Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រដ្ឋបាល​ជលផល ជូនដំណឹង​ស្តីពី រដូវ​បើក​នេសាទ​ទឹកសាប ឆ្នាំ​២០២២-២០២៣

Views: 1

​ដោយៈ ប​.​ខុន / ភ្នំពេញៈ រដ្ឋបាល​ជលផល នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជូនដំណឹង​ស្តីពី​រដូវ​បើក​នេសាទ ឆ្នាំ​២០២២-២០២៣ ចាប់ពី​ថ្ងៃទី​០១ ខែតុលា ដល់​ថ្ងៃទី​៣១ ខែឧសភា ចំពោះ​ដែន​នេសាទ​ទឹកសាប រួមមាន ខេត្តកំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ ព្រះវិហារ រតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ មួយផ្នែក​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ដែល​ស្ថិតនៅ​ខាងជើង​ខ្សែស្រប​ទន្លេចតុមុខ​។ ដោយឡែក ខេត្តស្ទឹងត្រែង ចាប់ពី​ថ្ងៃទី​០១ ខែតុលា រហូតដល់​ថ្ងៃទី​៣០ ខែមេសា​។​

​នៅក្នុង​សេចក្តីជូនដំណឹង ដែល​ចុះហត្ថលេខា​ដោយ​លោក ពុំ សុថា ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា ប្រធាន​រដ្ឋបាល​ជលផល កាលពី​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២២ បាន​សរសេរ​ទៀតថាៈ សម្រាប់​ខេត្តព្រៃវែង ស្វាយរៀង តាកែវ កំពង់ស្ពឺ មួយផ្នែក​នៃ រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ដែល​ស្ថិតនៅ​ខាងត្បូង​ខ្សែស្រប​ទន្លេចតុមុខ ចាប់​បើក​ពីថ្ងៃ​ទី​០១ ខែវិច្ឆិកា ដល់​ថ្ងៃទី​៣០ ខែមិថុនា​។​

​ក្នុង​សេចក្តីជូនដំណឹង បានបញ្ជាក់​ថាៈ រយៈពេល​នៃ​ការបើក​នេសាទ​នេះ អ្នកនេសាទ​ទាំងអស់ ត្រូវ​ប្រើ​ឧបករណ៍​នេសាទ ដែល​អនុញ្ញាត​ឱ្យធ្វើ​នេសាទ ក្នុង​ដែនទឹក​សាប ស្របតាម​ច្បាប់​ស្តីពី​ជលផល និង​លិខិតបទដ្ឋាន​គតិយុត្ត ជា​ធរមាន​។​

​នៅក្នុង​សេចក្តីជូនដំណឹង បាន​សរសេរ​ទៀតថាៈ ចំពោះ​អ្នកនេសាទ ដែលមាន​បំណង ធ្វើ​នេសាទ ដោយ​ប្រើប្រាស់​ឧបករណ៍ ម៉ាញ់ នៅតាម​ដង​ទន្លេមេគង្គ និង​ដង​ទន្លេសាប ក្នុង​ទីតាំង​ដែល​រាជរដ្ឋាភិបាល បានអនុញ្ញាត ត្រូវ​អញ្ជើញ​មក​ទំនាក់ទំនង សុំ​លិខិតអនុញ្ញាត ពី​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​រាជធានី ខេត្ត   ​ដើម្បី​ទទួល​ការណែនាំ ពី​សមត្ថកិច្ច​ជំនាញ​ជលផល អំពី​បច្ចេកទេស និង​បទបញ្ជា​នានា ដែល​ពាក់ព័ន្ធ​ដល់​ការធ្វើ​នេសាទ​៕/V​

Post navigation