Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្ដេច​ក្រឡាហោម ស ខេង បាន​ជំរុញ​ឱ្យ​ក្រុមការងារ​អន្ដរក្រសួង ត្រូវ​តាំងចិត្ត​ខ្ពស់ ដោយ​មិន​ទុក​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ មាននៅ​ក្នុង​បាតទន្លេ​ទៀតឡើយ​

Views: 3

​ដោយៈ ទេព មង្គល / ភ្នំពេញៈ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បាន​ជំរុញ​ឱ្យ​ក្រុមការងារ​អន្ដរក្រសួង ដើម្បី​ចុះ​សិក្សា និង​ដោះស្រាយ ករណី​រកឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ក្នុង​នាវា​ដែល​លិច​ក្នុង​ទន្លេ ត្រូវមាន​ការតាំង​ចិត្តខ្ពស់ អំពី​ការងារ​ទាំងនេះ ដោយ​មិន​ទុក​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ទាំងនោះ មាននៅ​ក្នុង​បាតទន្លេ​ទៀតឡើយ​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​ជំរុញ​បែបនេះ នៅក្នុង​ឱកាស​សម្ដេច បាន​អញ្ជើញ​ដឹកនាំ កិច្ចប្រជុំ​ពិនិត្យ​វឌ្ឍនភាព កិច្ចប្រតិបត្តិការ​បោសសម្អាត គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ក្រោម​ទឹក និង​ស្រង់​នាវា​លិច​ក្នុង​បាតទន្លេ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១០ ខែសីហា ឆ្នាំ​២០២២ នេះ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ ។​

​នៅក្នុង​កិច្ចប្រជុំ​នោះ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី ថ្នាក់ដឹកនាំ ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋលេខាធិការ​ប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អគ្គនាយក​ស៊ីម៉ាក់ (CMAC) ព្រមទាំង​ភាគី​ពាក់ព័ន្ធ ជាច្រើនរូប​ទៀត​។​

​នាឱកាស​នោះ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នាង ផាត រដ្ឋលេខាធិការ​ប្រចាំការ ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​អន្ដរក្រសួង ដើម្បី​ចុះ​សិក្សា និង​ដោះស្រាយ ករណី​រកឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ក្នុង​នាវា​ដែល​លិច​ក្នុង​ទន្លេ បាន​រាយការណ៍ ដោយ​សង្ខេប ស្ដីពី​វឌ្ឍនភាព នៃ​កិច្ចប្រតិបត្តិការ​បោសសម្អាត គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ក្រោម​ទឹក នៅ​ការដ្ឋាន​កោះ​ពាម​រាំង ឃុំ​កោះ​ចក ស្រុក​ពាម​ជរ ខេត្តព្រៃវែង ថាៈ ក្រោយ​ទទួលបាន​បទបញ្ជា របស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​អនុញ្ញាតឱ្យ​ក្រុមការងារ អន្ដរក្រសួង ដើម្បី​ចុះ​សិក្សា និង​ដោះស្រាយ​ករណី​រុករក​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ក្នុង​បាតទន្លេ ព្រមទាំង​បានការ​ឯកភាព​ពី សម្ដេច​ក្រឡាហោម ស ខេង ក្រុមការងារ​អន្ដរក្រសួង បាន​បើក​ប្រតិបត្តិការ​រួមជាមួយ អង្គភាព​ស៊ីម៉ាក់ និង​អ្នកពាក់ព័ន្ធ​មួយចំនួនទៀត សហការ​ជាមួយ​អាជ្ញាធរ បាន​ដំណើរការ​ស្រាវជ្រាវ និង​កំណត់​ទីតាំងនៅ​តំបន់​នោះ ហើយ​បើក​ប្រតិបត្តិ​ការរុករក គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ជា​រៀងរាល់ថ្ងៃ​។​

​ដោយឡែក លោក ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​អគ្គនាយក​ស៊ីម៉ាក់ បានធ្វើ​បទ​បង្ហាញ អំពី​បច្ចេកទេស​បោសសម្អាត គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ និង​ស្រង់​នាវា​លិច​ក្នុង​បាតទន្លេ​ថាៈ ផែនការ​ប្រតិបត្តិការ​បោសសម្អាត​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ និង​ស្រង់​នាវា នៅ​ភូមិ​កោះ​ពាម​រាំង ឃុំ​កោះ​ចេក ស្រុក​ពាម​ជរ ខេត្តព្រៃវែង មាន​ទំហំ​ចំនួន ២៦៨ ហិកតា ដោយ​ក្នុងនោះ តំបន់​ហានិភ័យ​ខ្ពស់ មាន​ចំនួន ១៩៧ ហិកតា និង​តំបន់​ដែល​ហានិភ័យ​មធ្យម ចំនួន ៧១ ហិកតា ។​

​លោក​ហេង រតនា បានបញ្ជាក់​ថាៈ ការ​បោសសម្អាត​សំណល់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ជា​ភារកិច្ច​យ៉ាងសំខាន់​របស់ រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ឆ្លើយតប​ជា​កាតព្វកិច្ច​ជាតិ និង​អន្ដរជាតិ​។ លោក​បាន​បន្ដថាៈ ការ​បោ​សម្អាត​គ្រាប់​ទាំងនេះ មាន​ប្រយោជន៍​យ៉ាង សំខាន់ ក្នុងការ​ពង្រឹង​កិច្ចការ​សន្ដិសុខ​ជាតិ និង​ផ្ដល់​សុខ​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ ព្រមទាំង​ដំណើរការ ស្ដារ​ការអភិវឌ្ឍន៍ សេដ្ឋកិច្ចជាតិ​ឡើងវិញ​។​

​ឆ្លៀតឱកាស​នោះដែរ លោក ស៊ុយ សែម រដ្ឋមន្ដ្រីក្រសួង​រ៉ែ និង​ថាមពល បាន​រាយការណ៍ ស្ដីពី​ការងារ​បូម​ខ្សាច់ ដើម្បី​គាំទ្រ​កិច្ចប្រតិបត្តិការ​បោសសម្អាត គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ក្រោម​ទឹក និង​ស្រង់​នាវា​លិច ក្នុង​បាតទន្លេ​ថាៈ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ដឹកនាំ​ដោយ សម្ដេច​ក្រឡាហោម ស ខេង កាលពី​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២១ បានកំណត់​ទិសដៅ និង​តួនាទី​ភារកិច្ច​យ៉ាងច្បាស់​លាស់ សម្រាប់​ក្រុមការងារ​អន្ដរក្រសួង និង​ទទួលបាន ការឯកភាព​ដ៏​ខ្ពង់ខ្ពស់ ពី​រាជរដ្ឋាភិបាល​កម្ពុជា​នោះ ក្រសួង​រ៉ែ និង​ថាមពល បាន​ខិតខំ​ប្រឹង ប្រែង​អនុវត្ត បាន​យ៉ាង​យកចិត្តទុកដាក់​បំផុត និង​អនុវត្ត​ប្រកបដោយ​ទទួលខុសត្រូវ​ខ្ពស់​។​

​ក្នុង​កិច្ចប្រជុំ​នោះ សម្ដេច​ក្រឡាហោម ស ខេង បាន​មានមតិ​បូកសរុប និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ការងារ​បោសសម្អាត គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ក្រោម​ទឹក និង​ស្រង់​នាវា​លិច ក្នុង​បាតទន្លេ​នេះ​ថា មាន​សារៈសំខាន់​ណាស់ ព្រោះ​ជាគោលការណ៍​របស់ រាជរដ្ឋាភិបាល​កម្ពុជា ត្រូវតែ​បោសសម្អាត គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ទាំងនេះ ដើម្បីឱ្យ​ប្រជាពលរដ្ឋ និង​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក អាចធ្វើ​ដំណើរ​ប្រកបដោយ​សុវត្ថិភាព​។​

​សម្ដេច​ក្រឡាហោម បាន​បន្ដថាៈ ក្រុមការងារ​អន្ដរក្រសួង ដើម្បី​ចុះ​សិក្សា និង​ដោះស្រាយ ករណី​រកឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ក្នុង​នាវា​ដែល​លិច​ក្នុង​ទន្លេ ត្រូវមាន​ការតាំង​ចិត្ត ខ្ពស់ អំពី​ការងារ​ទាំងនេះ ដោយ​មិន​ទុក​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ទាំងនោះ មាននៅ​ក្នុង​បាតទន្លេ​ទៀតឡើយ​៕/V​

Post navigation