Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សមត្ថកិច្ច​វាយ​ខ្នោះ​យុវជន​ស្នើ​សុំ​ធ្វើ​បាតុកម្ម​២​នាក់ ភ្លាមៗ​ក្រោយចាកចេញ​ពី​ជួប​មន្ត្រី​សាលា​ក្រុង

យ៉ាងហោចណាស់យុវជនចំនួនពីរនាក់ ត្រូវបានស​មត្ថកិច្ចខេត្តកណ្តាលចាប់ខ្លួនវាយខ្នោះនៅមុខសាលារាជធានីភ្នំពេញ ភ្លាមៗក្រោយពួកគេចាកចេញពីជួបមន្ត្រីសាលារាជធានី ដើម្បីស្នើសុំ​ធ្វើបាតុកម្ម​ដោយ​អហិង្សា​នៅ​ទីលាន​ប្រជា​ធិប​តេយ្យ ទាមទារឱ្យរដ្ឋាភិបាលបញ្ឈប់​​​ការ​ចេញ​បណ្ណ​ស្នាក់​​​នៅ​អចិន្ត្រៃយ៍ដល់​​ជន​បរទេស និងលុបគម្រោង​​​បង្កើត​អាគា​រ​​សិក្សាភាសាវៀតណាមនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

យុវជន អ៊ំ ឈុម បានប្រាប់វីអូឌីនៅថ្ងៃអង្គារនេះថា មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានណាត់ពួកគាត់ដែលជាក្រុមយុវជនចំនួន៥នាក់ ឱ្យជួបនៅវេលាម៉ោង៨.៣០នាទីព្រឹកថ្ងៃនេះ ឱ្យទៅជួបជជែកគ្នានៅក្នុងសាលារាជធានីភ្នំពេញ ពាក់ព័ន្ធនឹងសំណើសុំធ្វើ​បាតុកម្ម​ដោយ​អហិង្សា​នៅ​ទីលាន​ប្រជា​ធិប​តេយ្យ ទាមទារឱ្យក្រសួងបញ្ឈប់​​​ការ​ចេញ​បណ្ណ​ស្នាក់​​​នៅ​អចិន្ត្រៃយ៍ដល់​​ជន​បរទេស និងលុបគម្រោង​​​បង្កើត​អាគា​រ​​សិក្សាភាសាវៀតណាមនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

លោកបន្តថា ប៉ុន្តែនៅពេលជជែកគ្នាបានមួយព្រឹក​ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ មិនអនុញាតឱ្យជួបជុំគ្នានោះទេ ដោយតម្រូវឱ្យពួកគាត់កែពាក្យស្នើសុំជាថ្មី ហើយតម្រូវឱ្យពួកគេធ្វើលិខិតភ្ជាប់ជាមួយនឹងស្នាមមេដៃច្បាប់ដើម របស់ប្រជាពលរដ្ឋប្រគល់សិទ្ធិជូនក្រុមយុវជន គឺមិនមែនយកឯកសារផ្តិតមេដៃពលរដ្ឋផ្ញើតាមតេឡេក្រាម និងតាមហ្វេសប៊ុកនោះទេ។

លោក អ៊ំ ឈុម បន្តថា ក្រោយពីជជែកមិនត្រូវរ៉ូវគ្នារួចមក នៅម៉ោងប្រហែលជា១១ព្រឹក ពួកគេក៏ចាកចេញពីសាលារាជធានីភ្នំពេញ ត្រៀមទៅធ្វើសន្និសីទសារព័ត៌មាននៅទីលានប្រជាធិបតេយ្យ ស្រាប់តែចេញមកដល់មុខខ្លោងទ្វារសាលារាជធានីភ្នំពេញ ត្រូវបានជនស៊ីវិលមួយក្រុមចេញមកចាប់វាយខ្នោះគាត់២នាក់ដាក់ក្នុងរថយន្ត និង៣នាក់ទៀតគេចខ្លួនទាន់  ខណៈរូបគាត់ត្រូវបានសមត្ថកិច្ចទម្លាក់ចោលនៅម្តុំខណ្ឌដង្កោ និងម្នាក់ទៀតឈ្មោះ ថេល ធីលែន ត្រូវបានបញ្ជូនទៅស្នងការខេត្តកណ្តាល  ដោយសមត្ថកិច្ចថា លោក ថេល ធីលែន លួចលក់អចលនទ្រព្យអ្នកដទៃទៅវិញ។

យ៉ាងណា ប្រភពដដែលបញ្ជាក់ថា ការចាប់ខ្លួននោះមិនឃើញមានសមត្ថកិច្ចស្លៀកពាក់ឯកសណ្ឋាននោះទេ។ លោកចាត់ទុកការចាប់ខ្លួននេះ ជាសារគំរាមកំហែងមិនចង់ឱ្យពួកគេនាំគ្នាប្រមូលផ្តុំគ្នាធ្វើបាតុកម្ម​ដោយ​អហិង្សា​នៅ​ទីលាន​ប្រជា​ធិប​តេយ្យ ទាមទារឱ្យក្រសួងបញ្ឈប់​​​ការ​ចេញ​ប័ណ្ណ​ស្នាក់​​​នៅ​អចិន្ត្រៃយ៍ដល់​​ជន​បរទេស និងលុបគម្រោង​​​បង្កើត​អាគា​រ​​សិក្សាភាសាវៀតណាមនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញតែប៉ុណ្ណោះ។

លោកនិយាយថា៖ «ប៉ះពាល់ដល់យុវជនខ្ញុំខ្លះ វាអាចមានគំនាបគំរាមកំហែង បើសិនជាការចាប់ខ្លួន លោក ថេល ធីលែន ទាក់ទងនឹងទោសអ្វីផ្សេង គួរតែអនុម័តច្បាប់ ហើយចាប់ខ្លួននៅពេលផ្សេង ពេលវេលាមិនអាចជួនគ្នានៅពេលហ្នឹងទេ ហើយមួយទៀត ខ្ញុំក៏អត់អស់ចិត្ត និងការដែលគាត់មកចាប់ខ្លួន គាត់ស្លៀកពាក់ស៊ីវិល នេះសបញ្ជាក់ឱ្យឃើញថា បើសិនជាថ្ងៃក្រោយជនស៊ីវិលដែលមិនមែនជាសមត្ថកិច្ចមកធ្វើបែបហ្នឹង តើយើងរំពឹងទេថាមានសមត្ថកិច្ចណាជួយយើង»។

លោកបន្ថែមថា៖ «បើសិនជាចាប់ខ្លួនគាត់[លោក ថេល ធីលែន]ពាក់ព័ន្ធនឹងច្បាប់យ៉ាងណាក្តី គឺសុំឱ្យគាត់បង្ហាញពីអត្តសញ្ញាណរបស់គាត់ជាសមត្ថកិច្ចឱ្យច្បាស់លាស់[…]ហើយពាក់ព័ន្ធនឹងការចាប់ខ្ញុំ ខ្ញុំថតរូបនេះ បើគាត់ជាសមត្ថកិច្ចក៏ខ្ញុំអត់ថតដែរ ប៉ុន្តែគាត់មកចាប់មនុស្សស្លៀកពាក់ស៊ីវិលសុទ្ធសាធតែម្តង ហើយគាត់ចាប់វាយខ្នោះខ្ញុំដោយអយុត្តិធម៌ ខ្ញុំជាប្រជាពលរដ្ឋទាមទារតែសេរីភាពប្រជាពលរដ្ឋ»។

លោក ខុន រស្មី យុវជនម្នាក់ទៀតដែលឃើញហេតុការណ៍ចាប់ខ្លួនយុវជន២នាក់នោះ បានលើកឡើងថា ក្រុមជនស៊ីវិលដែលចាប់វាយខ្នោះគ្នាគាត់២នាក់ដាក់រថយន្ត  មិនអាចរារាំង  មិនឱ្យពួកគាត់បញ្ឈប់សកម្មភាពក្នុងការតវ៉ាទាមទារឱ្យក្រសួងបញ្ឈប់​​​ការ​ចេញ​បណ្ណ​ស្នាក់​​​នៅ​អចិន្ត្រៃយ៍ដល់​​ជន​បរទេស និងលុបគម្រោង​​​បង្កើត​អាគា​រ​​សិក្សាភាសាវៀតណាមនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានឡើយ។

លោកអះអាងដូចនេះថា៖ «ការងារយើងទៅមុខទៀត ដែលយើងត្រូវតវ៉ារឿងដេប៉ាតឺម៉ង់ភាសាវៀតណាមនៅកម្ពុជា [ក្រសួងលុបគម្រោង​​​បង្កើត​អាគា​រ​​សិក្សាភាសាវៀតណាមនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ]ក៏ដូចជាប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍របស់ជនអន្តោប្រវេសន៍វៀតណាម គឺពួកខ្ញុំនៅតែធ្វើដដែល ប៉ុន្តែយើងបាននិយាយជាមួយសាលារាជធានីភ្នំពេញហើយ ត្រូវតែមានស្នាមមេដៃប្រជាពលរដ្ឋស្ស៉ីន [ច្បាប់ដើម] បានន័យថា អត់យកកុបពី [ចំលង]ទេ អ៊ីចឹងយើងនៅតែធ្វើ យើងរង់ចាំពេលវេលាតិចសិន អ៊ីចឹងយើងធ្វើអ្វីក៏ដោយ យើងព្យាយាមធ្វើទៅតាមនីតិវិធីច្បាប់»។

ក្រុមយុវជនបានអះអាងប្រហាក់ប្រហែលគ្នាថា  តាមព័ត៌មានបឋមលោក ថេល ធីលែន ត្រូវបានជនស៊ីវិលដឹកយកទៅដល់ស្នងការនគរបាលខេត្តកណ្តាលហើយនៅរសៀលថ្ងៃច័ន្ទនេះ។

វីអូឌីមិនអាចសុំការបំភ្លឺពី ស្នងការនគរបាលខេត្តកណ្តាលលោក ឈឿន សុចិត្ត និងលោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទេនៅរសៀលថ្ងៃអង្គារនេះ។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា បើតាមព័ត៌មានបឋម លោកថា អាជ្ញាធរអះអាងថា ការចាប់ខ្លួនលោក ថេល ធីលែន គឺចាប់តាមដីកាបង្គាប់ឱ្យចូលខ្លួន របស់លោក ប្លុង វិសាល ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាលដោយចោទថា លួចលក់អចលនវត្ថុអ្នកដទៃ នៅអំឡុងខែមិថុនា ឆ្នាំ២០២១  ហើយដីកាបង្គាប់ឱ្យចូលខ្លួនតាំងពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១។

ប៉ុន្តែលោក អំ សំអាត បង្ហាញជាចម្ងល់ថា ចាប់តាំងពីតុលាការចេញដីកាបង្គាប់ឱ្យចាប់ខ្លួនជាង១ឆ្នាំហើយ មិនឃើញមានការចាប់ខ្លួនលោក ថេល ធីលែន  បែរជាមកចាប់ខ្លួន នៅអំឡុងពេលដែលលោកចេញតវ៉ាដាក់ញ្ញត្តិនៅតាមក្រសួងនានា ទាមទារឱ្យក្រសួងបញ្ឈប់​​​ការ​ចេញ​បណ្ណ​ស្នាក់​​​នៅ​អចិន្ត្រៃយ៍ដល់​​ជន​បរទេស និងលុបគម្រោង​​​បង្កើត​អាគា​រ​​សិក្សាភាសាវៀតណាមនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញនៅពេលនេះទៅវិញ។

យ៉ាងណា លោក អំ សំអាត ថាការចាប់ខ្លួនយុវជន ថេល ធីលែន ស្ថិតនៅក្នុងមន្ទិលសង្ស័យនៅឡើយ​ បើសិនជាអាជ្ញាធរពាក់ព័ន្ធមិនបង្ហាញព័ត៌មាន ឬភស្តុតាងឱ្យបានគ្រប់ជ្រុងជ្រោយទេ នឹងធ្វើឱ្យសាធារណជនរិះគន់ ដោយសារយុវជនរូបនោះបានចូលរួមយ៉ាងសកម្មក្នុងការជួយដល់សង្គម។

លោកបញ្ជាក់ថា៖ «អ្វីដែលយើងចាប់អារម្មណ៍នោះ គឺការចាប់ខ្លួននេះ  ក្រោយពីពួកគាត់សកម្មនៅក្នុងការដាក់ញត្តិ នៅក្នុងការទាមទារ និងការតវ៉ាផ្សេងៗកន្លងមកនេះ អ៊ីចឹងហើយបានការចាប់ខ្លួននេះ ចង់មិនចង់និងមានការរិះគន់ថា វាជាការគំរាមកំហែង និងការបន្ទុចបង្អាក់ទៅលើភាពសកម្មទៅលើយុវជនដែលគាត់ចូលរួមសកម្មនៅក្នុងការងារសង្គម»។

ផ្ទុយទៅវិញលោក អំ សំអាត មានប្រសាសន៍បន្ថែមថា បើសិនជាការចាប់ខ្លួន លោក ថេល ធីលែន ដោយសារតែយុវជនរូបនោះចេញតវ៉ាទាមទាររឿងអយុត្តិធម៌សង្គម  គឺអាជ្ញាធរអនុវត្តផ្ទុយពីគោលការណ៍ច្បាប់ ពីព្រោះយុវជនរូបនោះចេញតវ៉ា ឬដាក់ញត្តិនៅតាមក្រសួងនានា តែងតែអនុវត្តតាមនីតិវិធី។

មាត្រា​៣៥ នៃរដ្ឋធម្មនុញ្ញ ចែងថា ប្រជាពលរដ្ឋខ្មែរទាំង២ភេទមាន​​សិទ្ធិ​ចូល​រួមយ៉ាងសកម្មក្នុងជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។ សេចក្តីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យនិងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។

ចំណែកមាត្រា៣៧ នៃរដ្ឋធម្មនុញ្ញ ចែងថា សិទ្ធិធ្វើកូដកម្មនិងធ្វើបាតុកម្មដោយសន្តិវិធី ត្រូវយកមកអនុវត្តនៅក្នុងក្របខណ្ឌនៃច្បាប់ ខណៈមាត្រា៤១ ​ចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងបោះពុម្ពផ្សាយ និងសេរីភាពខាងជួបជុំ ជាដើម៕