Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

​តៃវ៉ាន់ មិន​ញ៉ម យក្ស​ចិន ! យន្តហោះ Drone របស់​ចិន ប្រញាប់​ដកថយ​យ៉ាង​ទាន់ហន់ ក្រោម​ឥទ្ធិពល​បាញ់​ផ្កាភ្លើង​របស់​ទាហាន​តៃវ៉ាន់

​ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយ​ដកស្រង់​ពី​ការ​ថ្លែង​របស់លោក​ឧ​ត្ត​ម​សេនីយ៍ Chang, Zone-Sung មេ​បញ្ជាការដ្ឋាន​ការពារជាតិ នៃ​តំបន់ Kinmen របស់​តៃវ៉ាន់ បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹងថា កាលពី​រាត្រី​ថ្ងៃ​ទិ​០៣ ខែសីហា ឆ្នាំ​២០២២​កន្លងទៅ​ថ្មីៗ យន្តហោះ​ដ្រូ​ន ( Drone) របស់​ចិន ជាច្រើន​គ្រឿង​បាន​ហោះចូល​ទៅកាន់​តំបន់​កោះ Kinmen ប៉ុន្តែ​ត្រូវបាន​កងកម្លាំង​យោធា​តៃវ៉ាន់ បាញ់​ផ្កាភ្លើង​បណ្តេញ​ភ្លាមៗ ធ្វើ​ឲ្យ​ក្រុម​យន្តហោះ​គ្មាន​មនុស្ស​បើកបរ​របស់​ចិន ទាំងនោះ ចាកចេញ​ត្រឡប់​ទៅវិញ​យ៉ាង​ទាន់ហន់ បាត់ស្រមោល ។

​សកម្មភាព​បញ្ជូន​យន្តហោះ​ដ្រូ​ន​របស់​ចិន ទៅកាន់​តំបន់​កោះ Kinmen នេះ គឺធ្វើឡើង​នៅក្នុង​ដំណើរការ​សមយុទ្ធ​យោធា​របស់​ចិន យ៉ាង​គគ្រឹកគគ្រេង​ចំនួន​៦​គោលដៅ ព័ទ្ធជុំវិញ​កោះ​តៃវ៉ាន់ សម្តែង​នូវ​ការខឹង​សម្បា​យ៉ាងខ្លាំង​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Nancy Pelosi ប្រធានសភា​អាមេរិក ទៅកាន់​តៃវ៉ាន់ កាលពី​រាត្រី​ថ្ងៃទី​០២ ដល់​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០២២ មុននឹង​បន្តដំណើរ​ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង និង​ប្រទេស​ជប៉ុន ។

​សេចក្តីរាយការណ៍​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ចិន បាន​បាញ់​គ្រាប់​មី​ស៊ី​ល​ក្នុង​រយៈកម្ពស់​ខ្ពស់​ហោះ​ពីលើ​កោះ​តៃវ៉ាន់ និង​មាន​ចំនួន​៥​គ្រាប់ បាន​ធ្លាក់​ទៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ផ្តាច់មុខ​របស់​ប្រទេស​ជប៉ុន ( ដែនទឹក​ប្រទេស​ជប៉ុន ) ។

​លោក Su, Tseng-Chang នាយករដ្ឋមន្ត្រី​តៃវ៉ាន់ បាន​ថ្លែងប្រាប់​បណ្តាញសារព័ត៌មាន​នៅ​ទីក្រុង​តៃប៉ិ ឲ្យ​ដឹងថា រដ្ឋបាល​តៃវ៉ាន់ សូម​ធ្វើការ​ថ្កោលទោស​ចំពោះ​ការបាញ់​គ្រាប់​មី​ស៊ី​ល​របស់​ចិន នៅក្នុង​សមយុទ្ធ​យោធា​របស់ខ្លួន ។

​សារព័ត៌មាន Kyodo របស់​ជប៉ុន បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០២២​ម្សិលមិញ​នេះ​ឲ្យ​ដឹងថា ទីក្រុង​តូ​ក្យូ បានធ្វើ​ការតវ៉ា​ទៅនឹង​ទីក្រុង​ប៉េកាំង បន្ទាប់ពី​មី​ស៊ី​ល​របស់​ចិន ចំនួន​៥​គ្រាប់​បាន​បាញ់​ធ្លាក់​ទៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ផ្តាច់មុខ​របស់​ប្រទេស​ជប៉ុន ។

​អ្នកជំនាញ​កិច្ចការ​យោធា​អន្តរជាតិ បាន​លើកឡើងថា នៅ​ថ្ងៃ​អនាគត ប្រសិនបើ​សហរដ្ឋអាមេរិក ដំឡើង​ប្រព័ន្ធ​ខែល​ការពារ​មី​ស៊ី​ល នៅ​តំបន់​កោះ​តៃវ៉ាន់ រួម​ជាមួយនឹង​ប្រព័ន្ធ​ខែល​ការពារ​មី​ស៊ី​ល របស់​ប្រទេស​កូរ៉េខាងត្បូង និង​ប្រទេស​ជប៉ុន គឺ​គ្រាប់​មី​ស៊ី​ល​របស់​ចិន នឹង​ជួប​ឧបសគ្គ​យ៉ាងធ្ងន់ធ្ងរ ឬក៏​លែងមាន​ប្រសិទ្ធភាព​តែម្តង ៕​