Views: 13
ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់រុស្ស៊ីTu-95បានបាញ់កាំជ្រួចចេញពីសមុទ្រកាស្ពៀន(Caspian Sea)ដាក់ទីក្រុងគៀវកាលពីព្រឹកថ្ងៃអាទិត្យទី៥ឧសភាបណ្តាលអោយសង្កាត់ពីររបស់រដ្ឋធានីអ៊ុយក្រែនកក្រើករញ្ជួយដោយការផ្ទុះ នេះបើតាមការបញ្ជាក់របស់កងកម្លាំងអ៊ុយក្រែននិងអភិបាលក្រុងនេះ។
ចៅហ្វាយក្រុង លោកវីតាលី គ្លីតស្កូ បាននិយាយថា យ៉ាងហោចណាស់មនុស្សម្នាក់ត្រូវបាននាំចូលពេទ្យ តែមិនមានសេចក្តីរាយការណ៍ភ្លាមៗអំពីអ្នកបាត់បង់ជីវិតទេ។ផ្សែងខ្មៅបានហុយចេញពីសង្កាត់ដានីតស្គី និង ដ្នីប្រូវស្គី កន្លែងដែលសម្លេងផ្ទុះបានបន្លឺឡើង។
ការវាយប្រហារនេះសំដៅរចនាសម្ពន្ធផ្លូវដែក នេះបើតាមលោកសឺហ៊ីយ ឡេសឆេនកូ(Serhiy Leshchenko) ជំនួយការនាយសេនាធិការរបស់ប្រធានាធិបតីអ៊ុយក្រែន។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ខ្លួនបានបាញ់រ៉ុក្កែតដាក់ទីក្រុងគៀវចេញពីចម្ងាយឆ្ងាយនិងបានបំផ្លាញរថក្រោះ T-72ព្រមទាំងរថពាសដែលជាច្រើនគ្រឿងដែលបណ្តាប្រទេសអឺរ៉ុបផ្តល់អោយអ៊ុយក្រែន និងស្តុកទុកនៅក្នុងអាគារជួសជុលទូររថភ្លើង។
ចំណែកកងកម្លាំងយោធាអ៊ុយក្រែនបានអះអាងថា ខ្លួនបានបំផ្លាញកាំជ្រួចបណ្តែតមួយនៅប្រមាណជា៦ព្រឹក ក្រោយចាប់ឃើញសញ្ញាកាំជ្រួចហោះមក។
កាំជ្រួចទាំងនេះបានធ្លាក់ចំទីក្រុងគៀវជាលើកដំបូងចាប់តាំងពីចុងខែមេសា នៅពេលផលិតករវិទ្យុសេរីភាពម្នាក់ស្លាប់ដោយកាំជ្រួចរុស្ស៊ីធ្លាក់ចំអាគារដែលគាត់ស្នាក់នៅ។

កងកម្លាំងអាកាសអ៊ុយក្រែនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យោងតាមទិន្នន័យដំបូងៗ កាំជ្រួចរបស់រុស្ស៊ីត្រូវបានបាញ់ចេញពីយន្តហោះTu-95ចេញពីសមុទ្រកាស្ពៀន»។
ក្នុងពេលជាមួយគ្នា ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនបានអំពាវនាវអោយលោកខាងលិចដាក់ទណ្ឌកម្មថែមលើរុស្ស៊ីដើម្បីដាក់ទោសការវាយប្រហារនេះនិងផ្តល់សព្វាវុធបន្ថែមទៀងដល់អ៊ុយក្រែន៕


រុស្ស៊ីនិយាយថា ជំនួយសព្វាវុធរបស់លោកខាងលិចដល់អុយក្រែនគ្រាន់តែជាការចាក់សាំងលើភ្លើង។ក្នុងរូប ទិដ្ឋភាពខ្ទេចខ្ទាំងនៃសង្កាត់ជាយក្រុងគៀវដោយការវាយប្រងហាររបស់រុស្ស៊ី