Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សហ​ស្ថាបនិក​ក្រុមហ៊ុន​រូបិយប័ណ្ណ​អេឡិចត្រូនិក​សិង្ហ​បុរី​ស្លាប់​នៅ​អាយុ​៣០​ឆ្នាំ ក្រោយ​សេដ្ឋី​លុយ​អេឡិចត្រូនិក​ម្នាក់​ទៀត​បាន​ស្លាប់​នៅ​អាយុ​២៩​ឆ្នាំ​នៅ​ព័រ​តូ​រីកូ​

Views: 8

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ សហ​ស្ថាបនិក​ក្រុមហ៊ុន​រូបិយប័ណ្ណ​អេឡិចត្រូនិក​សិង្ហ​បុរី​មួយរូប​បាន​ទទួល​មរណភាព​នៅ​អាយុ ៣០ ឆ្នាំ​។​

​លោក ធៀន​ធៀន គុល​ឡាន​ឌឺ (Tiantian Kullander) ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន​ទ្រព្យសម្បត្តិ​ឌីជីថល Amber Group បាន​ទទួល​មរណភាព​ក្នុង​ដំណេក​របស់គាត់ នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រុមហ៊ុន​របស់គាត់​។​

​ឪពុក​កូន​មួយ ដែល​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​អ្នកមាន​អាយុ​ក្រោម ៣០ ឆ្នាំ​ដ៏​ល្បីល្បាញ​របស់​ទស្សនាវដ្ដី Forbes ក្នុង​ឆ្នាំ ២០១៩ បាន​ស្លាប់​ដោយ​មិន​នឹកស្មាន​ដល់​នៅ​ថ្ងៃទី ២៣ ខែវិច្ឆិកា​។ មិន​មាន​ព័ត៌មាន​លម្អិត​បន្ថែម​ណា​មួយ​ត្រូវបាន​ផ្តល់​ជុំវិញ​មូលហេតុ​នៃ​ការស្លាប់​នោះទេ​។​

​ក្រុមហ៊ុន Amber Group បាន​ពណ៌នា​លោក​គុល​ឡាន​ឌឺ ដែល​មិត្តភក្តិ​និង​សហការី​ស្គាល់​ថា TT ថា​ជា “​មនុស្ស​សំខាន់​សម្រាប់​ការបង្កើត​ក្រុមហ៊ុន Amber និង​ជា​សសរស្តម្ភ​នៃ​ភាពជោគជ័យ​របស់​យើង​”​។​

​ក្រុមហ៊ុន​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​ថា “​គាត់​បានដាក់​បេះដូង​និង​ដួងព្រលឹង​របស់​គាត់​ទៅក្នុង​ក្រុមហ៊ុន​នៅ​គ្រប់​ដំណាក់កាល​នៃ​ការរីកចម្រើន​របស់​ក្រុមហ៊ុន​។ គាត់​បាន​ដឹកនាំ​ដោយ​គំរូ​ជាមួយនឹង​បញ្ញា ចិត្ត​សប្បុរស ភាព​រាបសារ ភាព​ឧស្សាហ៍​ព្យាយាម និង​គំនិត​ច្នៃប្រឌិត​របស់គាត់​”​។​

“TT គឺជា​អ្នកដឹកនាំ​មានគំនិត​វែងឆ្ងាយ​ដ៏​គួរឱ្យ​គោរព និង​ត្រូវបាន​ទទួលស្គាល់​យ៉ាង​ទូលំទូលាយ​ថា​ជា​អ្នក​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ឧស្សាហកម្ម​នេះ​។ ចំណេះដឹង​ដ៏​ជ្រៅជ្រះ​របស់គាត់ ឆន្ទៈ​របស់​គាត់​ក្នុង​ការសហការ និង​បំណង​របស់​គាត់​ក្នុង​ការជួយ​អ្នកដទៃ បាន​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​ក្រុមហ៊ុន​ទើប​ផ្តើម​អាជីវកម្ម​និង​បុគ្គល​ច្រើន​រាប់មិនអស់​”​។​

​ក្រុមហ៊ុន Amber Group មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហ​បុរី ហើយ​វេបសាយ​របស់​ខ្លួន​និយាយថា ក្រុមហ៊ុន​មាន “​វត្តមាន​នៅ​អាថែន ហ្សឺ​ណែវ ឌូ​បៃ ហុងកុង អ៊ី​ស្តង់​ប៊ុល ឡុង​ដ៍ ម៉ិក​ស៊ីកូ​ស៊ីធី តៃប៉ិ តូ​ក្យូ វ៉ាន់​ខូវើ និង​ហ្សួ​រី​ច​”​។​

​នៅក្នុង​សារលិខិត​រំលែក​ទុក្ខ​មួយ ដែល​បាន​បង្ហោះ​លើ Twitter នាង អាន​ណា​បែ​ល​ឡា ហ័ង (Annabelle Huang) ដែល​ជា​ដៃគូ​គ្រប់គ្រង​នៅ​ក្រុមហ៊ុន Amber Group បាន​និយាយថា “​បាត់បង់​មិត្ត​ជា​ទី​ស្រឡាញ់​ដែល​បាន​ផ្លាស់ប្តូរ​ជីវិត​របស់​ខ្ញុំ ក្នុងចំណោម​អ្នក​ផ្សេង​ទៀត​តាម​របៀប​ដែល​គាត់​មិន​បានដឹងខ្លួន​”​។​

​នាង​បាន​និយាយថា គុល​ឡាន​ឌឺ​គឺជា “​មនុស្ស​ល្អ​បំផុត​ក្នុងចំណោម​ពួកយើង ពោល​ជាកា​រលាយ​បញ្ចូល​គ្នា​ដ៏​កម្រ​នៃ​អ្នកប្រាជ្ញ​និង​អ្នក​ចម្បាំង ដែល​តែង​មាន​ចិត្តសប្បុរស​ជាមួយ​ពេលវេលា​របស់​គាត់ ស្មោះត្រង់​ឥតឈប់ឈរ និង​ជា​សំឡេង​ដ៏​ក្លៀវក្លា​នៅក្នុង​ឧស្សាហកម្ម​របស់​យើង​។ កេរដំណែល​របស់​គាត់​នឹង​នៅតែ​បន្ត​”​។​

​គុល​ឡាន​ឌឺ ជា​អតីត​ពាណិជ្ជករ​នៅ​ក្រុមហ៊ុន Morgan Stanley និង Goldman Sachs បាន​បង្កើត​ក្រុមហ៊ុន Amber Group ក្នុង​ឆ្នាំ ២០១៧​។ ក្រុមហ៊ុន​នេះ​មានតម្លៃ ៣ ពាន់​លាន​ដុល្លារ​ក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​។​

​ដំណឹង​មរណភាព​នេះ​កើតឡើង​ប៉ុន្មាន​សប្តាហ៍ បន្ទាប់​ពី​សេដ្ឋី​លុយ​អេឡិចត្រូនិក​វ័យក្មេង​ឈ្មោះ នី​កូឡាយ មូសេ​ជី​យ៉ាន (Nikolai Mushegian) អាយុ ២៩ ឆ្នាំ​បាន​លង់ទឹក​ស្លាប់​នៅ​ឆ្នេរ​ព័រ​តូ​រីកូ ក្រោយ​សរសេ​រលើ Twitter​ថា គាត់​ខ្លាច​ពួក CIA និង Mossad តាម​ធ្វើឃាត​រូបគាត់​។​

​នី​កូឡា​យមាន​ប្រវត្តិ​កើតរោគ​ចិត្ត ហើយ​គ្រួសារ​របស់​គាត់​មិន​ជឿ​ថា​នេះ​ជា​ករណី​ឃាតកម្ម​នោះទេ​៕

លោក ធៀន​ធៀន គុល​ឡាន​ឌឺ ស្លាប់​ក្នុង​ដំណេក​កាលពី​ថ្ងៃទី​២៣​វិច្ឆិកា​

នី​កូឡាយ មូសេ​ជី​យ៉ាន​អាយុ ២៩ ឆ្នាំ​ក៏​ស្លាប់​លង់ទឹក​ស្លាប់​នៅ​ឆ្នេរ​ព័រ​តូ​រីកូ​ដែរ

Post navigation