
ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ សមត្ថកិច្ចចម្រុះ ស្រុកកំពង់លែង រួមនឹងអាជ្ញាធមូលដ្ឋាន បានចុះផ្សព្វផ្សាយផ្អាក ជាបណ្តោះអាសន្ន តាមបណ្តាតៀមលក់ស្រា ស និងកន្លែងទីតាំងផលិតស្រា ស ទាំងអស់ នៅក្នុងស្រុក ។ ការចុះផ្សព្វផ្សាយ អប់រំណែនាំ ទៅតាមបណ្ដាតៀមលក់ស្រាស ស្រាថ្នាំ និងកន្លែងទីតាំងផលិតស្រា ស ក៍ត្រូវបានបិទជាបណ្តោះអាសន្ន នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ។
លោកវរសេនីយ៍ឯក ប៉ាល់ ជឿន អធិការនគរបាល ស្រុកកំពង់លែង បានអោយដឹង នៅវេលាម៉ោង ២និង៤១នាទី រសៀលថ្ងៃទី៣០ វិច្ឆិកា នេះថាៈ នៅក្នុងកិច្ចប្រតិបត្តិការ ចុះផ្សព្វផ្សាយអប់រំ ណែនាំ និងបញ្ឈប់ការលក់ស្រា ស នៅក្នុងស្រុកកំពង់លែង បានចំនួន ៣៤៧ កន្លែង ក្នុងនោះទីតាំងផលិតស្រា ស ចំនួន ៣៦ កន្លែង ក៏បានបិទផងដែរ។
លោកឧត្តមសេនីយ៍ត្រី អៀង ប៊ុនធឿន ស្នងការរងនគរបាល ខេត្តកំពង់ឆ្នាំង និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង បានឲ្យដឹង នៅរសៀលថ្ងៃទី៣០ វិច្ឆិកា នេះដែរថាៈ ដោយអនុវត្តទៅតាមសេចក្តីណែនាំ របស់អភិបាល ខេត្តកំពង់ឆ្នាំង និងការណែនាំរបស់ស្នងការនគរបាល ខេត្តកំពង់ឆ្នាំង បានដាក់ចេញ នូវបទបញ្ជាឱ្យតាមបណ្ដាស្រុក ក្រុង ទាំង ៨ ក្នុងខេត្តកំពង់ឆ្នាំងទាំងអស់ សហការគ្នា ចុះផ្សព្វផ្សាយ អប់រំណែនាំ ដល់អាជីវករ ត្រូវបញ្ឈប់ការ លក់ស្រា ស បន្ទាន់ ពិសេសនៅតាមរោងសិប្បកម្ម ផលិតស្រា ស ទាំងអស់ត្រូវបញ្ឈប់ ។
លោកស្នងការរង នគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថាៈ ការបញ្ឈប់ការលក់ និងបិតស្រា ស ជាបណ្ដោះ អាសន្ននេះ ពាក់ព័ន្ធនឹងមនុស្ស ១០៥ នាក់ បានសង្គ្រោះបន្ទាន់ នៅក្នុងមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង និង មនុស្ស ៧ នាក់ទៀត បានស្លាប់ ដោយសារផឹកស្រា ស នៅក្នុងពិធីបុណ្យសព មួយកន្លែង ដែលមិនជាប់ពាក់ព័ន្ធនឹងការបុណ្យសព ដោយសារពុលទឹកអណ្ដូង កន្លងទៅ នេះទេ ។
អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង បានអោយដឹងថាៈ ការចុះផ្សព្វផ្សាយ អប់រំណែនាំ ដល់ក្រុមអាជីវករ លក់ដូរ នៅតាមបណ្ដាក្រុង ស្រុកទាំង ៨ នៅក្នុងខេត្តកំពង់ឆ្នាំង សមត្ថកិច្ចចម្រុះ នៅតែបន្តធ្វើរហូត ទាល់តែរកឃើញសំណាក នៅក្នុងស្រា ស ៕/V
សមត្ថកិច្ចចម្រុះ ស្រុកកំពង់លែង ចុះផ្សព្វផ្សាយពីការផ្អាក តៀមលក់ និងរោងផលិត ស្រា ស
សមត្ថកិច្ចចម្រុះ ស្រុកកំពង់លែង ចុះផ្សព្វផ្សាយពីការផ្អាក តៀមលក់ និងរោងផលិត ស្រា ស
សមត្ថកិច្ចចម្រុះ ស្រុកកំពង់លែង ចុះផ្សព្វផ្សាយពីការផ្អាក តៀមលក់ និងរោងផលិត ស្រា ស