស បានខិតខំធ្វើការយ៉ាងសកម្ម ក្នុងការ៖ ទី១) ជំរុញពាណិជ្ជកម្មអន្តរជាតិ តាមរយៈការរៀបចំ វេទិកាធុរកិច្ច ដំណើរទស្សកិច្ចរបស់ ធុរជនបរទេសមកកម្ពុជា ជំនួបជាមួយពាណិជ្ជករ បរទេស និងចូលរួមពិព័រណ៌ផ្សេងៗ ដើម្បីជំរុញការនាំចេញផលិតផលខ្មែរ , ទី២) ទាក់ទាញវិនិយោគិនបរទេស ដោយសហការជាមួយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងគោលដៅបង្កើន ការផ្សព្វផ្សាយច្បាប់វិនិយោគ ការលើកទឹកចិត្តពិសេស ក្នុងវិស័យ អាទិភាព និងស្ថានភាពអំណោយផល សម្រាប់វិនិយោគិននៅកម្ពុជា និងទី៣) ផ្សព្វផ្សាយ ពីវប្បធម៌ អរិយធម៌ខ្មែរពិសេស ពីមត៌កដ៏អស្ចារ្យនៃ ប្រាង្គប្រាសាទសម័យអង្គរ ព្រមទាំង ម្ហូបខ្មែរ ឲ្យគេស្គាល់យ៉ាងទូលំទូលាយ៕/V/R

Post navigation