Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សម្តេចតេជោ ហ៊ុន សែន សម្រេចប្រគល់ដី ដែលលោកគង់ គាំ ប្រគល់ឲ្យមករដ្ឋវិញ ជូន គ.ជ.ប.

Views: 5

ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្រេចប្រគល់ដីដែលលោកគង់ គាំ ប្រគល់ជូនក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ គឺប្រគល់ជូនទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ដើម្បីឲ្យ គ.ជ.ប. ប្រើប្រាស់ និងជាសម្បត្តិរបស់ គ.ជ.ប. វិញ។ ការសម្រេចនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅព្រឹកកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ។
លោក គង់ គាំ និងភរិយា បានស្ម័គ្រចិត្តប្រគល់ដី ជូនក្រសួងការបរទេសវិញ កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៣។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានមានប្រសាសន៍ ប្រាប់រស្មីកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែមករា នេះថាៈ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ដីដែលលោកគង់ គាំ ប្រគល់មករដ្ឋវិញ គឺប្រគល់ដីនោះត្រឡប់ មកក្រសួងការបរទេស ហើយបន្ទាប់ពីប្រគល់ជូនក្រសួងការបរទេសហើយ សម្តេចបាន ចង្អុលបង្ហាញថា អាស្រ័យដោយ គ.ជ.ប. មិនទាន់មានកម្មសិទ្ធិនៅឡើយទេ ហើយដី ដែលលោក គង់ គាំ ប្រគល់មកវិញ គឺប្រគល់ជូន គ.ជ.ប. ប្រើប្រាស់ ជាសម្បត្តិរបស់ គ.ជ.ប. វិញ ។

សូមជម្រាបថា លោក គង់ គាំ និងភរិយា បានស្ម័គ្រចិត្តប្រគល់ដីលេខ ៧១ ដែលមាន វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ 12010105-0113 មានលេខក្បាលដី 113 ទំហំ ៥២៩០ម២ ស្ថិតនៅក្នុងភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ ហើយមានឈ្មោះ កម្មសិទ្ធិករ គង់ គាំ ជាប្តី និងនាង សៀក អយ ជាប្រពន្ធ ជូនរដ្ឋវិញ។ នេះបើយោងតាមលិខិតប់លោក គង់ គាំ ជម្រាបជូនលោក កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ។

លោក គង់ គាំ បានបញ្ជាក់ថាៈ ” ដូចគោរពជម្រាបជូនក្នុងកម្មវត្ថុខាងលើ ដោយរូបខ្ញុំបាទ មានការឆ្គាំឆ្គង និងយល់មិនបានអស់ អំពីបែបបទនៃការសុំកាន់កាប់នូវផ្ទះ និងដី និងម្យ៉ាងទៀត ដើម្បីកុំឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ខាតពេលវេលា ក្នុងការស្រាវជ្រាវ ហើយអាចបញ្ចប់ករណីនេះ ខ្ញុំបាទ និងភរិយា សូមប្រគល់ផ្ទះ និងដីលេខ ៧១នេះ ដោយស្ម័គ្រចិត្ត ជូនមករដ្ឋវិញ។ ខ្ញុំបាទ សូមផ្តិតមេដៃទទួលខុសត្រូវ អំពីការសម្រេច របស់ខ្ញុំបាទ និងភរិយា ដោយមិនកែប្រែ ហើយក៏សូមអរគុណដល់អង្គភាពប្រឆាំង អំពើពុករលួយ និងរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុគ្រោះ ដល់ការឆ្គាំឆ្គង ទាំងនេះរបស់ខ្ញុំបាទ”។

ចំណែកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសរសេរ នៅលើបណ្តាញ សង្គម កាលពីយប់ថ្ងៃទី១២ ខែមករាថាៈ “ទីបំផុតដីនិងផ្ទះ ដែលជាសម្បត្តិរដ្ឋ ត្រូវបាន លោក គង់ គាំ និងភរិយា ផ្តិតមេដៃប្រគល់ជូនរដ្ឋវិញ បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុក រលួយ ធ្វើការជាមួយលោក គង់ គាំ និងគ្រួសារ រយៈពេល ៣ ម៉ោងកន្លះ។ កុំឲ្យយប់យូរ សុបិនច្រើន ខ្ញុំសម្រេចមិនប្តឹងបន្តទៀតទេ គឺបញ្ចប់ត្រឹមការប្រគល់ផ្ទះនេះ ជូនក្រសួងការបរទេស ដែលអាចធ្វើ នាសប្តាហ៍ក្រោយ”៕ V / N

Post navigation