Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សេង សឿ៖ បង្រៀននយោបាយដល់ប្រជាជនក្នុងភូមិ

Views: 15

ដោយៈគាត ស្រីឡែន បុគ្គលិកមជ្ឈមណ្ឌលឯកសារ កោះថ្ម/ភ្នំពេញ៖ខ្ញុំឈ្មោះ សេង សឿ ភេទស្រី អាយុ៧៧ឆ្នាំ កើតនៅភូមិរំចេក ឃុំរំចេក ស្រុកមេមត់ ខេត្តកំពង់ចាម ។ ខ្ញុំមានឪពុកឈ្មោះ សេង ម្ដាយឈ្មោះ សួក និងមានបងប្អូនបង្កើតចំនួន២នាក់ ហើយខ្ញុំគឺជាកូនពៅ។ ខ្ញុំមានប្ដីឈ្មោះ អេក អាន និងមានកូនចំនួន១០នាក់។ ប៉ុន្តែកូនខ្ញុំស្លាប់អស់ចំនួនបីនាក់។

កាលពីអាយុប្រាំពីរឆ្នាំខ្ញុំចូលរៀននៅសាលាវត្តរំចេកដែលស្ថិតនៅមុខផ្ទះរបស់ខ្ញុំ។ក្មេងៗក្នុងភូមិជាច្រើននាក់ទៀតក៏បានចូលរៀននៅសាលានេះដែរដោយមានព្រះសង្ឃពីរអង្គគឺជាអ្នកបង្រៀន។ខ្ញុំរៀនជាមួយព្រះសង្ឃពេលចូលខែពិសាខ ដល់ខែចេញពិសាខព្រះសង្ឃមិនគង់នៅវត្តទេ។

ក្រោយមកខ្ញុំឈប់រៀននិងរៀបការជាមួយប្ដីរបស់ខ្ញុំគឺជាអ្នកភូមិជាមួយគ្នា។ ឪពុកម្ដាយខ្ញុំធ្វើស្រែចម្ការ និងរកជ័រ ហើយដឹកតាមរទេះក្របីយកទៅលក់នៅឆ្លូង។ នៅតាមផ្លូវមានចោរច្រើនណាស់។ ឪពុករបស់ខ្ញុំត្រូវចោរប្លន់និង កាប់គាត់បែកក្បាលដើម្បីប្លន់យកក្របី។ ប្រជាជនមានការខ្លាចរអាចោរប្លន់ទាំងនោះណាស់។

សេង សឿ ភេទស្រី អាយុ៧៧ឆ្នាំ រស់នៅភូមិរំចេក ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។(បណ្ណសារមជ្ឈណ្ឌលឯកសារកម្ពុជា)

នៅឆ្នាំ១៩៧០ខ្ញុំមានកូនពីរនាក់។ពេលនោះខ្ញុំឮឪពុករបស់ខ្ញុំនិយាយថាមានបាតុកម្ម។ខណៈនោះនៅក្នុងភូមិរំចេកក៏មាន​វៀតកុង ឬយួនខាងជើងចូលមកដែលនាំមានការទម្លាក់គ្រាប់បែក។ ខ្ញុំនិងគ្រួសាររត់ចូលរណ្ដៅត្រង់សេ ព្រោះខ្លាចគ្រាប់ធ្លាក់​ចំ។

នៅឆ្នាំ១៩៧៥ខ្មែរក្រហមជម្លៀសប្រជាជនថ្មីជាច្រើនឲ្យមករស់នៅភូមិរបស់ខ្ញុំ។ខ្មែរក្រហមបង្កើតជាសហករណ៍ដាក់ស្រូវអង្ករជាទ្រព្យសម្បត្តិរួម។ប្រជាជនដែលទើបជម្លៀសមកខ្មែរក្រហមបានឲ្យរស់នៅតាមផ្ទះប្រជាជនមូលដ្ឋានដោយក្នុងមួយផ្ទះមានប្រជាជន​ថ្មីចំនួនពីរទៅបីនាក់ ឬប្រាំនាក់។

ក្រោយមកខ្មែរក្រហមបានប្រមូលប្រជាជនថ្មីទាំងអស់ឲ្យទៅរស់នៅដាច់ដោយឡែកនៅចុងភូមិ។ប្រជាជនថ្មីជាច្រើននាក់បានស្លាប់ដោយសារជំងឺ ចំណែកអ្នកចេះដឹង, គ្រូបង្រៀន, នាយទាហានគឺខ្មែរក្រហមហៅយកទៅរៀនសូត្រ ហើយមិនឃើញត្រឡប់មកវិញទេ។ នៅពេលនោះ ខ្មែរក្រហមយកសាលារៀននៅក្នុងភូមិធ្វើជារោងបាយរួម។ យុវជនយុវនារីត្រូវបានខ្មែរក្រហមបំបែកចេញពីឪពុកម្ដាយហើយខ្ញុំត្រូវខ្មែរក្រហមចាត់តាំងឲ្យបង្រៀនពីនយោបាយ ពីរបៀបធ្វើការងារស្រែចម្ការ និងដាំដុះស្រូវដល់ប្រជាជនក្នុងភូមិ។
បន្ទាប់មកខ្មែរក្រហមបានចាត់តាំងខ្ញុំឲ្យធ្វើការងារផ្សេងៗ ដូចជា ដាំបាយ ចងចន្លុះទុកដុតបំភ្លឺ កាប់រំចេកធ្វើកន្ទេល និងដកស្ទូងស្រូវ។ខ្ញុំទទួលបានរបបអង្គរមួយកំប៉ុងក្នុងមួយថ្ងៃព្រោះកាលនោះខ្ញុំមានកូនខ្ចី។ចំណែកប្ដីរបស់ខ្ញុំធ្វើជាប្រធានកងតូច និង​ជាមេសហករណ៍ដែលទទួលការងារអ្នកផ្គត់ផ្គង់របបអាហារដល់ប្រជាជននៅក្នុងភូមិ។

នៅឆ្នាំ១៩៧៨កម្មាភិបាលនិងយោធាភូមិភាគនិរតីចូលមកចាប់កម្មាភិបាលនៅខាងបូព៌ាប៉ុន្តែសំណាងល្អប្ដីរបស់ខ្ញុំរួចខ្លួនដោយ​សារប្រជាជនជួយលាក់ប្រវត្តិរូបព្រោះប្តីរបស់ចិត្តល្អ ហើយប្រជាជនស្រឡាញ់រាប់អានគាត់។ ពេលនោះខ្ញុំបានរត់ទៅនៅខាងខ្នងក្រពើអស់រយៈពេលមួយខែទើបកងទ័ពវៀតណាមយកឡានមកទទួលខ្ញុំនិងអ្នកភូមិផ្សេងទៀតទៅរស់នៅភ្នំជើងអណ្ដែង​។វៀតណាមបើកអង្ករនិងពោតសំឡីឱ្យខ្ញុំហូប។បន្ទាប់មកខ្ញុំនាំកូនត្រឡប់មកស្រុកវិញ ប៉ុន្តែវៀតណាមិនទាន់ឲ្យមកទេ ។ដូច្នេះខ្ញុំក៏លួចរត់ចេញមក។

ខ្ញុំមករស់នៅមេមត់បានរយៈពេលមួយខែព្រោះមេភូមិប្រាប់មិនឱ្យត្រឡប់មករស់នៅក្នុងភូមិភ្លាមទេព្រោះខ្លាចជាន់មីនដែល​ដោះមិនទាន់អស់។ មួយរយៈក្រោយមក ខ្ញុំក៏ត្រឡប់មកដល់ភូមិរំចេកវិញ។ ប៉ុន្តែផ្ទះរបស់ខ្ញុំមិនមានសម្ភារ ឆ្នាំងចាននៅសេស​សល់ឡើយគឺនៅតែសម្បកផ្ទះ។ចំណែកប្រជាជនក៏មិនរស់នៅក្នុងភូមិច្រើនដែរក្រោយមកទើបមានប្រជាជនមករស់នៅ និងប្រកបរបររកស៊ី៕សរន

Post navigation