Views: 4
ដោយៈ ទេព មង្គល/ ភ្នំពេញៈ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ នេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជម្រាប ជូនអភិបាល នៃគណៈអភិបាល រាជធានី ខេត្ត តាមរយៈលិខិតមួយច្បាប់ ដែលមានកម្មវត្ថុស្ដីពី ការពង្រឹងការអនុវត្តច្បាប់ និងក្រមសីលធម៌ វិជ្ជាជីវៈ ក្នុងការផ្តល់សេវាសុខាភិបាល នៅក្នុងមូលដ្ឋាន សុខាភិបាលឯកជន។
ពាក់ព័ន្ធនឹងករណីខាងលើនេះ លោក រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមជម្រាបជូនជ្រាបថាៈ ក្រសួងសុខាភិបាល បានធ្វើការណែនាំក្រើនរំលឹក ជាបន្តបន្ទាប់ ដល់មូលដ្ឋានសុខាភិបាល ឯកជន ស្តីពីការគ្រប់គ្រងការប្រកបវិជ្ជាជីវៈក្នុង វិស័យសុខាភិបាល។ ប៉ុន្តែក្រសួង សង្កេត ឃើញថា មូលដ្ឋានសុខាភិបាល មួយចំនួន ពុំទាន់បានគោរព ឱ្យបានត្រឹមត្រូវតាមច្បាប់ ស្ដីពីការគ្រប់គ្រង អ្នកប្រកបវិជ្ជាជីវៈ វិស័យសុខាភិបាល ច្បាប់ស្តីពីការគ្រប់គ្រង លើការប្រកបវិជ្ជាជីវៈឯកជន ក្នុងវិស័យវេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រ និងជំនួយវេជ្ជសាស្ត្រ និងក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន ក្នុងការផ្តល់សេវាសុខាភិបាល ជូនដល់អ្នកជំងឺ នៅក្នុងមូលដ្ឋាន សុខាភិបាលឯកជន។
ក្នុងន័យនេះ ក្រសួងសុខាភិបាល បានអំពាវនាវសូមឱ្យអភិបាល នៃគណៈអភិបាល រាជធានី ខេត្ត ធ្វើការណែនាំដល់មន្ទីរសុខាភិបាលឱ្យចុះត្រួតពិនិត្យ តាមដាន និងចាត់វិធានការ យ៉ាងម៉ឹងម៉ាត់បំផុត ចំពោះអ្នកផ្តល់សេវា សុខាភិបាល និងម្ចាស់មូលដ្ឋានសេវាសុខាភិបាល ឯកជន ទាំងឡាយណា ដែលមិនបានអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រង អ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល ច្បាប់ស្តីពីការគ្រប់គ្រងលើការប្រកបវិជ្ជាជីវៈឯកជន ក្នុងវិស័យវេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រ និងជំនួយវេជ្ជសាស្ត្រ និងក្រមសីលធម៌វិជ្ជាជីវៈ របស់ខ្លួន។
អាស្រ័យហេតុនេះ សូមអភិបាល នៃគណៈអភិបាល រាជធានី ខេត្ត ណែនាំឱ្យមន្ទីរសុខា ភិបាល ពង្រឹងក្នុងការផ្តល់សេវាសុខាភិបាល នៅក្នុងមូលដ្ឋានសុខាភិបាលឯកជន តាមច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈ ដោយស្មារតីទទួលខុសត្រូវខ្ពស់៕/V
