Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សំណង់នៅកម្ពុជាគួរយកចិត្តទុកដាក់លើជនពិការ

សំណង់នៅប្រទេសកម្ពុជា​ភាគច្រើន​មិន​បាន​​យក​ចិត្ត​ទុកដាក់​​ដល់​​តម្រូវ​ការ​​របស់​ជនពិការទេ ដូចជា​ គ្មាន​ជណ្ដើរ ឬជម្រាល​សម្រាប់រទេះ​រុញ​​របស់​ជន​ពិការ គ្មាន​បន្ទប់​ទឹក​​សម្រាប់ជន​ពិការ ឬខ្វះ​ជណ្ដើរ​​យន្ត ជាដើម។ ជនពិការ​មានឧបសគ្គទាំង​នៅ​តាមផ្ទះ កន្លែងធ្វើការ សាលារៀន ឬទីផ្សារ​ ដែលមានលក្ខណៈ​គ្រោះថ្នាក់​ចំពោះពួកគេ។

ចំណុចទាំងអស់នេះ​ជាហេតុនាំ​ឱ្យជនពិការត្រូវរំពឹង​លើជំនួយពីអ្នកដទៃ​ជារៀងរាល់ថ្ងៃ ​និង​ធ្វើ​ឱ្យ​ពួកគេ​ចូលរួម​ក្នុង​សង្គម​​មិន​​​បាន​ពេញលេញ។

ឧបសគ្គខាង​លើឆ្លុះបញ្ចាំងពី​ភាពព្រងើយ​​កន្តើយ​របស់​សង្គម​កម្ពុជា​​ចំពោះ​ជន​មាន​ពិការភាព​ ដោយសារ​​គេ​មិន​បានគិត​​ស៊ី​ជម្រៅ​និង​វែង​ឆ្ងាយ។ ​

មានភស្តុតាងបង្ហាញថា ពាក់​កណ្ដាល​​នៃមនុស្សទាំងអស់​ក្នុង​ពិភព​លោក​​នឹង​ត្រូវ​ឆ្លង​កាត់​ពិការភាពរយៈពេលខ្លី យ៉ាងតិច​​រយៈពេលបីខែ គឺមុនពួកគេ​ឈានដល់​អាយុ​៦៥​ឆ្នាំ។ ភស្តុតាង​​ដដែល​បញ្ជាក់ថា ក្នុង​ចំណោម​មនុស្ស​​៤នាក់ មាន​មនុស្ស​ម្នាក់​​អាច​កើត​មាន​ពិការភាព​ជាអចិន្ត្រៃយ៍។

ដូច្នេះ ការសាងសង់កន្លែង​ដែលមានភាពងាយស្រួល​សម្រាប់ជនពិការមាន​ភាព​ចាំ​បាច់។

ច្បាប់បច្ចុប្បន្ន

យោងតាមការស្ទង់សុខភាពប្រជាសាស្ត្រកម្ពុជានៅឆ្នាំ២០១៤ ប្រជាជនកម្ពុជា ១០% មាន​ពិការភាពកម្រិតទាប ខណៈដែល ២,១% កំពុង​តែ​ទទួល​រងនូវ​ពិការភាព​ធ្ងន់​ធ្ងរ។ កាលពីពេលថ្មីៗនេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ឱ្យដឹងថា ចំនួនប្រជាជនកម្ពុជា​ដែលមានពិការភាព​ធ្ងន់ធ្ងរ គឺខិតជិតដល់ចំនួន១លាននាក់។

ដោយសង្កេតឃើញថា ពិការភាពកំពុងប៉ះពាល់ដល់​ប្រជាជនយ៉ាងធ្ងន់ធ្ងរ ក្រុម​ប្រឹក្សា​​​សកម្មភាពជនពិការ​នៃ​ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ​បាន​រៀបចំឱ្យមាន​បទដ្ឋាន​បច្ចេកទេស​ហេដ្ឋារចនាសម្ពន្ធ​សម្រាប់​ជនមាន​ពិការ​ភាពនៅ​ចុងឆ្នាំ២០១៨។

បច្ចុប្ប​ន្ន បទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ពន្ធសម្រាប់ជនមានពិការភាពឆ្នាំ២០១៨ បាន​ចែងគោលការណ៍ណែនាំ​ទូលំទូលាយ​អំពីប្រធានបទសំខាន់ៗ​មួយចំនួនដូចជា ទំហំច្រករបៀង ច្រកទ្វារ ជម្រាល និងបន្ទប់ទឹកជនពិការ​ ជាដើម។ ប៉ុន្តែនៅមានការ​ខ្វះ​ខាត ដូចជា ការផ្ដល់ជាឧទាហរណ៍រចនាអាគារជាក់ស្ដែង ដូចជា នៅតាមវត្តអារាម សួនច្បារ លំនៅឋាន អាគារពាណិជ្ជកម្ម ឬអាគារការិយាល័យ ជាដើម។ ចំណុចគួរឱ្យកត់សម្គាល់មួយទៀតគឺ ច្បាប់នេះមិនបានផ្ដោត​ទៅលើ​តម្រូវការ​របស់​ជនពិការចក្ខុវិញ្ញាណ​ និងសោតវិញ្ញាណនោះទេ។

លើសពីនេះ ឯកសារបទដ្ឋានបច្ចេកទេសមានលក្ខណៈវែង ច្រើនទំព័រ(១៩០ទំព័រ) ហើយបានបែងចែកជាច្រើនជំពូកទៀត និងមិនមានការសង្ខេប​យកតែខ្លឹម​សារ​សំខាន់ៗ​ ដែលបណ្ដាលឱ្យអ្នករចនា និងសាងសង់ មានភាពលំបាក​នៅក្នុង​ការ​ប្រើប្រាស់។ ម្យ៉ាងទៀត មានជំពូកមួយចំនួនទាក់ទងនឹងចំណុចបច្ចេកទេស ដែល​ស្ថាបត្យករនិងអ្នកសំណង់មួយចំនួនមិនត្រូវការប្រើប្រាស់ជាប្រចាំនោះទេ​ ដូចជា ​អាកាសយានដ្ឋាន កំពង់ផែ និងកន្លែងចំណតរថយន្តតាក់ស៊ី ជាដើម។

ចំណុចខ្វះខាតទាំងនេះ បូករួមទាំងការផ្សព្វផ្សាយបទដ្ឋានបច្ចេកទេសដែលមានលក្ខណៈមិនពេញលេញទូលំទូលាយ នាំឱ្យស្ថាបត្យករនិងអ្នកសាងសង់ ទទួល​បាន​ព័ត៌មាន​មិនច្បាស់លាស់ក្នុងការសាងសង់គម្រោង​របស់ពួកគេ​ប្រកបដោយ​បរិយាបន្ន​សម្រាប់ប្រជាជនកម្ពុជាគ្រប់រូប។

យ៉ាងណាក្ដី បច្ចុប្បន្នយើង​សង្កេត​​​ឃើញថា សំណង់អាគារមួយ​ចំនួន​​មិន​ទាន់​បាន​អនុវត្ត​ពេញលេញ​នៅឡើយ។

ស្ថាបត្យករ​នៅក្រុង​ភ្នំពេញ​ម្នាក់​លើកឡើងថា «បញ្ហាចម្បង គឺពេលចាប់ផ្ដើមគម្រោងថ្មី​មួយ ​អ្នក​អភិវឌ្ឍនិងអ្នកសាងសង់​ភាគច្រើន​មិន​បានគិតគូរដល់​តម្រូវ​ការរបស់​អ្នកមាន​ពិការភាពទេ»

បទដ្ឋានបច្ចេកទេសថ្មី

យើងមិនអាចនាំយកស្ដង់ដារបរទេសគ្រប់ជំហានយកមកអនុវត្តសម្រាប់អ្នកប្រើប្រាស់ក្នុង​ស្រុកបានទេ។ ម្យ៉ាងទៀត ចំណុចបច្ចេកទេសខ្លះទាមទារការ​កែ​សម្រួល​សម្រាប់​ប្រើប្រាស់​នៅក្នុងសំណង់បែបខ្មែរ និងក្នុងអាកាសធាតុត្រូពិច។

ផ្ទុយទៅវិញ អ្វីដែលយើងត្រូវការនោះ គឺឯកសារបទដ្ឋានដែលសិក្សាស្រាវជ្រាវ និង​តាក់តែងឡើងដោយប្រជាជនកម្ពុជា សម្រាប់ប្រជាជនកម្ពុជា ដោយបូករួម​ចំណេះ​ដឹងរបស់ស្ថាបត្យករ និងបទពិសោធផ្ទាល់របស់អង្គការជំនួយជនពិការ ហើយស្ដង់ដាររចនាថ្មីត្រូវរាប់បញ្ចូលនៅគ្រប់មជ្ឈដ្ឋាន ​ចាប់ពីពិការភាពដែលមិនអាចចល័តទីបាន អ្នកខ្សោយសតិបញ្ញា និងអ្នកខ្សោយផ្នែកសោតវិញ្ញាណនិងចក្ខុវិញ្ញាណ។

ស្ថាបត្យករមួយ​រូប​ទៀតដែលស្ថិតក្នុងខេត្តសៀមរាបបានរំលឹកថា បទដ្ឋាន​បច្ចេកទេស​ថ្មីត្រូវមានដំណោះស្រាយ​មិន​មែន​សម្រាប់តែសំណង់ធំៗក្នុងទីប្រជុំជនទេ ​ប៉ុន្តែ​គួរតែ​ផ្ដោតខ្លាំងលើសំណង់បែបជនបទនិង​ប្រពៃណីផងដែរ ដូចជា ​ផ្ទះ​ឈើ វត្តអារាម និងសាលសាធារណៈ ជាដើម។

លោក​បន្ថែមថា ​ផ្ទះតាមជនបទដែលសង់ខ្ពស់ផុតពីដី​មិនសូវសម​ស្រប​សម្រាប់​មនុស្ស​វ័យ​​ចំណាស់ និងអ្នកដែលមានបញ្ហាខ្សោយរាងកាយនោះទេ។ ដូច្នេះ ​ផ្ទះឈើ​​បែប​ប្រពៃណី ​​គឺត្រូវសម្របឱ្យមានភាពងាយស្រួលក្នុងការប្រើប្រាស់ ដូចជា ផ្លាស់​ទីតាំង​បន្ទប់​​គេងសម្រាប់មនុស្សចាស់ទៅជាន់ខាងក្រោម ឬសង់ផ្ទះដែល​មាន​កម្ពស់សមរម្យ។ សម្រាប់សំណង់ផ្សេងទៀត ដូចជា វិហារក្នុងវត្តអារាមគួរមានជម្រាលនិងចំណោត ដើម្បី​មានលក្ខណៈងាយស្រួលប្រើប្រាស់។

ការធ្វើកំណែទម្រង់បទដ្ឋានបច្ចេកទេសមានសារៈសំខាន់ ខណៈដែលកម្ពុជា​កំពុងរៀប​ចំ​សេចក្ដីព្រៀងច្បាប់ថ្មីស្ដីពីជនមានពិការភាព។ ប៉ុន្តែបទដ្ឋាន​បច្ចេកទេសថ្មី​​នេះ​ត្រូវតែ​អនុវត្ត​ឱ្យបានខ្ជាប់ខ្ជួនដើម្បីមានប្រសិទ្ធភាព។

តើត្រូវអនុវត្តបែបណា?

ទាក់ទងនឹងការអនុវត្តច្បាប់ ស្ថាបត្យករ​ម្នាក់នៅក្រុងភ្នំពេញបានលើក​ឡើង​​ថា «គួរមានការរៀបចំសិក្ខាសាលា​បណ្តុះបណ្ដាលតាមក្រុមហ៊ុន​រចនាប្លង់​និង​សំណង់ ដោយអង្គការជនពិការ ដើម្បីឱ្យបានយល់ដឹងអំពីបញ្ហាដែលជនពិការជួបប្រទះ និងការ​ប្រើប្រាស់គោលការណ៍ណែនាំ​បទដ្ឋានបច្ចេកទេស​ពីការរចនា​ប្លង់​សម្រាប់​ជន​មានពិការភាព»។​

ស្ថាបត្យករម្នាក់​នៅខេត្តសៀមរាប មាន​ប្រសាសន៍ថា ការបណ្តុះបណ្ដាល​មាន​សារៈ​សំខាន់ណាស់។ លោកថា បើ​គេ​មិន​គិតគូរ​ពី​តម្រូវ​ការ​របស់​ជនពិការនៅ​ពេលផ្ដើមគម្រោង​នោះ​ទេ ​វាអាច​​ធ្វើ​ឱ្យ​ការ​ឆ្លើយ​តប​ទៅ​ពួកគេ​​មិនគ្រប់គ្រាន់ ឬ​ក៏អាច​ធ្វើ​ឱ្យ​គេ​មិន​បាន​សាង​សង់ហេដ្ឋារចនាសម្ពន្ធសម្រាប់ជនពិការទាំង​ស្រុង​ក៏ថាបាន។

ដូច្នះ ការបណ្ដុះបណ្ដាលត្រូវផ្ដល់វិធីសាស្ត្រដាក់បញ្ចូលការរចនា​ប្លង់​ដែល​ផ្ដោត​លើ​ជន​ពិការ​នៅគ្រប់ដំណាក់កាលនៃគម្រោង។ វាកាន់តែប្រសើរ បើការបណ្ដុះ​បណ្ដាល​ជំរុញ​ក្រុមហ៊ុនឱ្យមាននីតិវិធីត្រួតពិនិត្យឡើងវិញ និងវាយតម្លៃលើការអនុវត្តបទដ្ឋាន​បច្ចេក​ទេសសម្រាប់ជនពិការ។

ប៉ុន្តែគោលការណ៍នេះនឹងដាក់សម្ពាធខ្លាំងលើស្ថាបត្យករ ហើយជារើយៗសំឡេងដែល​គាំទ្រ​ដល់​ការអនុវត្ត​ហេដ្ឋារចនាសម្ពន្ធស​ម្រាប់​ជនពិការតែងតែ​មិនសូវមានឡើយ។

ដូច្នេះ ពេលដែលល្មើសបទប្បញ្ញត្តិ តើបន្ទុកស្ថិតនៅលើបុគ្គលណា? តើក្រសួង​រៀបចំ​ដែន​ដី នគរូបនីយកម្ម និងសំណង់ គួរចូលរួមជំរុញការអនុវត្ត និងផ្ដល់​ទណ្ឌកម្ម​ដល់​អ្នក​ដែលល្មើសបទប្បញ្ញត្តិឬទេ?

ស្ថាបត្យករមកពីខេត្តសៀមរាប ឆ្លើយថា វា​ជាទំនួលខុសត្រូវចម្បងរបស់ក្រសួង និងអាជ្ញាធរមូលដ្ឋាន ដើម្បីជំរុញការអនុវត្ត​បទ​ប្បញ្ញត្តិ និងដាក់ពិន័យ​ចំពោះភាគី​ណា​ដែលមិនអនុវត្តតាមគោលការណ៍។ ស្ថាបត្យករ​ដែលនៅភ្នំពេញយល់ស្របថា «បទ​ប្បញ្ញត្តិ​នៃ​ការសាងសង់​ គឺត្រូវ​អនុវត្តឱ្យ​បាន​ស្មើគ្នា រួមទាំងបទដ្ឋានបច្ចេកទេស​ហេដ្ឋា​រចនា​សម្ពន្ធសម្រាប់ជនពិការ»។

ប៉ុន្តែអ្នកទាំងពីរក៏ទទួលស្គាល់ថា ការគ្រប់គ្រងត្រួតពិនិត្យគឺមិនទាន់គ្រប់គ្រាន់​នៅ​ឡើយ ជាពិសេសបើយើងប្រៀបធៀបកំណើនអត្រាសំណង់ច្រើនលើសលុប និង​ធនធាន​​មានកម្រិតរបស់រដ្ឋាភិបាល។

ស្ថាបត្យករនៅខេត្តសៀមរាបបាននិយាយថា «គួរតែមានការដាក់សម្ពាធ​ដោយ​ខ្លួន​យើង​ផ្ទាល់ដែលជាស្ថាបត្យករ»។ អ្នកជំនាញស្ថាបត្យកម្មនិងសំណង់​ត្រូវផ្អែក​លើ​សុចរិតភាព និងកិត្តិយសរបស់យើងជាអ្នកជំនាញ។ ប្រសិន​ជាមាន​កំហុស​ធ្ងន់ធ្ងរណាមួយកើតឡើងដោយសារការរចនាប្លង់ នោះគឺជាការ​ទទួលខុសត្រូវ​របស់​ស្ថាបត្យករទាំងស្រុង។

ការផ្លាស់ប្ដូរជាប្រព័ន្ធ

ត្រូវមានការផ្លាស់ប្ដូរជាប្រព័ន្ធក្នុងការរចនា​ប្លង់ និង​ការសាងសង់​សម្រាប់ជន​មាន​ពិការ​ភាពជាអាទិភាព។

ការអន្តរាគមន៍របស់រដ្ឋាភិបាលក្នុងការធ្វើកំណែទម្រង់បទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ពន្ធ​សម្រាប់ជនពិការ ដែលមាន​ការចូលរួមពីអង្គការជំនួយជនពិការ និងអ្នក​ជំនាញ​ខាង​វិស័យសំណង់ គឺជាការចាំបាច់ដើម្បីធានាការអនុវត្ត​ឱ្យបាន​ត្រឹម​ត្រូវនៅ​ទូទាំងប្រទេស។

ទោះជាយ៉ាងណាក៏ដោយ ស្ថាបត្យករ អ្នក​សាង​សង់ និងអ្នកអភិវឌ្ឍ មិន​ត្រូវ​ពឹង​ផ្អែក​តែ​លើ​រដ្ឋា​ភិបាល​មួយ​មុខ​នោះទេ ប៉ុន្តែ​គឺត្រូវតែយកចិត្តទុកដាក់​ហើយយក​បទប្បញ្ញត្តិ​មក​អនុវត្ត និង​ត្រូវ​ដាក់​នីតិវិធីត្រួតពិនិត្យឡើងវិញនូវបទដ្ឋាន​បច្ចេកទេស​សម្រាប់​ជនពិការ​​នៅគ្រប់ជំហាន។

ជាចុងក្រោយ វាក៏ជាកាតព្វកិច្ចរបស់ស្ថាបត្យករដែរ។ ពិតមែនយើងមានមោទកភាពក្នុងការបញ្ចេញស្នាដៃរចនាដែលទទួលការអបអរសាទរ ​ប៉ុន្តែយើងគួរចងចាំថា គោលបំណងសំខាន់​នៃ​ស្ថាបត្យកម្ម​ គឺការរចនាទីកន្លែង​​ដែល​បម្រើ​ផល​ប្រយោជន៍​សម្រាប់មនុស្សគ្រប់រូប‌៕

ដោយ៖ សែស អរុណសក្តា | អត្ថបទ​រក្សាសិទ្ធិ​ដោយ​អង្គការវេទិកាអនាគត​