Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

វេទិកា​ទេសចរណ៍​ឣា​ស៊ាន​២០២៣ នឹង​ប្រារព្ធ​ធ្វើ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​នៅ​ដើមខែ​កុម្ភៈ

Views: 1

ដោយៈ​សុផល​/​ភ្នំពេញ​៖​ស្ថាប័ន​ជាតិ​ទេសចរណ៍​អាស៊ាន​នឹង​បានរៀបចំ​វេទិកា​ទេសចរណ៍​ឣា​ស៊ាន​២០២៣ (ATF 2023) និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ចាប់ពី​ថ្ងៃទី​១-៥ ខែកុម្ភៈ ឆ្នាំ​២០២៣ នៅ​ទីក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូណេស៊ី​។​នេះ​បើ​យោងតាម​​ប្រភព​ក្រសួង​​ទេសចរណ៍​នៅ​ល្ងាច​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២៣​នេះ​។​

លោក ថោង រដ្ឋ​សក្តិ អគ្គនាយក​អភិវឌ្ឍន៍​ទេសចរណ៍ និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ជា​ឧ​ត្ត​ម​មន្ត្រី​ស្ថាប័ន​ជាតិ​ទេសចរណ៍​កម្ពុ​ជានា​ថ្ងៃទី​៣១​ខែមករា​នេះ​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ចូលរួម​កិច្ចប្រជុំ​ស្ថាប័ន​ជាតិ​ទេសចរណ៍​អាស៊ាន​ក្នុង​វេទិកា​ទេសចរណ៍​ឣា​ស៊ាន​២០២៣​(រូបថតក្រសួងទេសចរណ៍)

​ប្រភព​ខាងលើ​បញ្ជាក់ថា លោក ថោង រដ្ឋ​សក្តិ អគ្គនាយក​អភិវឌ្ឍន៍​ទេសចរណ៍ និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ជា​ឧ​ត្ត​ម​មន្ត្រី​ស្ថាប័ន​ជាតិ​ទេសចរណ៍​កម្ពុ​ជានា​ថ្ងៃទី​៣១​ខែមករា​នេះ​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ចូលរួម​កិច្ចប្រជុំ​ស្ថាប័ន​ជាតិ​ទេសចរណ៍​អាស៊ាន​ក្នុង​វេទិកា​ទេសចរណ៍​ឣា​ស៊ាន​២០២៣​។​ប្រធាន​ស្ថាប័ន​ជាតិ​ទេសចរណ៍​នៃ​ប្រទេស​សមាជិក អាស៊ាន​ទាំង​១០​នឹង​ពិភាក្សា​លើ​ផែន​ការបន្ត​អនុវត្ត​ការងារ​កន្លងទៅ​ដែល​កើតចេញពី​សមិទ្ធផល​ក្នុងពេលដែល​កម្ពុជា​ជា​ប្រធាន​អាស៊ាន​កាលពី​ឆ្នាំ​២០២២ ដែល​រួមមាន​គំនិត​ផ្តួចផ្តើម​សំខាន់ៗ​មួយចំនួន​។​

​គំនិត​ផ្តួចផ្តើម​ទាំងនោះ​មានដូចជា​១.​សេចក្តីប្រកាស​ភ្នំពេញ​ស្តីពី​បរិវត្ត​កម្ម​ទេសចរណ៍​អាស៊ាន​។​២.​ការសម្រេច​ការសិក្សា ប្រកបដោយ​បរិ​យា​ប័ន្ន​លើ​ការអនុវត្ត​ការទទួល​ស្គាល់គ្នា​ទៅវិញទៅមក​លើ​អ្នកជំនាញ​ទេសចរណ៍​អាស៊ាន​។​៣. ការសម្រេច​ក្របខណ្ឌ​អាស៊ាន​ស្តីពី​ទេសចរណ៍ ប្រកបដោយ​ចីរភាព​ក្រោយ​វិបត្តិ​កូ​វីដ​-១៩​។​

​លោក ថោង រដ្ឋ​សក្ដិ បាន​បញ្ជាក់ថា កិច្ចប្រជុំ​ក៏​នឹង​ពិនិត្យ​សម្រេច​លើ​ចំណុច​សំខាន់ៗ​នៃ​សកម្មភាព​ទេសចរណ៍​អាស៊ាន និង​អនុម័ត​លើ​ឯកសារ​ពិធីសារ​មួយចំនួន​នៃ​កិច្ចប្រជុំ​គណៈកម្មការ​អាស៊ាន​ទាំង​បួន រួមមាន​៖១. កិច្ចប្រជុំ​ក្រុមការងារ​ភាពជា​ដៃគូ​ទីផ្សារ​ទេសចរណ៍​អាស៊ាន​,២.​កិច្ចប្រជុំ​គណៈកម្មការ​ពង្រឹង​ភាព​ប្រកួតប្រជែង​ទេសចរណ៍​អាស៊ាន​,៣. កិច្ចប្រជុំ​គណៈកម្មការ​ត្រួតពិនិត្យ​អ្នកជំនាញ​ទេសចរណ៍​អាស៊ាន និង​៤. កិច្ចប្រជុំ​គណៈកម្មការ​អភិវឌ្ឍន៍ ទេសចរណ៍​ប្រកបដោយ​និរន្តរភាព និង​បរិ​យា​ប័ន្ន​។​

​លោក​អគ្គនាយក​បា​នប​ន្ត​ទៀតថា ស្របពេល​ជាមួយ​កិច្ចប្រជុំ​ស្ថាប័ន​ទេសចរណ៍​ជាតិ​អាស៊ាន​លើក​ទី​៥៧ ក៏មាន​ការរៀបចំ​កិច្ចប្រជុំ​ពាក់ព័ន្ធ​មួយចំនួន​ដូចជា កិច្ចប្រជុំ​ស្ថាប័ន​ទេសចរណ៍​ជាតិ​អាស៊ាន​បូក​៣ (​ប្រទេស​ចិន ជប៉ុន និង​កូរ៉េ​) កិច្ចប្រជុំ​ស្ថាប័ន​ទេសចរណ៍​ជាតិ​អាស៊ាន​បូក​ឥណ្ឌា និង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ​មជ្ឈមណ្ឌល​អាស៊ាន​-​ចិន (ACC) មជ្ឈមណ្ឌល​អាស៊ាន​-​ជប៉ុន (AJC) មជ្ឈមណ្ឌល​អាស៊ាន​-​កូរ៉េ (AKC) អង្គការ​/​សមាគម​អន្តរជាតិ និង​ដៃគូ​អភិវឌ្ឍ​ដូចជា អង្គការ​ទេសចរណ៍​ពិភពលោក (UNWTO) ក្រុមប្រឹក្សា​ធ្វើដំណើរ​ទេសចរណ៍​ពិភពលោក (WTTC) សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក (PATA) សមាគម​ទេសចរណ៍​អាស៊ាន (ASEANTA) សមាគម​ស្រាវជ្រាវ​ទេសចរណ៍​អាស៊ាន (ATRA) ជាដើម​។​

​នៅ​ប្រទេស​ឥណ្ឌូនេស៊ី ក្នុងឱកាស​នោះ ប្រតិភូ​ក្រសួងទេសចរណ៍​ក៏​នឹងមាន​ជំនួប​ប្រជុំ​ទ្វេភាគី​ជាមួយ​ដៃគូ​អភិវឌ្ឍ​នានា ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​វិស័យ​ទេសចរណ៍​របស់​កម្ពុជា​។

​សូមបញ្ជាក់ថា ឆ្នាំ​២០២៣​នេះ វេទិកា​ទេសចរណ៍​អាស៊ាន (ATF 2023) ក្រោម​ប្រធានបទ អាស៊ាន​៖ ដំណើរ​ទៅកាន់​គោលដៅ​ដ៏​អស្ចារ្យ (ASEAN- A Journey to Wonderful Destinations) នឹងត្រូវ​ចូលរួម​ដោយ​មន្ត្រី​ទេសចរណ៍ ប្រធាន​ស្ថាប័ន​ជាតិ​ទេសចរណ៍​អាស៊ាន រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន ចិន ជប៉ុន សាធារណរដ្ឋ​កូរ៉េ ឥណ្ឌា រុស្សី និង​ប្រទេស​ជា​ដៃគូ​អភិវឌ្ឍន៍​មួយចំនួន​។ កម្ពុជា​ក៏បាន​សហការ​ជាមួយ​ផ្នែក​ឯកជន​កម្ពុជា​ក្នុងការ​រៀបចំ​និង​ចូលរួម​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ TRAVEX ដោយ​រំពឹងថា​នឹងមាន​ប្រតិភូ​ចូលរួម​ជាង​២,០០០​នាក់ មាន​ស្តង់​ពិព័រណ៍ (Booths) ចំនួន​២៥០ និង​អ្នកលក់ (Sellers) មកពី​៥០០​ក្រុមហ៊ុន និង​មាន​អ្នកទិញ (Buyers) ជាង​២៥០​ក្រុមហ៊ុន​ផងដែរ​។​

​ព្រម​ជាមួយគ្នានេះ កម្ពុជា​នឹង​ទទួល​ជ័យលាភី​រង្វាន់​ទេសចរណ៍​អាស៊ាន​២០២៣ ចំនួន​១៧​ពី​អាស៊ាន ក្រោម​ប្រភេទ​ស្តង់ដារ​អាស៊ាន​ចំនួន​បួន​ដែល​ត្រូវបាន​វាយតម្លៃ​ដោយ​ក្រុមការងារ​ជំនាញ​របស់​ក្រសួងទេសចរណ៍​ក្រោម​ការចង្អុលបង្ហាញ​ពី​លោក​រដ្ឋមន្ត្រី ថោង ខុន ដោយ​រាជធានី​-​ខេត្ត​ចំនួន​ប្រាំបី​នឹង​ទទួលបាន​ជ័យលាភី​រង្វាន់​ទេសចរណ៍​អាស៊ាន​ទាំង​១៧​នេះ​៕​សរន​

Post navigation